ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ព្រឹទ្ធ​សភា​១១​រូប​របស់​គណ​បក្ស​​សម​រង្ស៊ី ​ដើរ​ចេញពី​កិច្ច​ប្រជុំ​​ព្រឹទ្ធ​សភា​ ​ខណៈ​គ្មាន​ការ​គាំទ្រ​ក្នុង​គណៈ​កម្ម​ការ​នានា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​សមា​ជិក​ សមា​ជិកា​​ព្រឹទ្ធ​សភា​ចំនួន​១១​រូប​​មកពី​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី បានដើរ​ចេញពី​សម័យ​ប្រជុំ​ពេញ​​អង្គ​របស់​ព្រឹទ្ធ​សភា​កាលពី​ថ្ងៃទី​២៩ មីនា ២០១២ ​ខណៈ​ដែល​ខ្លួន​ដឹងថា ការ​រៀបចំ​បោះ​​ឆ្នោត​ជ្រើស​រើស​​ប្រធាន អនុ​ប្រធាន​គណៈ​កម្ម​ការ​ជំនាញ​នានា​របស់​ព្រឹទ្ធ​សភា​អាណត្តិ​​ថ្មី​នេះ​មិន​មាន​បេក្ខ​ជន​របស់​ខ្លួន​ត្រូវ​បាន​គាំទ្រ ។ ​មុន​កិច្ច​ប្រជុំ​​នេះ​តាម​គម្រោង​កូរ៉ុម​​ត្រូវ​មាន​ចំនួន​៥៥រូប​ បើ​ទោះ​បីជា​សមា​ជិក​នៃ​បក្ស​ប្រឆាំង​​បាន​ដើរ​ចេញពី​សម័យ​ប្រជុំ​​ក្តី​ក៏​កូរ៉ុម​​នៃ​កិច្ច​ប្រជុំ​​មាន​ចំនួន​៤៧​​រូបដែរ ​លើស​ពី​ពាក់​កណ្តាល ហើយ​កិច្ច​ប្រជុំ​បាន​​បន្ត​មិន​មាន​អ្វី​ប៉ះ​ពាល់​​រាំងស្ទះ​ទេ ។

​ពេល​ចាប់​ផ្តើម​បើក​​កិច្ច​ប្រជុំ​​លោក​សាយ ឈុំ ប្រធាន​​ព្រឹទ្ធ​សភា​ស្តី​ទី​បាន​ប្រកាស​ពី​របៀប​វារៈ​នៃ​​កិច្ច​ប្រជុំ គឺ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធាន​-អនុ​​ប្រធាន​គណៈ​កម្ម​ការ​ជំនាញ​នានា​របស់​ព្រឹទ្ធ​​សភា​នីតិ​កាល​ទី​៣ ។ អង្គ​ប្រជុំ​បាន​​យល់​ព្រម​ជា​ឯក​ច្ឆន្ទ​ចំពោះ​នីតិ​វិធី និងការ​កំណត់​ចំនួន​សមា​ជិក​នៃ​គណៈ​កម្ម​ការ​នីមួយៗ​មាន​​ត្រឹម​តែ​៥​រូប​យ៉ាង​ច្រើន​ដែល​បាន​ធ្វើ​ឱ្យ​សមា​ជិក​មក​ពី​គណបក្ស​​សម​រង្ស៊ី​មិន​មាន​ក្នុង​ការ​ទទួល​​បាន​តួនាទីណា​មួយ​ក្នុង​មុខ​តំណែង​​ជា​ប្រធាន​គណៈ​កម្ម​ការ ឬ​អនុ​ប្រធាន​គណៈ​កម្ម​ការ ។

កាលពី​វេលា​ម៉ោង​​៩​ព្រឹក​​ថ្ងៃទី​២៩ មីនា ២០១២ ​សមា​ជិក សមា​ជិកា​របស់គ​ណ​បក្ស​សម​រង្ស៊ី​​ចំនួន​១១​រូប​បាន​បង្ហាញ​ខ្លួន​ក្នុង​​សម័យ​​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​​សភា ហើយ​បន្ទាប់​មក​បាន​ដើរ​ចេញពី​សម័យ​ប្រជុំ​ជា​​លើក​ទី​១​នៅ​ក្នុង​សម័យ​​ប្រជុំ​លើក​ទី១ នីតិ​កាល​ទី៣ នៃ​ព្រឹទ្ធ​​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ បន្ទាប់​ពី​បាន​ចាក​ចេញ​​ពី​​កិច្ច​ប្រជុំ​​ព្រឹទ្ធ​សភា​មក​ ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​សន្និ​សីទ​​កាសែត​​នៅ​ខាង​ក្រៅ​​បន្ទប់​ប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក​គង់ គាំ ប្រធាន​​​ស្តីទី​គណបក្ស សម រង្ស៊ី ។

​លោកគង់​ គាំ បាន​ថ្លែង​​​ថា ​ចំពោះ​​​ប្រទេស​​​​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​​​ ការ​អនុវត្តន៍​​នៅ​ក្នុង​ព្រឹទ្ធសភា ​​ក៏ដូចជា​ក្នុង​រដ្ឋ​​​សភា​គណបក្ស​​​ប្រជា​ជន​កម្ពុជា គួរណាស់​តែចេះ​​ចែករំលែក​​​នូវ​ប្រធាន ​ ឬ​អនុប្រធាន​​ណាមួយ​​ដល់គណបក្ស​​​​ដែល​បាន​ជាប់ឆ្នោត​​​​​​ បើទោះ​​​បីជា​មិន​​បាន​ជាប្រធាន​​ព្រឹទ្ធ​សភា​​​ ឬ​អនុប្រធាន​ទី១ក្តី ។ ​​​​ការ​មិន​​ចែករំលែក​​​នេះ បានបង្ហាញ​​​​ដល់​មតិជាតិ និង​​អន្តរ​ជាតិ​​យ៉ាង​ច្បាស់​ថា ស្ថាប័ន​​នីតិ​​ប្បញ្ញតិ​ទាំង​ពី​ររបស់​រដ្ឋ​ (រដ្ឋ​​​សភា និងព្រឹទ្ធសភា​​) ដឹកនាំ​ដោយ​គណបក្ស​​​តែ​មួយ​​ និងអនុវត្ត​​​ច្បាប់​​​ដោយគណបក្ស​​​​តែមួយ គឺ​​គណបក្ស​​​ប្រជាជនកម្ពុជា​នេះ​ឯង ។

​សមាជិក​ព្រឹទ្ធសភា​​​​មកពីគណបក្ស​​​ប្រជា​ជន​​កម្ពុជា ​លោកជា ជេដ្ឋ ​​​បានថ្លែងថា ​បើទោះ​បីជា​មាន​​​​ការ​ចាក​ចេញ​​​ពីសម័យប្រជុំ​​​របស់គណបក្ស​​​សម រង្ស៊ី ​​ក្តី ​​ក្រុម​អ្នក​តំណាង​រាស្ត្រ​​មកពីគណ​បក្ស​​​​ប្រជាជន​កម្ពុជា នៅតែ​បន្តកិច្ច​​​ប្រជុំ​​ដដែល​ ​ដោយ​បោះឆ្នោត​​ដំណើរ​ការ​ទៅតាម​របៀបវារៈ​​ ដែល​បាន​​គ្រោង​ទុក​​​ ។​ សមា​ជិក​គណបក្ស​សម រង្ស៊ី ​​​បានដើរ​ចេញពី​​​កិច្ច​ប្រជុំ​​​មែន តែ​​គណបក្ស​​​នេះ​នៅ​មាន​បេក្ខជន​របស់ខ្លួន​​នៅក្នុង​​គណៈ​កម្ម​ការ​ទី៧​​​ និងគណៈ​​កម្ម​ការ​ទី៨​ ផង​ដែរ៕