រាជធានីភ្នំពេញ ៖ កិច្ចពិភាក្សា ត្រីភាគីថ្នាក់ជាតិរយៈពេលពីរថ្ងៃនេះបានធ្វើឡើងនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨និង២៩ មីនា ២០១២ ដែលកិច្ចពិភាក្សានេះគឺជាផ្នែកមួយរបស់គំរោងអង្គការពលកម្មអន្តរជាតិ (ILO) សហភាពអឺរ៉ុប (European Union) សំដៅជួយរៀបចំឲ្យមានការផ្សាភ្ជាប់កិច្ចគាំពារសង្គមទៅនឹងគោលនយោបាយការងារ ដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំដោយក្រសួងការងារ និងមានកិច្ចសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ព្រមទាំងសហភាពអឺរ៉ុប (EU) និងមានការចូលរួមពីរដ្ឋាភិបាលតំណាងនិយោជិត តំណាងកម្មករ ដើម្បីពិភាក្សាទៅលើគម្រោងសកម្មភាពឈានទៅរកការប្រមូលគំនិតយោបល់ពីដៃគូពិភាក្សា។
លោកហេលមូត ច្វាហ្សើ (Helmut Schwarzer) ប្រធានគម្រោងអង្គការពលកម្មអន្តរជាតិ (ILO-EU) សហភាពអឺរ៉ុបបានមានប្រសាសន៍ថា «ចំណុចសំខាន់ពីរដែលកម្ពុជាត្រូវខំពុះពារគឺគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការពង្រឹងកិច្ចគាំពារសង្គម ។ ការពុះពារមួយទៀត គឺការរៀបចំយុទ្ធសាស្រ្តការងារ» ។ លោកបានបន្ថែមថា «ការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មករ និងនិយោជិតនៅលើតុពិភាក្សា គឺជាការសំខាន់មួយ ដើម្បីបង្កើតឱ្យមានបរិយាកាសនយោបាយ និងសង្គមកាន់តែទូលាយក្នុងការជួយឲ្យមានគោលនយោបាយទាំងនេះនាពេលអនាគត» ។
កិច្ចពិភាក្សានាពេលនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុទ្ធសាស្ត្រជាតិគាំពារសង្គមដល់ជនក្រីក្រ និងងាយរងគ្រោះ ដែលមានរួចមកហើយជាមួយនឹងយុទ្ធសាស្រ្តការងារ រិះរកវិធី ដើម្បីបញ្ចូលកម្មករដែលកំពុងធ្វើការមិនជាក់លាក់ឱ្យមានការងារជាក់លាក់ រកវិធីសាស្រ្តក្នុងការបង្កើនគុណភាពមុខរបរនៅកម្ពុជា និងរិះរកយន្តការសម្របសម្រួលណាមួយដែលអាចធ្វើការជាមួយក្រសួងនានាគ្រប់ជាន់ថ្នាក់ ដើម្បីសម្រេចបានកិច្ចគាំពារសង្គម និងគោលនយោបាយការងារ៕
ចែករំលែកព័តមាននេះ