ខេត្តរតនគិរី ៖ ជនសង្ស័យចោរបាញ់ប្លន់ដណ្តើមយកខ្សែ.ក និងកាបូបប្រាក់ពីស្ត្រីលក់គ្រឿងទេសនៅខេត្តរតនគិរី កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានប៉ូលិសស្នងការដ្ឋានខេត្តរតនគិរី សហការជាមួយប៉ូលិសស្នងការដ្ឋានខេត្តក្រចេះស្ទាក់ចាប់បានម្នាក់ហើយកាលពីថ្ងៃទី ២៦ មីនា ២០១២ វេលាម៉ោង១និង៣០នាទីរសៀលខណៈគេសម្ងំលាក់ខ្លួនក្នុងផ្ទះនៅឯស្រុកកំណើត បន្ទាប់ពីបើកការស្រាវជ្រាវយ៉ាងក្តៅគគុករយៈពេល២-៣ថ្ងៃកន្លងមកនេះ ។
ជនសង្ស័យដែលឃាត់ខ្លួនក្នុងករណីប្លន់នេះឈ្មោះសាន សិដ្ឋ គឺចាប់បានពេលសម្ងំលាក់ខ្លួនក្នុងផ្ទះស្ថិតក្នុងភូមិបឹងរី ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ស្រុកកំណើតជនសង្ស័យ)ជាប់ព្រំប្រទល់ខេត្តកំពង់ចាម។ នៅព្រឹកថ្ងៃទី២៨ មីនា ២០១២នេះ ប៉ូលិសខេត្តក្រចេះ កំពុងសួរចម្លើយជនសង្ស័យខាងលើ បន្ទាប់មកនឹងបញ្ជូនទៅឱ្យប៉ូលិសស្នងការដ្ឋានខេត្តរតនគិរីវិញ ព្រោះជនសង្ស័យធ្វើសកម្មភាពប្លន់ក្នុងទឹកដីខេត្តរតនគិរី ។
គួររំលឹកថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពប្លន់អ្នកលក់គ្រឿងទេសកាលពីថ្ងៃទី២២ មីនា ២០១២ វេលាម៉ោង៥ល្ងាចនៅចំណុចទួលបឹងកំសាន ភូមិ៧ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយដណ្តើមយកខ្សែ.កមាស និងកាបូបប្រាក់ ហើយបាញ់ស្ត្រីម្ចាស់ផ្ទះឱ្យរងរបួស២កន្លែង ប៉ុន្តែយកទ្រព្យសម្បត្តិមិនបានសម្រេចទេ ។ ស្ត្រីរងគ្រោះមានឈ្មោះសុខ ហ៊ាង អាយុ៣៧ឆ្នាំ មុខរបរលក់គ្រឿងទេស និងសាំងដប មានប្តីឈ្មោះហ៊ា គឹម អាយុ៤៤ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ ស្ត្រីរងគ្រោះត្រូវរបួសមួយក្រាប់ចំក្បាលពោះបៀមគ្រាប់ និងរបួសដៃដោយគ្រាប់កាំភ្លើងអាកា និងបាញ់ប្តីមួយគ្រាប់បន្ថែមទៀត សំណាងល្អអត់ត្រូវ៕
ចែករំលែកព័តមាននេះ