ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​​ធ្វើ​ជា​ជួយ​​គ្រា​ហ៍​មនុស្ស​ចាស់​​ឡើង​រថយន្ត​បន្លំ​លួច​កាបូប​​ត្រូវ​ចាប់​ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ត្រូវ​បាន​ប្រជា​ពល​រដ្ឋនាំគ្នាចាប់​ខ្លួនប្រគល់​ឱ្យ​​សមត្ថ​កិច្ច​ បន្ទាប់​ពី​​ប្រើ​ល្បិច​​ធ្វើជាជួយ​គ្រាហ៍​មន្ត្រី​នគរ​បាល​​ចូល​និវត្តន៍​ម្នាក់​ឡើងរថយន្ត ហើយបន្លំលួចយក​កាបូប។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ មីនា​នៅ​ចំណុច​​ផ្ទះ​លក់​គ្រឿង​ម៉ាស៊ីន​ ស្ថិត​នៅ​ផ្ទះលេខ​២២១សេ ផ្លូវ​លេខ១៨២ ខាងលិច​ស្តុប​ទេពផន សង្កាត់​​ទឹក​ល្អក់​ទី២ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះប៊ុន ខន អាយុ៤៦ឆ្នាំ មានលំនៅ​ផ្ទះ​ជួល​តាម​ផ្លួវរទេះ​ភ្លើង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែក​ម្ចាស់​កាបូប​ឈ្មោះម៉ិល មឿន ភេទ​ប្រុស អាយុ៧៥ឆ្នាំ ជាមន្ត្រី​​នគរ​បាល​​ចូលនិវត្តន៍​មាន​លំនៅ​ផ្ទះលេខ​៥៨ ផ្លូវលេខ៣៦០ សង្កាត់​បឹង​កេង​កងទី៣ ខណ្ឌ​ចំការមន។ តាមសំដីឈ្មោះ​ម៉ិល សុភ័ក្រ្ត ត្រូវ​ជាកូន​ប្រុស​ម្ចាស់​កាបូបបាន​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​ឪពុក​របស់ខ្លួនរួម​ទាំង​បង​ថ្លៃស្រី​បាន​ជិះរថយន្តម៉ាក​វីហ្គោ ពណ៌ខ្មៅ ធ្វើ​ដំណើរ​មក​រក​ទិញ​គោ​យន្ត​​ក្នុងគោល​បំណង​យក​ទៅភ្ជួរ​ដី​​ធ្វើស្រែនៅខេត្ត​ពោធិ៍​សាត់។ នៅ​ពេល​ទិញ​បាន​ក៏​រៀបចំ​ដាក់លើ​រថយន្ត​ប្រុង​ចាក​ចេញទៅផ្ទះ ស្រាប់​តែជន​សង្ស័យបាន​មក​ជួយ​គ្រាហ៍​ឪពុក​របស់​ខ្លួន​ឡើង រថយន្ត និងជួយ​បើកទ្វារ ហើយ​បន្លំលូក​ហោប៉ាវ​លួច​យក​កាបូប ហើយរត់​ឡើង​ជិះ​ម៉ូតូបក្ស​ពួក​ម្នាក់​ទៀត​ដែ​ល​​បញ្ឆេះចាំ​ជា​ស្រេច។ ពេល​ឃើញ​​ជន​សង្ស័យ​រត់ឡើង​ម៉ូតូ​ខ្លួន​បានរត់ទៅចាប់ទាញទម្លាក់​មក​វិញ ហើយ​​នាំគ្នា​​ចាប់ខ្លួន​​​ប្រគល់ទៅ​ឱ្យ​នគរបាល​ប៉ុស្តិ៍ទឹក​ល្អក់ទី២ ចាត់​ការ​តាមច្បាប់។ ម៉ិល សុភ័ក្ត្រ បាន​ឱ្យដឹងថា ក្នុងកាបូបមានប្រាក់​ចំនួន​៨​ម៉ឺនរៀល​អត្ត​សញ្ញាណ​​ប័ណ្ណ១សន្លឹក និង​ប័ណ្ណ​បើក​​ប្រាក់១​សន្លឹក។

ជនង្ស័យបាន​សារភាព​ថា កន្លងមក ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​លូក​ហោប៉ៅ​យក​កាបូប​ចំនួន​៥​លើកមកហើយ​ដោយប្រើរូបភាពធ្វើជាជួយ​គ្រាហ៍​គេចូល​រថយន្ត ឬពេល​មាន​គ្រោះថ្នាក់​ចរា​ចរណ៍​ ឬ​ស្រវឹងដួល​ធ្វើជាទៅជួយ​ហើយ​ធ្វើ​សកម្ម​ភាព​លួចតែម្តង៕