រាជធានីភ្នំពេញ ៖ សហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្តីខ្មែរក្រហម បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៦ មីនា ដែលជាការបកស្រាយឆ្លើយតបទៅនឹងការថ្លែងរបស់លោក Laurant Kasper Ansermet សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិជនជាតិស្វ៊ីស ដែលពេលនេះលោកបានលាលែងពីតំណែងទៅហើយ ។ វត្ថុបំណងនៃសេចក្តីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតជាតិនេះ បានអះអាងថា ដើម្បីចៀសវាងការភ័ន្តច្រឡំនានាពីសាធារណជន ចំពោះដំណើរការរបស់សាលាក្តី ។
ការប្រកាសព័ត៌មានរបស់សហចៅក្រមសើុបអង្កេតជាតិបានលាតត្រដាងថា នាថ្ងៃទី១៩ មីនា ឆ្នាំ២០១២ លោកសហចៅក្រមសើុបអង្កេតបម្រុងអន្តរជាតិបានធ្វើសេចក្តីប្រកាសព័ត៌មានមួយ និងដាក់ឯកសារមួយចំនួនជាសាធារណៈ ដែលតម្រូវឱ្យមានការបកស្រាយពីសំណាក់សហចៅក្រមស៊ើបអង្កេតជាតិនូវចំណុចដែលទាក់ទងទៅនឹងការិយាល័យនេះ ដើម្បីជៀសវាងនូវការភ័ន្តច្រឡំនានាពីសាធារណជន ។
១-ការមិនទទួលស្គាល់ ឬគាំទ្រនូវជំហររបស់ចៅក្រម Laurent Kasper-Ansermet ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិ មុនមកដល់ទីក្រុងភ្នំពេញ លោកចៅក្រមបម្រុង បានផ្ញើសារអេឡិចត្រូនិកមកសហចៅក្រមជាតិ នាថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១១ ដោយស្នើសុំជួបសហចៅក្រមជាតិនៅ អ.វ.ត.ក ដើម្បីពិភាក្សាអំពីចំណាត់ការនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿង០០៣ និង០០៤ និងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាជំទាស់មិនឱ្យគាត់មកកាន់ព្រះរាជាណាចក្រកម្ពុជាទេ ដែលសហចៅក្រមស៊ើបអង្កេតជាតិជឿថា ការលើកឡើងរបស់គាត់គឺជាការបំផ្លើសដោយហេតុថា ប៉ុន្មានថ្ងៃបន្ទាប់ពីនោះគាត់ក៏មកអង្គុយនៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតនៃ អ.វ.ត.ក ។ ភ្លាមៗពេលមកដល់ នាថ្ងៃទី២ ធ្នូ ឆ្នាំ២០១១ លោកចៅក្រមបានផ្ញើជូនសហចៅក្រមស៊ើបអង្កេតជាតិនូវសេចក្តីព្រាងដីកាសម្រេចស្តីអំពីការបើកការស៊ើបអង្កេតបឋមសំណុំរឿង ០០៣ឡើងវិញ ដោយមិនទាន់ទាំងបានជួបជជែកពិភាក្សាម្តងណាសោះ ។ នាថ្ងៃទី៥ ធ្នូ ឆ្នាំ២០១១ សហចៅក្រមជាតិបានជួបជាមួយនឹងលោកចៅក្រម Laurent Kasper Ansermet ដោយបានគូសបញ្ជាក់ទៅគាត់ថា «ខ្ញុំមិនអាចនឹងពិភាក្សាអំពីសំណុំរឿង ឬធ្វើចំណាត់ការនីតិវិធីណាមួយជាមួយលោកចៅក្រមបម្រុងឡើយ ក្នុងករណីដែលតំណែងសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅទំនេរ ព្រោះថាស្របតាមគោលការណ៍ដែលមានចែងនៅក្នុងវិធានផ្ទៃក្នុងមាត្រា២៦ និងមាត្រា២៧ នៃច្បាប់ស្តីពីការបង្កើត អ.វ.ត.ក មាត្រា ៣ និងមាត្រា ៥.៦ នៃកិច្ចព្រមព្រៀងតម្រូវឱ្យមានការតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិជាចៅក្រមពេញសិទ្ធិ ដែលនេះជាការអនុវត្តដូចគ្នាទៅនឹងសហចៅក្រមស៊ើបអង្កេត Siegfried Blunk នៅពេលដែលជំនួសលោកចៅក្រម Marcel Lemonde ។ ដូចនេះលោកចៅក្រមបម្រុងគួររង់ចាំការតែងតាំងជាចៅក្រមពេញសិទ្ធិជាមុនសិន ។ ម្យ៉ាងវិញទៀត ចំណាត់ការតាមបែបប្រញាប់ប្រញាល់របស់សហចៅក្រមបម្រុងមិនផ្តល់អ្វីជាផលប្រយោជន៍រួមនៃសំណុំរឿង ០០៣ និង០០៤ ក៏ដូចជាការិយាល័យសហចៅក្រមស៊ើបអង្កេតទាំងមូលនោះឡើយ ហើយលោកចៅក្រមបម្រុងគួរតែយកពេលវេលារង់ចាំនេះសិក្សាសំណុំរឿងសិន ព្រោះថាសំណុំរឿងមានឯកសារមូលដ្ឋានច្រើនណាស់ ហើយក៏ត្រូវស្វែងយល់អំពីនីតិវិធីអនុវត្តនៅ អ.វ.ត.ក ផងដែរ ដូចជាឯកសាររបស់លោកដែលប្រើពាក្យថា សុំបើក«ការអង្កេតបឋម»ឡើងវិញនេះ មិនត្រឹមត្រូវទេ ព្រោះថានីតិវិធីអង្កេតបឋម គេប្រើតែក្នុងដំណាក់កាលព្រះរាជអាជ្ញាប៉ុណ្ណោះ ចំណែកនៅ ដំណាក់កាលសហចៅក្រមស៊ើបអង្កេត គេប្រើ«នីតិវិធីនៃការស៊ើបសួរ» ។ លោកសហចៅក្រមបម្រុង Laurent Kasper Ansermet បានទទួលស្គាល់ថា ខ្លួនមិនទាន់បានពិនិត្យមើលសំណុំរឿងនៅឡើយ ប៉ុន្តែការស្នើភ្លាមៗនូវការបើកការស៊ើបអង្កេតឡើងវិញក្នុងសំណុំរឿង ០០៣ នេះ ព្រោះខ្លួនបារម្ភខ្លាចសហចៅក្រមស៊ើបអង្កេតជាតិផ្ញើនូវដីកាបញ្ជូនរឿងទៅពិនិត្យមូលទៅសហព្រះរាជអាជ្ញា ។ ជាការឆ្លើយតប សហចៅក្រមស៊ើបអង្កេតជាតិបានបំភ្លឺថា «ដីកាបញ្ជូនរឿងទៅពិនិត្យមូលនេះ ត្រូវបានព្រាងដោយសហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ Siegfried Blunk យូរខែណាស់មកហើយ ប៉ុន្តែនាពេលដែលចៅក្រម Blunk នៅកាន់តំណែង យើងមិនទាន់អាចចុះហត្ថលេខាលើដីកានោះបាន ដោយហេតុថា មានភាពយឺតយ៉ាវ ដែលគ្មានការពន្យល់ហេតុផលណាមួយសមស្របក្នុងការសម្រេចរបស់អង្គបុរេជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ។ នាពេលនេះ ដោយហេតុថា មិនទាន់មានសហចៅក្រមស៊ើបអង្កេតអន្តរជាតិដែលមាននីតិសម្បទាក្នុងការសម្រេចសេចក្តីជាមួយសហចៅក្រមជាតិលើបញ្ហាដីកាបញ្ជូនរឿងទៅពិនិត្យនេះ ទើបសហចៅក្រមស៊ើបអង្កេតជាតិមិនអាចបញ្ជូនដីកានេះទៅសហព្រះរាជអាជ្ញាបាន ហើយក៏មិនប្រញាប់ប្រញាល់បំពេញកិច្ចនាំឱ្យខុសនីតិវិធីឡើយ » ។
ដោយហេតុថា លោកចៅក្រមបម្រុង Laurent Kasper Ansermet នៅតែចចេស និងទាមទារឱ្យមានការឆ្លើយតបជាលាយលក្ខណ៍អក្សរ សហចៅក្រមជាតិបានធ្វើអនុស្សរណៈផ្ទៃក្នុងមួយជូនលោកចៅក្រមបម្រុង ដោយបានបញ្ជាក់ច្បាស់ជាថ្មីម្តងទៀតថា «អំពីការចាប់ផ្តើមចំណាត់ការនីតិវិធីដែលខ្ញុំអាចពិភាក្សាជាមួយលោកចៅក្រមបាន គឺក្រោយពេលមានការតែងតាំងលោកចៅក្រមដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាសិន ។ នេះគឺជាភាពត្រឹមត្រូវតាមច្បាប់ និងដូចគ្នាទៅនឹងការងារមុនៗដែលអនុវត្តរវាងខ្ញុំ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិមុនៗ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានតបរបស់ខ្លួនចុះថ្ងៃទី៦ ធ្នូ ឆ្នាំ២០១១ និងសេចក្តីប្រកាសព័ត៌មានតបជាបន្តបន្ទាប់ សហចៅក្រមស៊ើបអង្កេតជាតិនៅតែរក្សានូវគោលជំហរនេះរហូត ។
ការរក្សានូវគោលជំហរក្នុងការបកស្រាយវិធានច្បាប់ស្តីពីការបង្កើត អ.វ.ត.ក និងកិច្ចព្រមព្រៀងគឺជាការបញ្ចេញនូវគោលជំហររបស់ចៅក្រមវិជ្ជាជីវៈម្នាក់តែប៉ុណ្ណោះ មិនមែនជាការប្រឆាំងទៅនឹងសហចៅក្រម Laurent Kasper Ansermet ទេ ។ ជាក់ស្តែងនាពេលថ្មីៗ នេះ សហចៅក្រមស៊ើបអង្កេតជាតិបានអញ្ជើញសហចៅក្រមស៊ើបអង្កេតបម្រុងទៅពិសាអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ដែលអាហារពេលល្ងាចនេះត្រូវបានលោកចៅក្រម Laurent Kasper Ansermet ចាត់ទុកថា ជាការជួបប្រជុំក្រៅផ្លូវការនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក ។
២-ការខ្វែងយោបល់គ្នាស្របតាមវិធាន ៧២
បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី៥ ធ្នូ ឆ្នាំ២០១១ លោកសហចៅក្រមស៊ើបអង្កេតបម្រុង Laurent Kasper Ansermet បានដាក់នូវការខ្វែងយោបល់គ្នាលើកិច្ចនីតិវិធីក្នុងសំណុំរឿង ០០៣ និង០០៤ ជាបន្តបន្ទាប់មកសហចៅក្រមជាតិ ដោយមិនមានការពិគ្រោះយោបល់ ឬពិភាក្សាអ្វីឡើយ ដោយគ្រាន់តែសំអាងលើអនុស្សរណៈផ្ទៃក្នុងរបស់សហចៅក្រមស៊ើបអង្កេតជាតិចុះថ្ងៃទី៥ ធ្នូ ឆ្នាំ២០១១ តែប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះលោកសហចៅក្រមស៊ើបអង្កេតបម្រុង បានធ្វើការប្រកាសព័ត៌មានជាសាធារណៈដោយរំលោភលើវិធាន៥៦ ម្តងហើយម្តងទៀត ដោយមិនមានការពិភាក្សាជាមួយសហចៅក្រមសើុបអង្កេតជាតិឡើយ ។
ជាការឆ្លើយតប សហចៅក្រមស៊ើបអង្កេតជាតិបានធ្វើសេចក្តីប្រកាសព័ត៌មានបន្តបន្ទាប់ដើម្បីចៀសវាងការភ័ន្តច្រឡំនានា ក្នុងមតិសាធារណៈ និងបានបញ្ជាក់ច្បាស់លាស់នូវគោលជំហររបស់ខ្លួន ក៏ដូចជារំលឹកដាស់តឿនលោកសហចៅក្រមបម្រុងអន្តរជាតិអំពីកំហុសឆ្គងរបស់គាត់ ។
ដោយនៅតែទទួលបានជាបន្តបន្ទាប់នូវកំណត់ហេតុខ្វែងយោបល់ពីសហចៅក្រមបម្រុងអន្តរជាតិ សហចៅក្រមស៊ើបអង្កេតជាតិបានបង្គាប់ទៅក្រឡាបញ្ជីជាតិ និងជំនួយការរដ្ឋបាលថា ឈប់ទទួលឯកសារពីសហចៅក្រមបម្រុងអន្តរជាតិ ដែលជាឯកសារខ្វែងយោបល់ ដោយហេតុថាសហចៅក្រមស៊ើបអង្កេតជាតិមិនដែលពិភាក្សាអំពីកិច្ចនីតិវិធីណាមួយជាមួយលោកសហចៅក្រមស៊ើបអង្កេតបម្រុងឡើយ ហើយក៏គ្មានការខ្វែងយោបល់គ្នាអំពីកិច្ចនីតិវិធីណាមួយដែរ ។ លើសពីនេះ នាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១២ សហចៅក្រមជាតិបានផ្ញើលិខិតមួយក្រោមទម្រង់ជាលិខិតសម្ងាត់ទៅសហចៅក្រមបម្រុងដើម្បីជាការដាស់តឿនក៏ដូចជាបញ្ជាក់ជាថ្មីនូវគោលជំហររបស់សហចៅក្រមស៊ើបអង្កេតជាតិ ព្រមទាំងការទាមទារឱ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះរបស់សហចៅក្រមជាតិទាក់ទិនទៅនឹងទង្វើ ឬកិច្ចនានាដែលធ្វើឡើងជាឯកតោភាគីរបស់សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ។
ចំពោះចំណុចនេះ សហចៅក្រមស៊ើបអង្កេតជាតិ សូមគូសបញ្ជាក់ឱ្យសាធារណជនបានជ្រាបច្បាស់ថា ពាក្យខ្វែងយោបល់អំពីកិច្ចនីតិវិធី ដោយយោងតាមវិធាន៧២ នៃវិធានផ្ទៃក្នុង គឺគ្មានទាល់តែសោះ ប៉ុន្តែការជំទាស់របស់សហចៅក្រមស៊ើបអង្កេតជាតិនៅក្នុងករណីនេះ គឺដោយសារតែលោក Laurent Kasper Ansermet គ្មាននីតិសម្បទាតាមផ្លូវច្បាប់ ហើយវិធានផ្ទៃក្នុង និងច្បាប់ក៏មិនបានបញ្ញតិ្តបម្រុងទុកក្នុងករណីនេះដែរ ដូច្នេះត្រូវដោះស្រាយបញ្ហានេះជាមុនសិន ។ សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិមិនគួរណាយកយោបល់របស់ចៅក្រមណាមួយ ដែលមិនមែនជាអង្គដោះស្រាយបញ្ហានេះ មកអះអាងដើម្បីធ្វើកិច្ចដោយមិនបានពិចារណាដល់វិធានច្បាប់ និងការអនុវត្តកន្លងមកនោះឡើយ ។
៣-ការបដិសេធមិនដាក់ឯកសាររបស់សហចៅក្រមស៊ើបអង្កេតបម្រុងចូលក្នុងសំណុំរឿង
ជាគោលការណ៍ សហចៅក្រមស៊ើបអង្កេតគឺជាម្ចាស់ និងជាអ្នកគ្រប់គ្រងសំណុំរឿងស៊ើបសួរគ្មានឯកសារនៃសំណុំរឿងណាមួយអាចត្រូវបានដាក់ដោយគ្មានការឯកភាពពីសហចៅក្រមស៊ើបអង្កេតទាំងពីរឡើយ ។ ដោយហេតុថា លោក Laurent Kasper Ansermetមិនមាននីតិសម្បទាក្នុងការសម្រេចអំពីការដាក់ឯកសារចូលក្នុងសំណុំរឿងនេះ សហចៅក្រមស៊ើបអង្កេតជាតិមិនបានសម្រេចឱ្យដាក់ឯកសារណាមួយចូលក្នុងសំណុំរឿងឡើយចាប់តាំងពីពេលដែលចៅក្រម Siegfried Blunk ចាកចេញទៅ លើកលែងតែពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលបានទទួលក្នុងរយៈពេលចៅក្រម Blunk កាន់តំណែង ដោយហេតុថា មានការឯកភាពរវាងសហចៅក្រមជាតិ និងលោកចៅក្រម Blunk ឱ្យដាក់ពាក្យសុំទាំងនេះចូលក្នុងសំណុំរឿង ។ ហេតុដូចនេះ ក្នុងនាមជាចៅក្រមពេញសិទ្ធិ និងជាអ្នកគ្រប់គ្រងសំណុំរឿងស៊ើបសួរមួយរូប សហចៅក្រមស៊ើបអង្កេតជាតិ មិនអនុញ្ញាតឱ្យមានការកែប្រែនូវស្ថានភាពណាមួយនៃសំណុំរឿងដែលធ្វើឡើងដោយសហចៅក្រមបម្រុងដែលមិនមានសិទ្ធិនោះទេ ។ នៅក្នុងបរិបទនេះហើយ ដែលលោកសហចៅក្រមបម្រុង Laurent Kasper Ansermet បានបើកការស៊ើបសួរអំពីការជ្រៀតជ្រែកក្នុងកិច្ចការតុលាការនៃវិធាន៣៥ ប្រឆាំងទៅនឹងមន្ត្រីគ្រប់គ្រងសំណុំរឿង និងប្រធានផ្នែកគ្រប់គ្រងតុលាការ ដោយហេតុថា ពួកគេអនុវត្តតាមបញ្ជារបស់សហចៅក្រមស៊ើបអង្កេតជាតិ ដែលតម្រូវមិនឱ្យមានការកែប្រែស្ថានការណ៍សំណុំរឿង ដរាបណាមានសេចក្តីសម្រេចតុលាការដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិនៃវិធានផ្ទៃក្នុង ច្បាប់ស្តីពីការបង្កើត អ.វ.ត.ក និងកិច្ចព្រមព្រៀង ។ ការបើកការស៊ើបសួរក្រោមវិធាន៣៥ នេះត្រូវបានធ្វើឡើងផងដែរប្រឆាំងនឹងប្រធានក្រុមអ្នកច្បាប់ជាតិ នៃការិយាល័យសហចៅក្រមស៊ើបអង្កេត ដោយគ្រាន់តែគាត់ពាំនាំនូវបញ្ជារបស់សហចៅក្រមជាតិទៅកាន់ផ្នែកគ្រប់គ្រងតុលាការតែប៉ុណ្ណោះ ។ ការប្តឹងនេះមិនចំណេញអ្វីដល់សំណុំរឿងឡើយ បន្តែវាជាការគំរាមកំហែងយ៉ាងច្បាស់លាស់ទៅនឹងមន្ត្រីណាដែលជំទាស់នឹងបញ្ជារបស់សហចៅក្រមស៊ើបអង្កេតបម្រុង បើទោះបីជាបញ្ហាទាំងនោះត្រូវបានអនុវត្តរួចរាល់ហើយដោយបុគ្គលិកនៅក្នុងការិយាល័យរដ្ឋបាលក៏ដោយ ។
៤-ការបដិសេធមិនឱ្យមេធាវីដើមបណ្តឹងចូលមើលសំណុំរឿងបន្ទាប់ពីមានដីកាទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណី
ដោយហេតុថា សហចៅក្រមស៊ើបអង្កេតបម្រុងមិនមាននីតិសម្បទានៅក្នុងបំពេញកិច្ចនីតិវិធី ដូចនេះអ្វីដែលសហចៅក្រមបម្រុងនេះសម្រេចក៏គ្មានសុពលភាពដែរ ។ ហេតុដូចនេះ ការបដិសេធរបស់មន្ត្រីគ្រប់គ្រងតុលាការ គឺជាការត្រឹមត្រូវ ដោយហេតុថា ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីរបស់លោក Rob Hamill ត្រូវបានបដិសេធដោយសហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រម Siegfried Blunk រួចហើយ ហើយអង្គបុរេជំនុំជម្រះក៏បានសម្រេចលើបណ្តឹងឧទ្ធរណ៍នេះផងដែរ ។
ចំណែកឯការភ្ជាប់បញ្ហានេះទៅនឹងការហាមឃាត់មិនឱ្យប្រធានក្រុមអ្នកច្បាប់អន្តរជាតិចូលក្នុងការិយាល័យនៃផ្នែកគ្រប់គ្រងតុលាការ គឺជាការបំផ្លើសទាំងស្រុង ដោយហេតុថា នៅក្នុងសារអេឡិកត្រូនិក ចុះថ្ងៃទី២ មីនា ឆ្នាំ២០១២ ដែលផ្ញើទៅប្រធានក្រុមអ្នកច្បាប់អន្តរជាតិ និងចម្លងជូនសហចៅក្រមស៊ើបអង្កេតជាតិ សហចៅក្រមបម្រុង និងប្រធានស្តីទី និងអនុប្រធានការិយាល័យរដ្ឋបាល ប្រធានផ្នែកគ្រប់គ្រងតុលាការបានបញ្ជាក់ច្បាស់អំពីទង្វើអសីលធម៌ និងគ្មានវិជ្ជាជីវៈរបស់ប្រធានក្រុមអ្នកច្បាប់អន្តរជាតិ ។ ទង្វើអសីលធម៌ និងភាពគ្មានវិជ្ជាជីវៈនេះមិនមានអ្វីចម្លែកទេចំពោះសហចៅក្រមស៊ើបអង្កេតជាតិ ដោយហេតុថា សហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រម Siegfried Blunk បានប្តឹងទៅមន្ត្រីរបស់អង្គការសហប្រជាជាតិចំនួនពីរដងហើយចំពោះទង្វើអសីលធម៌របស់ប្រធានក្រុមអ្នកច្បាប់អន្តរជាតិនេះ ដោយសារគាត់បានហៅចៅក្រម Siegfried Blunk ពីក្រោយខ្នងថា «Connard=Damn Fool or Jackass» ។
នៅក្នុងករណីនេះ សហចៅក្រមស៊ើបអង្កេតជាតិ បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់លោកចៅក្រម Siegfried Blunk ដែលបានលើកឡើងថា «ក្នុងនាមជាចៅក្រម គឺត្រូវធ្វើការសម្រេចក្តីដោយខ្លួនឯង មិនមែនធ្វើតាមអ្វីដែលមន្ត្រីច្បាប់ និងមជ្ឈដ្ឋានខាងក្រៅរបស់ខ្លួនដាក់សម្ពាធមកលើខ្លួននោះឡើយ» ។
៥-ការដកហូតត្រាផ្លូវការរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត
សហចៅក្រមស៊ើបអង្កេតជាតិសូមគូសបញ្ជាក់ថា នៅពេលដែលចៅក្រម Marcel Lemonde និងចៅក្រម Siegfried Blunk ជាសហចៅក្រមស៊ើបអង្កេត ការិយាល័យក្រឡាបញ្ជីមានតែមួយដែលក្នុងនោះមានក្រឡាបញ្ជីជាតិ និងអន្តរជាតិអង្គុយរួមគ្នា ដែលត្រាត្រូវបានរក្សាទុកដោយក្រឡាបញ្ជីជាតិ និងធ្វើការជាអង្គភាពតែមួយ ។ នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ លោកសហចៅក្រមបម្រុង Laurent Kasper Ansermet បានបំបែកក្រឡាបញ្ជីអន្តរជាតិចេញពីបន្ទប់ក្រឡាបញ្ជី ដោយមិនមានការជូនដំណឹងណាមួយ ឬការពន្យល់ហេតុផលណាមួយដល់សហចៅក្រមជាតិឡើយ ។
នាថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១២ ក្រឡាបញ្ជីជាតិបានសុំការអនុញ្ញាតពីសហចៅក្រមជាតិដើម្បីយកត្រាផ្លូវការរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេតទុកក្នុងបន្ទប់របស់សហចៅក្រមជាតិ ដោយហេតុថា ខ្លួនទទួលបាននូវការគំរាមកំហែងពីសំណាក់សហចៅក្រមបម្រុងអន្តរជាតិតាមរយៈក្រឡាបញ្ជីអន្តរជាតិថា ខ្លួននឹងត្រូវបានប្តឹងពីការជ្រៀតជ្រែកចូលកិច្ចការតុលាការក្រោមវិធាន៣៥ ដូចមន្ត្រីគ្រប់គ្រងតុលាការដែរប្រសិនបើខ្លួនមិនព្រមវាយត្រាលើរាល់ឯកសាររបស់លោក Laurent Kasper Ansermet នោះទេ ។ ការសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីខ្លួនបានឃើញវត្តមានរបស់លោក Laurent Kasper Ansermet និងក្រឡាបញ្ជីអន្តរជាតិរបស់លោកនៅក្នុងបន្ទប់ក្រឡាបញ្ជីជាតិដោយគ្មានការអនុញ្ញាត នៅពេលដែលក្រឡាបញ្ជីជាតិមិនមានវត្តមាននៅក្នុងបន្ទប់ ។ នាថ្ងៃទី២០ កុម្ភៈឆ្នាំ២០១២ លោកសហចៅក្រមបម្រុងបានធ្វើលិខិតមួយបញ្ជាសហចៅក្រមជាតិឱ្យធ្វើនិយ័តកម្មចំពោះស្ថានភាពដែលបានលើកឡើងនេះ ក្នុងអំឡុងពេល២៤ម៉ោង គឺរហូតដល់១ថ្ងៃបន្ទាប់ នាម៉ោង៤រសៀល ប្រសិនបើមិនដូចនេះទេ គាត់គំរាមថា គាត់នឹងចាត់វិធានការតាមច្បាប់ចាំបាច់ ។ សហចៅក្រមស៊ើបអង្កេតជាតិ មិនឆ្លើយតបទៅនឹងការគំរាមកំហែងនេះទេ ។
៦-ការរាំងស្ទះដល់ការស៊ើបអង្កេតផ្ទៃក្នុង
ដូចបានគូសបញ្ជាក់ខាងលើ សហចៅក្រមសើុបអង្កេតអន្តរជាតិបម្រុងបានយកវិធានការក្នុងវិធាន៣៥ ជាអាវុធក្នុងការគំរាមកំហែងមន្ត្រីនានានៅក្នុង អ.វ.ត.ក ដោយរួមមានទាំងបុគ្គលិកជាតិ និងបុគ្គលិកអន្តរជាតិ ។
នាថ្ងៃទី២០ មករា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងការបើកការសើុបអង្កេតលើការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលក្រោមវិធាន ៣៥ លោកសហចៅក្រមស៊ើបអង្កេតបម្រុងបានចេញនូវដីកាចាត់ឱ្យស៊ើបសួរជំនួសមួយ ដោយបង្គាប់ឱ្យមានការស្តាប់ចម្លើយលោក ChristopherAnkersen ប្រធានផ្នែកសន្តិសុខ និងសុវត្ថិភាព និងលោក Soe U Myint ប្រធានផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា ទាក់ទងទៅនឹងការមិនអនុវត្តតាមសំណើរបស់អ្នកស៊ើបអង្កេត Paolo PASTORE STOCCHI ដែលបានផ្ញើទៅពួកគេនាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១១ ។ ការចេញនូវដីកាចាត់ឱ្យស៊ើបសួរជំនួសនេះ គឺផ្អែកតែទៅលើរបាយការណ៍ផ្ទាល់របស់លោក Paolo PASTORE STOCCHI ដែលជារបាយការណ៍ធ្វើឡើងដើម្បីបិទបាំងកំហុសវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះ ដោយហេតុថា ទាក់ទិនទៅនឹងការស៊ើបសួរក្រោមវិធាន ៣៥ ដែលបើកដោយសហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រម Siegfried Blunk លោក Paolo PASTORE STOCCHI បានប្រព្រឹត្តនូវកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ដោយរំលោភលើដីកាចាត់ឱ្យស៊ើបសួរជំនួសរបស់សហចៅក្រមសើុបអង្កេតចុះថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១១ ហើយកំហុសវិជ្ជាជីវៈនេះក៏ត្រូវបានប្តឹងទៅលោកស្រី Patricia O Brien ប្រធានកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ ក្នុងលិខិតចុះថ្ងៃទី២០ តុលា ឆ្នាំ២០១១ រួចហើយផងដែរ ។ ម្យ៉ាងវិញទៀត ការចេញដីកាចាត់ឱ្យស៊ើបសួរជំនួសរបស់លោក Laurent Kasper Ansermet គឺធ្វើឡើងទាំងទទឹងទិស ទោះបីជាមានការពន្យល់យ៉ាងត្រឹមត្រូវ និងការផ្ញើជូននូវឯកសារសម្អាងអំពីការពិត ដោយលោក Knut Rosandhaug ទៅកាន់ខ្លួនតាមរយៈសារអេឡិកត្រូនិកចុះថ្ងៃទី១៧ មករា ឆ្នាំ២០១២ ក៏ដោយ ។
សហចៅក្រមស៊ើបអង្កេតជាតិមិនដែលចេញបញ្ជាណាមួយដល់ប្រធានក្រុមអ្នកច្បាប់ជាតិ និងមន្ត្រីផ្សេងទៀតរបស់ អ.វ.ត.ក ក្នុងការឆ្លើយតបទៅនឹងការកោះហៅ ដែលធ្វើឡើងដោយអ្នកស៊ើបអង្កេតអន្តរជាតិឡើយ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា ការឆ្លើយតបរបស់ប្រធានក្រុមអ្នកច្បាប់ជាតិ និងការមិនឆ្លើយតបរបស់បុគ្គលិកជាតិ និងបុគ្គលិកអន្តរជាតិ ដែលមានចំណេះដឹងគ្រប់គ្រាន់អំពីគោលការណ៍ច្បាប់ដែលអនុវត្តនៅ អ.វ.ត.ក គឺជាប្រតិកម្មយ៉ាងសមស្របបំផុតទៅនឹងការគំរាមកំហែងរបស់លោកសហចៅក្រមបម្រុង Laurent Kasper Ansermet ដែលជាសហចៅក្រមគ្មានសិទ្ធិ ។ ការចោទប្រកាន់ថា មានការរាំងស្ទះដល់ការស៊ើបសួរផ្ទៃក្នុងដែលលើកឡើងដោយលោក Laurent Kasper Ansermet ដោយទម្លាក់កំហុសមកលើបុគ្គលិកជាតិ និងសហចៅក្រមស៊ើបអង្កេតគឺជាការបំផ្លើសពីការពិតទាំងស្រុង ។
ចំពោះការសន្និដ្នានអំពីអនីយ័តភាព ការមិនដំណើរការ និងការរំលោភលើគោលការណ៍នីតិវិធីរបស់លោក Laurent Kasper Ansermet សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា ៖
១-ចំណាត់ការនៃសំណុំរឿង០០៣ និង០០៤ ត្រូវបានធ្វើឡើងចាប់តាំងពីរយៈពេលនៃចៅក្រម Marcel Lemonde និង Siegfried Blunk ដោយមិនមានបញ្ហាណាមួយឡើយ ទោះបីជាចំណាត់ការទាំងនោះមានការឯកភាពគ្នាខ្លះ មិនឯកភាពគ្នាខ្លះរវាងសហចៅក្រមស៊ើបអង្កេតទាំងពីរក៏ដោយ ។
២-សំណុំរឿង ០០៣ និង ០០៤ ត្រូវបានបង្អង់ចាប់តាំងពីការចាកចេញរបស់លោកចៅក្រម Siegfried Blunk ដោយហេតុថា មិនមានការតែងតាំងចៅក្រមណាមួយជាផ្លូវការមកជំនួសចៅក្រមនេះ ដើម្បីបន្តកិច្ចនីតិវិធីដែលបាន និងកំពុងធ្វើ បើទោះបីជាដំណោះស្រាយតាមផ្លូវតុលាការចំពោះសំណុំរឿងទាំងនេះត្រូវបានឯកភាពគ្នាស្ទើរតែ១០០ភាគរយ រវាងសហចៅក្រមសើុបអង្កេតជាតិ និងសហចៅក្រម Blunk ក៏ដោយ ។
៣-សហចៅក្រមស៊ើបអង្កេតជាតិនៅតែអះអាងថា ខ្លួនមិនដែលជំទាស់ទៅនឹងកិច្ចនីតិវិធីណាមួយជាមួយនឹងលោក Laurent Kasper Ansermet នោះឡើយ គ្រាន់តែសហចៅក្រមស៊ើបអង្កេតជាតិមិនទទួលស្គាល់អំពីសុពលភាពគតិយុតិ្តរបស់កិច្ចការនីតិវិធីទាំងឡាយណាដែលធ្វើដោយសហចៅក្រមបម្រុងរូបនេះប៉ុណ្ណោះ ។
៤-សហចៅក្រមស៊ើបអង្កេតជាតិសូមគូសបញ្ជាក់បន្ថែមថា សហចៅក្រមបម្រុងអន្តរជាតិចោទថា មានការរាំងស្ទះ ឬជ្រៀតជ្រែកដល់ការងាររបស់ខ្លួន ប៉ុន្តែជាក់ស្តែង តាមការប្រកាសព័ត៌មានរបស់ខ្លួនបានបញ្ជាក់ថា សហចៅក្រមសើុបអង្កេតបម្រុងអន្តរជាតិបានចុះទៅបំពេញការងារនៅតាមបណ្តាខេត្តជាច្រើន និងជាពិសេសនាពេលនេះ បន្ទាប់ពីការប្រកាសព័ត៌មានរបស់ខ្លួន សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងកំពុងតែធ្វើការស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងបន្ទប់សវនាការតូចរបស់ អ.វ.ត.ក ទៀតផង ។
៥-ទោះបីជាយ៉ាងណាក៏ដោយ សហចៅក្រមជាតិ សូមស្វាគមន៍ចំពោះការលាលែងរបស់សហចៅក្រមបម្រុង Laurent Kasper Ansermet ដោយសហចៅក្រមស៊ើបអង្កេតជាតិចាត់ទុកថា ការលាលែងនេះ គឺជាការទទួលខុសត្រូវចំពោះកំហុសឆ្គងវិជ្ជាជីវៈ ក៏ដូចជាកំហុសឆ្គងនីតិវិធីដែលបានធ្វើនាពេលកន្លងមកទោះបីជាមានការដាស់តឿនម្តងហើយម្តងទៀតពីសំណាក់សហចៅក្រមសើុបអង្កេតជាតិក៏ដោយ។
៦-សហចៅក្រមស៊ើបអង្កេតជាតិបានប្រកាន់ជំហរទទួលខុសត្រូវនិងតែងតែទទួលស្គាល់និងរៀនសូត្របទពិសោធន៍ល្អៗប្រកបដោយវិជ្ជាជីវៈ សម្រាប់ជាកេរដំណែលដល់តុលាការជាតិជានិច្ច ៕
ចែករំលែកព័តមាននេះ