រាជធានីភ្នំពេញ ៖ ស្ថិតក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាលអាស៊ានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាល មកពីប្រទេសជា សមាជិកអាស៊ាន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំនេះផ្តោតការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងក្របខណ្ឌអាស៊ាន ជាពិសេស ដើម្បីបន្តជម្រុញសមាហរណកម្មវិស័យហិរញ្ញវត្ថុ និងរួមចំណែកដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ ដែលលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានពិនិត្យ និងអនុម័តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ខាងមុខ ។ ទន្ទឹមនោះចំណុចសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះរួមមាន៖
ទី១- ការពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពក្នុងការអនុវត្តផែនទីចង្អុលសម្រាប់សមាហរណ កម្មហិរញ្ញវត្ថុនិងរូបិយវត្ថុអាស៊ាន ក្នុងនោះរួមមានការអភិវឌ្ឍទីផ្សារមូលធន សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ សេរីភាវូបនីយកម្មគណនីមូលធន និងវេទិកាទីផ្សារមូលធនអាស៊ាន ។
ទី២- ការពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព ក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន នៅក្នុងវិស័យធានារ៉ាប់រងពន្ធគយ ការប្រឆាំងហិរញ្ញប្បទានសម្រាប់ភេរវកម្ម ការលាងលុយកខ្វក់ និងការត្រួតពិនិត្យតាមដានសេដ្ឋកិច្ចអាស៊ាន ។
ទី៣- ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំអនុរដ្ឋ មន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលអាស៊ានបូកបី(AFDM+3) នៅថ្ងៃបន្ទាប់ដោយបានផ្តោតការពិភាក្សា និងព្រមព្រៀងគ្នាអំពីជំហររបស់អស៊ានពាក់ព័ន្ធនឹងការពង្រឹងនឹងពង្រីកយន្តការ គំនិតផ្តួចផ្តើមទីផ្សារសញ្ញាប័ណ្ណអាស៊ី(ABMI) យន្តការពហុភាគីនីយកម្ម គំនិតផ្តួចផ្តើមឈៀងម៉ៃ(CMIM)
និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការពេលអនាគត ដូចជាការធានារ៉ាប់រងលើគ្រោះមហន្តរាយ ការប្រើប្រាស់រូបិយវត្ថុក្នុងតំបន់ សម្រាប់ទូទាត់ពាណិជ្ជកម្ម និងសហប្រតិបត្តិការផ្នែកហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ៕



ចែករំលែកព័តមាននេះ