ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​​ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត​ពោធិ៍​សាត់ ​ថ្មី​ជំនួស​ប្រធាន​ចាស់​ដែល​ចូល​និវត្តន៍​

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​ព្រឹក​ថ្ងៃទី​២៦ មីនា ២០១២ ​លោក​ឆាយ ថន ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​​ផែន​ការ​បានអញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​​តែងតាំង​​ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត​ពោធិ៍​សាត់​ថ្មី ។ ពិធី​នេះ​បាន​ប្រារព្ធ​​នៅ​​សាលា​ខេត្ត​​​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​​លោក​អ៊ុក ចាយ រដ្ឋ​​លេខា​ធិការ​ លោក លោក​ស្រី​សមា​ជិក​ ក្រុម​​ប្រឹក្សា​ខេត្ត អភិ​បាល​រង​​ខេត្ត និង​ថ្នាក​់ដឹក​នាំ​មន្ទីរ អង្គ​ភាព​នានា​​ក្នុង​ខេត្ត ។

យោង​តាម​ប្រកាស​​របស់​ក្រសួង​​លេខ​១៧៩ ​ប្រក.ផក ​ចុះថ្ងៃ​ទី១៧ តុលា ​២០១១ ​បាន​សម្រេច​តែងតាំង​លោក​​​ឈុន ​បូណា​រិទ្ធិ ជា​ប្រធាន​​មន្ទីរ​ផែន​ការខេត្ត​ពោធិ៍​សាត់ ជំនួស​លោក​​ឈឹម ​ផា​វ៉េត ​ដែល​បាន​ចូល​និវត្តន៍​​កាល​ពីថ្ងៃទី​១ មីនា ​២០១២ ​កន្លង​មក​នេះ ។ ​លោក​ឈុន បូណា​រិទ្ធិ ​ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត​ពោធិ៍​សាត់ថ្មី ​បាន​ឡើង​ថ្លែងអំណរគុណ​​ចំពោះ​លោក​ទេស​រដ្ឋ​មន្ត្រី ក៏ដូចជា​មន្ត្រី​រាជ​ការ​​នៅក្រសួង និង​​មន្ទីរ​ដែល​​មាន​ទំនុក​ចិត្ត​គាំទ្រ​​ឱ្យ​រូប​​លោក​ធ្វើ​ជា​ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត​ពោធិ៍សាត់ ​នេះ ។ ​តួ​នាទី​ថ្មី​នេះ​តម្រូវ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​​ខ្ពស់​ក្នុង​ការ​សម្រប​សម្រួល ដឹក​នាំ​និង​​ចាត់​ចែង​ការ​ងារ​របស់​មន្ទីរ​​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ធ្វើ​ឱ្យ​បាន​ជោគ​ជ័យ​ស្រប​តាម​​បេសក​កម្ម​ ទស្សន​វិស័យ និង​​គោល​ដៅ​​របស់​ក្រសួង​ ព្រម​ទាំង​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​​របស់​រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹកនាំ​​ដ៏​ឈ្លាស​​វៃរបស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

លោកឈុន បូណា​រិទ្ធ ​បាន​ប្តេជ្ញា​ប្រមូល​នូវ​កម្លាំង​កាយ​​ចិត្ត​ប្រាជ្ញា​ស្មារតី​ និង​បទ​ពិសោធន៍​ទាំងឡាយ​​ដែល​មាន​កន្លង​មក​​សម្រាប់​ធ្វើ​​ជាមូល​​ដ្ឋាន​ក្នុង​ការ​ដឹក​នាំ​គ្រប់គ្រង​មន្ត្រី​រាជ​ការ​​ក្រោម​ឱវាទ​​មន្ទីរ​ប្រកប​ដោយ​សមភាព សមធម៌ យុត្តិ​ធម៌ ​ធានា​បាន​នូវតម្លា​ភាព ប្រសិទ្ធ​ភាព ប្រក្រតី​​ភាព​ការងារ និងបញ្ចៀសឱ្យ​​បាន​នូវវិវាទ​ការងារ​ផ្ទៃ​ក្នុង​ដាច់​ខាត ៕