ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយា​បទ​បន្ថយ​ទម្ងន់​​ខ្លួន​ឯង នយោ​បាយ​កម្ពុជា បាន​ញែក​ដាច់ពី​គ្នា​រវាង​ស និង​ខ្មៅ ពិត​និង​ក្លែង​ក្លាយ

14 ឆ្នាំ មុន

អ្នកណាក៏ដឹងដែរថា សារជាតិរបស់​គណ​បក្ស​ប្រឆាំងនៅកម្ពុជានាពេលសព្វថ្ងៃនេះ គឺមិន​អាចលាក់កំបាំងបានឡើយអំពីទម្លាប់និង​ឥរិយា​បថរបស់ពួកគេ ដែលប្រកាន់ខ្ជាប់នូវជំហរ​ច្បាស់​លាស់ក្នុងការបដិសេធមិនទទួលស្គាល់ជាដាច់​ខាតនូវជោគជ័យ និងសមិទ្ធផលនានារបស់រាជ​រដ្ឋា​ភិបាល ។ ពួកគេតែងតែរិះរកគ្រប់វិធីសាស្ត្រ គឺធ្វើយ៉ាងណាដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាល​តាមគ្រប់កលល្បិច និងមធ្យោបាយផ្សេងៗដែល​អាចធ្វើទៅបាន ។ ក្នុងចំណោមយុទ្ធវិធីជាច្រើន​ដែលជាទិស​ដៅ​សម្រាប់ការប៉ុនប៉ងទម្លាក់រាជរដ្ឋាភិបាល​គ្រប់​គ្រងដោយគណបក្សប្រជាជនកម្ពុជា គឺ​ក្រុម​បក្សប្រឆាំងចង់ផ្លាស់ប្តូរដោយកម្លាំងមហាជន ដែលធ្វើឡើងមិនមែនតាមរយៈការបោះឆ្នោត​ក្នុងអ្វីដែល​ពួក​គេ​ចង់យកតាមគំរូរបស់បណ្តា​ ប្រទេសមួយចំនួន ។

វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គម​ជាតិ និងវារឹតតែមិនគួរគប្បីនឹងត្រូវបាន​អនុ​ញ្ញាតឱ្យកើតមានសោះឡើយនូវសកម្មភាព​ណា​មួយដែលផ្ទុយអំពីទិដ្ឋភាពច្បាប់​ និងខុស​ទាំង​ស្រុងពីបំណងរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់​កាលដែលប្រជាពលរដ្ឋកំពុងរស់នៅជាមួយសន្តិ​ភាព ប្រសិនបើភាពសុខសាន្តនេះត្រូវបាន​បំផ្លាញ​​ដោយក្រុមបក្សប្រឆាំង។

ក្រុមបក្សប្រឆាំង មិនគួរនឹងជ្រួលច្របល់​ហួសហេតុ ដោយបំផុសឡើងនូវការដុតបញ្ឆេះ​កំហឹងប្រជាពលរដ្ឋតាមរយៈការខិតខំនាំគ្នា​បង្កើតនូវរឿងរ៉ាវដែលជាភាពអសកម្មនៅតាម​មូលដ្ឋានតូចតាច​ នាំគ្នាបំប៉ោង​បំផ្លើស ប្រឌិត​ព័ត៌​មានភូតកុហកជាច្រើនបង្កឡើងឱ្យទៅជារឿង​ធំ និងមានភាពចលាចល​ ។​ ដូចការលើកឡើង​របស់​លោក សម​ រង្ស៊ី​ នាពេលកន្លងមក​ គឺមេ​បក្សប្រឆាំងម្នាក់នេះនិយាយថា សកម្មភាព​របស់​គាត់ដែលបាននិងកំពុងធ្វើនៅឯក្រៅប្រទេស គឺគ្រាន់តែជាការបង្អើលៗ បំភិតបំភ័យនាំឱ្យ​មានវឹកវរតែប៉ុណ្ណោះ ។

ដឹកនាំគណបក្សប្រឆាំងបានយកពាក្យ​ប្រជាធិបតេយ្យយកមកដាក់លើបបូរមាត់​ និង​បាន​​នាំគ្នាស្រែកថា សព្វថ្ងៃនេះសង្គមខ្មែរ​អយុត្តិ ធម៌​ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងចោទ​​ប្រកាន់​យ៉ាងនេះយ៉ាងនោះរហូតដល់ថ្នាក់ធ្វើ​ការ​ប្រដូច​ការដឹកនាំសព្វថ្ងៃនេះទៅនឹងបណ្តា​ប្រទេស​ដែលកំពុងជួបនូវភាពវឹកវរ ចលាចល​ដូច​ជានៅ​ប្រទេសទុយនេស៊ីជាដើម ។ ប៉ុន្តែ​ ហេតុ​ផលពិត​នោះ​ គឺបញ្ហាកើតចេញតែពីភាព​រំជើបរំជួល បែក​បាក់សាមគ្គី​ និងការមិនទុកចិត្ត​គ្នានៅក្នុង​ផ្ទៃក្នុងបក្សប្រឆាំងទាំងអស់នោះតែ​ប៉ុណ្ណោះ។

ឥរិយាបថខ្លះៗរបស់មេបក្សប្រឆាំងនៅ​កម្ពុជាដែលរំខានដល់ការពង្រឹងនីតិរដ្ឋ​ គឺបាន​ស្តែងចេញតាមរយៈការប្រើប្រាស់សិទ្ធិសេរីភាព​របស់ខ្លួនជ្រុល រអិលធ្លាក់ចូលជ្រៅក្នុងភាព​អនា​ធិបតេយ្យ និងបានបំពានទៅលើផ្លូវ​ច្បាប់​​ទ​ាំង​កំរោល​ គឺជាគ្រោះថ្នាក់ដ៏ខ្លាំងដែលបានបំផ្លាញ​នូវ​​​ទឹកចិត្ត​របស់ប្រជាពលរដ្ឋ ។​ សកម្ម​ភាព​ទាំងនោះ​ មានដូចជា​ លោក​ សម​ រង្ស៊ី រំលោភ​លើការងាររបស់រាជរដ្ឋាភិបាលដោយអំពើដក​បំផ្លាញតម្រុយបង្គោលព្រំដែន​ គឺ​ជា​បរាជ័យ​មួយ​ក្នុងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។ បន្ទាប់មកទៀត​ គឺការក្លែងឯកសារផែនទី ដោយភាពតក់ក្រហល់ ដើម្បី​ស្វែង​រក​លេស​ការ​ពារខ្លួន​ និង​បន្ត​ធ្វើ​ការ​ទម្លាក់​កំហុស​មក​លើ​រាជ​រដ្ឋាភិបាល និងចោទថា រដ្ឋាភិបាលបច្ចុប្បន្ននេះ ពុំបានគិតគូរដោះស្រាយបញ្ហាព្រំដែនជាមួយ​ប្រទេសជិតខាង ។​ ដើម្បី​ទប់​ស្កាត់​អំពើ​កេង​ចំណេញ​ដែលរំលងផ្លូវច្បាប់នេះ​ គឺលោកសម រង្ស៊ី​ ត្រូវបានសភាជាតិសម្រេច​ដក​អភ័យ​ឯក​សិទ្ធិ​ ហើយតុលាការក៏បានកាត់ឱ្យជាប់ទោស និងពិន័យជាប្រាក់ ។

បើទោះបីជាលោកសម​​ រង្ស៊ី​​ ខិតខំ​ដើរ​បំផុសចលនាប្រឆាំងនៅក្រៅប្រទេស ដើម្បីចង់​សម្រេចគោលដៅនោះយ៉ាងណាក៏ដោយ​ ប៉ុន្តែ លោក​ សម​ រង្ស៊ី​ ខ្លួនឯង​បាន​សារ​ភាព​អស់​ហើយនូវការមួលបង្កាច់ទាំងឡាយទាំងពួងតាម​រយៈលិខិតផ្ញើជូនសម្តេចតេជោ​ ហ៊ុន​ សែន កាល​ពីឆ្នាំ​២០០៦​ថា​ លោក​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់ចំពោះការចោទប្រកាន់។ល។​និង។ល។​របស់លោកមកលើសម្តេច​ ថាវា​ជា​រឿង​មិន​ពិត​នោះ​ទេ​ ។​ ដូច្នេះ​ ការចោទ​ប្រកាន់​ណាក៏​ដោយ​ចំពោះការដឹកនាំរបស់សម្តេច គឺស្មើនឹង​ការ​ផ្តាច់​ដង្ហើមនយោបាយរបស់លោក សម​ រង្ស៊ី​ ខ្លួន​ឯង​ទៅ​​វិញទេ ។

ដោយសារកំហឹងបុគ្គល គំនុំ​​ និង​ចិត្តមោះ​មុត​​​​រិះ​​រកតែវិធីសងសឹក​ ហើយ​ខ្វះ​នូវ​វិចារណ​ញាណ​ក្នុងការប្តូរឥរិយាបថ បានរុញច្រាន​ឱ្យ​លោក សម រង្ស៊ី ធ្លាក់ចូលក្នុង​ភាពទ័ល​ច្រក​ផ្នែក​នយោបាយ​ និងធ្លាប់ដើរដោយសេរីក្នុងប្រទេស ត្រូវ​បានផ្លូវបិទទាំងស្រុង ។ នេះ​គឺជាទណ្ឌកម្ម​នៃ​ការប៉ុនប៉ង​ធ្វើបដិវត្តប្រឆាំង​​ដោយពុំផ្អែក​លើ​គោលការណ៍ច្បាប់​ និង​អហិង្សា ។
ចំពោះរបៀបដឹកនាំមេបក្សសិទ្ធិមនុស្សវិញ គឺលោក កឹម​ សុខា ប្រៀប​បាន​នឹង​អ្នក​ធ្វើនំ​អត់​ម្សៅ​ គឺមានតែវោហារបោកប្រាស់​ ធ្វើស្រែលើ​ខ្នងរាស្ត្រ​លាយឡំជាមួយ​នឹងការ​សន្យា​ខ្យល់​សម្រាប់​អាជីវកម្មនយោបាយ ។ និយាយជារួម លោក​ កឹម​ សុខា​ ពុំមានលក្ខណសម្បត្តិជា​មេ​ដឹក​នាំបន្តិចសោះឡើយ​ ។​ ម៉្យាងទៀត​វារឹតតែ​​​ពិបាក ខ្លាំងណាស់​ត្រង់ថា​ ពួកគេ​នាំគ្នា​យក​វិធី​កម្ទេច​សន្តិភាព​ បំភ្លេចថ្ងៃរស់រានមានជីវិត​ធ្វើ​ជា​យុទ្ធនា​ការដុតបញ្ឆេះកំហឹងជាតិសាសន៍ និង​ការ​វាយ​ប្រហារ​មកលើឥស្សរជនសំខាន់ៗរបស់​គណ​បក្ស​ប្រជាជន​ ដែល​បាន​នាំឱកាស​ល្អសម្រាប់​ពួក​គេ​អាច​ធ្វើនយោបាយបានដូចសព្វថ្ងៃ។ 

អ្នកដឹកនាំប្រឆាំងទាំងអស់គួរគប្បីរៀនសូត្រ​អំពីរបៀបប្រឆាំងរបស់ខ្លួន​ដែលប្រកប​ដោយ​ភាពស្មោះត្រង់​និងស្វាមីភក្តិ​(loyal opposition) ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋដោយ​ពិត​ប្រាកដ វាមិនមែនជាការប្រឆាំង​ ដើម្បីបំផ្លាញ ឬ​កម្ទេចធ្វើឱ្យបែកបាក់នោះទេ ។ ដូច្នេះ អំពីស្ថានការណ៍​នយោបាយនៅ កម្ពុជា​ គឺបានបង្ហាញយ៉ាងច្បាស់​ និងញែក​ដាច់​ចេញ​​ពី​គ្នារវាងសខ្មៅ​ ការពិត​ និងក្លែងក្លាយ ។​ ក្នុង​បរិបទនេះ​ បើពិពណ៌នា​អំពីចរិត​លក្ខណៈ​នៃ​ការដឹកនាំក៏ដូចគ្នាដែរ គឺមានការ​ធ្វើនយោ​បាយ​សុចរិត​ និងឆបោក ​គឺមិនអាចលាក់បាំង​ពីក្រសែ​ភ្នែករបស់ប្រជាពលរដ្ឋបានឡើយ ។

ត្រង់ន័យនេះ​​ចង់បញ្ជាក់ថា​ សមិទ្ធផលដ៏​ច្រើន​​របស់គណបក្សប្រជាជន​ ក៏ដូចជា​អំពើល្អ​របស់ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស​ប្រជា​ជនកម្ពុជា គឺបានបង្ហាញពីប្រសិទ្ធភាព​នៃការលះ​បង់​ ចូលរួមវិភាគទាន​ទាំងកម្លាំងកាយចិត្តបញ្ញា​ ស្មារតី​ ឆន្ទៈប្តូរផ្តាច់​ និង​ជាពិសេស​ គឺការយក​អាយុ​​ជីវិតជាដើមទុន​ ដើម្បីតស៊ូដណ្តើមបាន​ភាព​សុខសាន្តជូនប្រជាពលរដ្ឋកម្ពុជា​ និងសង្គ្រោះ​ទឹកដីបានមកវិញផុតពីសង្គ្រាមបង្ហូរឈាម និងការកាប់សម្លាប់របស់ពួកមេខ្លោងឧក្រិដ្ឋកម្ម​សង្គ្រាមនៃបនប្រល័យពូជសាសន៍ប៉ុលពត ។ សមិទ្ធផលទាំងនោះ​ ពិតជាមិនអាច​បដិសេធ​បានឡើយនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជាន់​ខ្ពស់គណបក្សប្រជាជនកម្ពុជា​ ក្នុងការបន្ត​ស្តារ កសាង​ និងអភិវឌ្ឍប្រទេសជាតិ​ គឺត្រូវការការ​ចូលរួមធ្វើដោយផ្ទាល់​ និងដោយកិច្ច​សហការ​ល្អ​ពីគ្រប់និន្នាការនយោបាយ ​វាមិនមែន​ចាំតែ​ការ បើកការវាយប្រហាររិះគន់ជេរប្រមាថ ទើប​ហៅ​ថាខ្លួនជាអ្នកស្នេហាជាតិស្រឡាញ់ខ្មែរនោះទេ ។

គណបក្សប្រឆាំងសព្វថ្ងៃ គឺមិនបានយល់អំពី ស្វាមីភក្តិ (loyal​ opposition)ចំពោះជាតិ ដោយស្មោះស និងមានតែឧបាយកលបោក បញ្ឆោត សម្លាប់ទឹកចិត្តប្រជាពលរដ្ឋ និងប្រើ ប្រាស់ប្រជាពលរដ្ឋ​ដើម្បីតែការសម្រេច​បំណង​របស់ខ្លួនដែលផ្ទុយពីគោលការណ៍ច្បាប់​ ​ទើប​ទទួលនូវលទ្ធផលបរាជ័យជាបន្តបន្ទាប់បែប នេះ៕