រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៣ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០១២ បានបើកសម័យប្រជុំពេញអង្គជាលើកដំបូងក្រោមព្រះរាជាធិបតីភាពនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គនេះដែរ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានវត្តមានកូរ៉ុម៦០រូបលើ៦១រូប ។ កិច្ចប្រជុំនេះបានប្រកាសសុពលភាពទទួលស្គាល់សមាជិក សមាជិកាព្រឹទ្ធសភា៦១រូប ដែលជាប់ឆ្នោតជាផ្លូវការ ហើយបានបោះឆ្នោតជ្រើសរើសសម្តេច ជា ស៊ីម ជាប្រធានព្រឹទ្ធសភា លោកសាយ ឈុំ អនុប្រធានទី១ និងលោកទេព ងន ជាអនុប្រធានទី២ ។
សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម មានប្រសាសន៍ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា សម័យប្រជុំដំបូងរបស់ព្រឹទ្ធសភា ត្រូវបានកំណត់សម្រាប់នីតិកាលថ្មីយ៉ាងយូរក្នុង៦០ថ្ងៃ ដឹកនាំដោយសមាជិកម្នាក់ដែលមានវ័យចំណាស់ជាងគេ និងក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ឬព្រះរាជតំណាង ។ ក្នុងការបើកសម័យប្រជុំនេះ ព្រះមហាក្សត្របានយាងថ្លែងព្រះរាជសុន្ទរកថាដោយផ្ទាល់ បន្ទាប់មកមុនការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាថ្មី គឺមានការប្រកាសសុពលភាពទទួលស្គាល់សមាជិក សមាជិកា ព្រឹទ្ធសភាថ្មីចំនួន៦១រូប ។
សមាជិក សមាជិកា ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន គឺសមាជិក៦០រូបដែលមានវត្តមានក្នុងសម័យប្រជុំគាំទ្រក្នុងនោះ រួមទាំងសមាជិកមកពីគណបក្សសម រង្ស៊ី ចំនួន១១រូបផង ។ ដូចគ្នានេះដែរ លោកសាយ ឈុំ ក៏ត្រូវបានបោះឆ្នោតគាំទ្រដោយសំឡេង៦០លើ៦០ ជាអនុប្រធានទី១ និងលោកទេព ងន ទទួលបានសំឡេងឆ្នោតគាំទ្រ៤៨លើ៦០ ជាអនុប្រធានទី២ ខណៈដែលលោកគង់ គាំ ទទួលបាន១១ សំឡេងមិនទទួលបានតំណែងជាអនុប្រធានទី២ទេ ។ នៅល្ងាចថ្ងៃដដែល សមាជិកសមាជិកា ព្រឹទ្ធសភាទាំង៦១រូប ក៏បានចូលរួមស្បថនៅក្នុងព្រះបរមរាជវាំងផងដែរ មុនពេលចូលកាន់តំណែងជាផ្លូវការ ។
សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម បានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី១របស់ព្រឹទ្ធសភានីតិកាលទី៣នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ មីនា ឆ្នាំ២០១២ ក្នុងនោះព្រឹទ្ធសភានឹងធ្វើការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណៈកម្មការទាំង៩របស់ខ្លួន ។ សមាជិកព្រឹទ្ធសភាចំនួន២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតបោះឆ្នោតជ្រើសរើសដោយរដ្ឋសភា ហើយ៥៧រូប ត្រូវបានបោះឆ្នោតអសាកលកាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១២ ក្នុងនោះគណបក្សប្រជាជនទទួលបាន៤៦អាសនៈ និងគណបក្សសម រង្ស៊ី ១១អាសនៈ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជឱង្ការថា ព្រឹទ្ធសភានីតិកាលទី៣ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួនស្របតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់ឆ្នោតដែលរួមមានសមាជិក សមាជិកា រដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានសម្តែងឆន្ទៈដ៏ឧត្តុង្គឧត្តមតាមរយៈការបោះឆ្នោតអសាកលកាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១២ ។ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៣ពិតជានឹងរួមគ្នាដើម្បីបំពេញតួនាទីក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យអំណាចរដ្ឋមានតុល្យភាព និងប្រព្រឹត្តបានល្អប្រសើរសំដៅ ការពារមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការទៀតថា ព្រឹទ្ធសភាបានបង្កើតឡើងកាលពីថ្ងៃទី២៥ មីនា ឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះមានរយៈពេលពីរនីតិកាលរបស់ខ្លួនហើយ ។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើដំណើរលើកំណាត់ផ្លូវមួយស្ថិតក្នុងបរិស្ថាននយោបាយសមស្របរបស់កម្ពុជា ហើយបានធ្វើការដោយរលូន ក្នុងមនសិការស្នេហាជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា «ព្រឹទ្ធសភាដណ្តើមបាននូវកិត្យានុភាពសក្តិសមទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ» ។ ម៉្យាងវិញទៀត តាមរយៈស្ថាប័នព្រឹទ្ធសភា«ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល មានវេទិកា និងឱកាសជាច្រើនដើម្បីសម្តែងយ៉ាងច្រើននូវទស្សនៈនយោបាយ ឬបំណងប្រាថ្នារបស់ខ្លួន ដែលញ៉ាំងឱ្យរបបពហុនិយមខាងគិត និងលទ្ធិប្រជាធិបតេយ្យកាន់តែមានជំហានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ» ។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការបន្តថា បច្ចុប្បន្ន ការកែទម្រង់ដ៏ស៊ីជម្រៅលើគ្រប់វិស័យតម្រូវឱ្យមានច្បាប់ ព្រមទាំងការគោរព និងប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ។ «នេះជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម សន្តិភាព ការអភិវឌ្ឍ និងការថែរក្សាការពារឯករាជ្យ អធិបតេយ្យភាព វប្បធម៌ ប្រពៃណី បូរណភាពទឹកដី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងបរិស្ថាន និងធនធានធម្មជាតិរបស់យើង។ ក្នុងបរិបទនេះ ព្រឹទ្ធសភាបាននិងកំពុងរួមចំណែកជាមួយនឹងរដ្ឋសភាក្នុងការកសាងច្បាប់ឱ្យបានកាន់តែល្អផូរផង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋ និងជាតិយើងទាំងមូល» ។
ព្រះអង្គបន្តទៀតថា ព្រឹទ្ធសភានីតិកាលពី៣ ត្រូវបន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ។ ឈរលើអត្តសញ្ញាណជាតំណាងផ្ទាល់ឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រឹទ្ធសភានីតិកាលទី៣ ត្រូវខិតខំរួមចំណែកជំរុញឱ្យការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាកាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ចសង្គម វប្បធម៌ របស់ជាតិប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពពិត ។ ជាមួយគ្នានេះដែរ ត្រូវធានាការពារយុត្តិធម៌ និងសិទ្ធិមនុស្ស ដើម្បីបង្កើតនូវភាពសុខដុមរមនាយូរអង្វែងក្នុងសង្គមជាតិយើង ៕


ចែករំលែកព័តមាននេះ