រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ មីនានេះដោយបញ្ជាក់ជាថ្មីថា ភាគីឥណ្ឌូណេស៊ីបានត្រៀមរួចរាល់អស់ហើយ ក្នុងការបញ្ជូនអ្នកអង្កេតការណ៍យោធាឥណ្ឌូណេស៊ី មកកាន់តំបន់គ្មានកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ក្បែរតំបន់ប្រាសាទព្រះវិហារ។ ប៉ុន្តែការយឺតយ៉ាវនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាពន្យល់ថា ដោយសារតែភាគីថៃប៉ុណ្ណោះ ពីព្រោះគេអះអាងថារង់ចាំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ថៃ ជាមុន ដើម្បីអនុវត្តតាមសាលដីកាតុលាការក្រុងឡាអេ ក្នុងការដកកងទ័ពចេញពីតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ។
លោកអនុរដ្ឋលេខាធិការក្រសួងការបរទេស កុយ គួង បានបញ្ជាក់ទៀតថា ចំណែកខាងកម្ពុជាបានត្រៀមរួចរាល់អស់ហើយ រង់ចាំតែភាគីថៃដូចគ្នា ហើយកម្ពុជាក៏ចង់អោយមានការបញ្ជូនអ្នកអង្កេតការណ៏យោធាឥណ្ឌូណេស៊ីមកកាន់តំបន់គ្មានកងទ័ពក្បែរប្រាសាទព្រះវិហារ កាន់តែឆាប់ផងដែរ ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ឈុំ សុជាតិ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ មីនានេះដែរថា កិច្ចប្រជុំក្រុមការងារចម្រុះយោធាកម្ពុជា-ថៃមកទល់នឹងពេលនេះមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ប៉ុន្តែតាមគម្រោងកិច្ចប្រជុំនេះ គ្រោងនឹងរៀបចំធ្វើនៅក្នុងប្រទេសថៃ ក្នុងខែមេសា ២០១២ខាងមុខនេះ ។
គួរបញ្ចាក់ថា ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភពីស្ថានការណ៍យោធានៅតំបន់ប្រាសាទព្រះវិហារ ខណៈយោធាថៃបានចាប់ផ្ដើមប្រើយន្ដហោះស៊ើបការណ៍ហោះឆ្វែលចុះឆ្វែលឡើងជាច្រើនលើក នៅលើចំណុចភូមិស្រល់ មុខប្រាសាទព្រះវិហារកាលពីយប់ថ្ងៃទី១៤ មីនា ២០១២ កន្លងមកនេះ ហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ មីនា ២០១២ ថៃបានបញ្ជូនទាហានប៉ារ៉ា២៣នាក់មកកាន់វាលថ្មមុខច្រកទ្វារដែកក្បែរចំណុច៥បូក៥ នៃគោបុរៈទី៥ អតីតច្រកទ្វារប្រាសាទព្រះវិហារ ក្នុងគោលបំណងធ្វើការត្រួតពិនិត្យភូមិសាស្ដ្រក្នុងតំបន់សនោះ រួចបាននាំកម្លាំងទ័ពប៉ារ៉ា២៣នាក់នោះ ដើរចុះតាមមាត់ស្រះត្រាវឆ្ពោះទៅកូនភ្នំក្បែរចំណុចសំបុកឃ្មុំខាងជើងវត្ដកែវសិក្ខាគិរីស្វារៈ។ បន្ទាប់មកទើបទាហានឈុតប៉ារាសៀមទាំង២៣នាក់នោះ បានឡើងរថយន្ដចូលទៅក្នុងទឹកដីពួកគេវិញ។ ស្ថានការណ៍ខាងលើនេះ មន្ដ្រីយោធាកម្ពុជាប្រចាំការមុខប្រាសាទព្រះវិហារបានឱ្យដឹងទៀតថា ភាគីកងទ័ពថៃពេលនេះ បានបញ្ចេញសកម្មភាពខុសប្លែកពី៦ខែកន្លងមក ត្រង់ចំណុចនេះបានធ្វើឱ្យកងទ័ពភាគីកម្ពុជា ចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នយ៉ាងមុតមាំ៕
ចែករំលែកព័តមាននេះ