រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដួលបោកក្បាលរបួសធ្ងន់ដោយសារជិះម៉ូតូចេញពីផឹកទឹកត្នោតជូរទៅបុកកង់ក្មេងប្រុសអាយុ១០ឆ្នាំ ពីក្រោយបណ្ដាលឱ្យដួលរងរបួសទាំងពីរនាក់ កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៣ មីនា ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះម៉េង ហៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុត្រូវម្ដាយប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ទៅផឹកទឹកត្នោតជូរជាមួយមិត្ដភក្ដិ ។ លុះត្រឡប់មកវិញ បានជ្រុលទៅបុកកង់ក្មេងប្រុសម្នាក់អាយុជាង១០ឆ្នាំ ដែលស្នាក់នៅក្នុងភូមិជាមួយគ្នា ពីក្រោយបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួស ចំណែកក្មេងប្រុសនោះក៏រងរបួសធ្ងន់ដែរ។
ក្រោយពេលកើតហេតុក្មេងប្រុសរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនជិតកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ