រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរបួសចំស្មងជើងឆ្វេង និងយុវជន២នាក់ទៀតរងរបួសស្រាលដោយសាររថយន្ដឆ្លាមបើកបុកពេញទំហឹងចំពីចំហៀងម៉ូតូ ខណៈពេលយុវជន៣នាក់នេះជិះម៉ូតូឌុបគ្នាមកដល់ចំណុចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយពីបង្កគ្រោះថ្នាក់រថយន្ដឆ្លាមដែលបើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងផងនោះ មិនបានឈប់រថយន្ដធ្វើការដោះស្រាយជាមួយជនរងគ្រោះទេ បែរជាបើករត់ ប៉ុន្ដែត្រូវក្រុមមិត្ដភក្ដិជនរងគ្រោះបើកដេញតាមរហូតទៅដល់ស្ដុបលូ៣ក៏ឃាត់រថយន្ដនេះបាន ហើយក៏កើតមានជម្លោះ ដោយម្ចាស់រថយន្តអះអាងថា រូបគេពុំបានបុកម៉ូតូនោះទេ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៨ កុម្ភៈ។
ជម្លោះរវាងភាគីទាំង២ខាងលើបានធ្វើឱ្យស្ទះចរាចរណ៍នៅចំណុចស្ដុបលូ៣ និងផ្អើលទៅដល់ប៉ូលិសចរាចរណ៍ខណ្ឌសែនសុខ ចុះមកអន្ដរាគមន៍ ប៉ុន្ដែភាគីទាំង២នៅតែជជែកយកឈ្នះចាញ់រៀងខ្លួន ហើយភាគីរថយន្ដបានយកឈ្មោះលោកឧត្ដមសេនីយ៍ម្នាក់នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសមកកាងការពារខ្លួនផងដែរ ធ្វើឱ្យប៉ូលិសពិបាកធ្វើការដោះស្រាយបំផុត ។ ទីបំផុតរយៈពេលជិតកន្លះម៉ោងដោះស្រាយមិនត្រូវរ៉ូវគ្នា ព្រោះម្នាក់ៗសុទ្ធតែយកឈ្នះរៀងៗខ្លួន ហើយអាងខ្នងទៀតនោះ ប៉ូលិសបានប្រគល់ការដោះស្រាយចរាចរណ៍នេះទៅឱ្យកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការដោះស្រាយវិញ ។
ប្រភពព័ត៌មានចេញពីកងរាជអាវុធហត្ថខណ្ឌសែនសុខបានឱ្យដឹងថា ការដោះស្រាយបញ្ហាខាងលើបានប្រើរយៈពេលជាច្រើនម៉ោងទំរាំតែត្រូវរ៉ូវគ្នា ដោយភាគីម្ចាស់រថយន្ដបានបដិសេធថា ខ្លួនមិនបានបើកបុកម៉ូតូហុងដាសេ១២៥របស់ជនរងគ្រោះនោះទេ ។ ទោះជាបែបណាដោយមានការសម្របសម្រួលពីកងរាជអាវុធហត្ថខណ្ឌសែនសុខនោះភាគីខាងម្ចាស់រថយន្ដបានព្រមសងឱ្យភាគីរងគ្រោះ១០០ដុល្លារជាការបញ្ចប់វិវាទ ៕
ចែករំលែកព័តមាននេះ