ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ប្រកាស​​​បដិសេធ​​បណ្តឹង​​​ពីររបស់​​គណបក្ស​​​សម រង្ស៊ី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបដិសេធទៅនឹងពាក្យបណ្តឹងចំនួន២ របស់គណបក្សសម រង្ស៊ី ដែលដាក់ទៅ គ.ជ.ប ទាក់ទងនឹងការឃោសនាបោះឆ្នោតនិងមន្ត្រី​រៀបចំ​ការបោះឆ្នោតព្រឹទ្ធ​សភាខេត្តកំពង់ឆ្នាំង ។ ការប្រកាសបដិសេធ​នេះ​ធ្វើឡើងកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ បន្ទាប់ពី គ.ជ.ប បានលើក​យក​ករណីនេះ មក​ពិនិត្យនិងពិភាក្សា ។

គ.ជ.ប បញ្ជាក់ថា បណ្តឹងទាក់ទងនឹង​ការ​ឃោសនាបោះឆ្នោតគឺតំណាងគណបក្ស​សម រង្ស៊ី នៅខេត្តកំពង់ឆ្នាំងដាក់​ទៅគ.ខ.ប កំពង់ឆ្នាំង​កាលពី​ថ្ងៃទី២៨ មករា ឆ្នាំ២០១២ ដោយចោទ​ថា អាជ្ញាធរ​អុក​​ឡុក រំខាន រារាំង បំភិតបំភ័យ​មិន​ឱ្យ​ប្រជា​ពលរដ្ឋទៅចូលរួមទស្សនាវីដេអូ​ឃោសនា​របស់​គណបក្ស សម រង្ស៊ី នៅក្នុង​ក្រុង​កំពង់ឆ្នាំង ។ ករណីនេះត្រូវបាន គ.ខ.ប កំពង់​ឆ្នាំងបើកសវនាការ​​ដោះស្រាយកាលនៅថ្ងៃទី​១កុម្ភៈ ឆ្នាំ២០១២ និង​សម្រេចបដិសេធបណ្តឹង​នេះ ។

គណបក្សសម​ រង្ស៊ី មិនបានទទួលយក​សេចក្តី​សម្រេចនេះទេ បានដាក់ពាក្យបណ្តឹង ទៅ​គ.ជ.ប កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១២ ។ ដូច្នេះ​​ហើយ​គ.ជ.ប បានចាត់មន្ត្រី​ទៅដល់ទីកន្លែង​កើតហេតុមុននឹងពិនិត្យនិង​ពិភាក្សាសម្រេច​ចេញសេចក្តីសម្រេចបដិសេធ​លើសំណុំរឿងនេះ។

បណ្តឹងមួយទៀតគណបក្សសម រង្ស៊ី ​ប្តឹង​លោកស្រីនួន ចាន់នី ប្រធាន គ.ខ.ប កំពង់​ឆ្នាំង​ពីបទរំខានការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ។ បណ្តឹងនេះក៏ត្រូវ គ.ជ.ប បានចាត់​មន្ត្រី​ទៅស៊ើប​អង្កេតដល់កន្លែង ហើយរក​ឃើញថាលោក​ស្រី​នួន ចាន់នី អនុវត្តត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ៕