រាជធានីភ្នំពេញ ៖ យុវជនម្នាក់រយះថ្ងាសហូរឈាម និងម្នាក់ទៀតរបួសស្រាល ខណៈបើកម៉ូតូទៅបុកពីក្រោយរថយន្ដស៊ីញ៉ូបត់ចូលខុនដូ លេខ១៥៨ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៧ កុម្ភៈ ។
ប្រភពពីជនរងគ្រោះឈ្មោះយ៉ែម ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រងរបួសរយះថ្ងាសនិងរយះម្រាមជើង បានឱ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ជិះគ្នា២នាក់ តាមបណ្តោយផ្លូវលេខ៣១៥ ក្នុងទិសដៅពីលិចទៅកើត ។ ចំណែករថយន្ដស៊ុយស៊ូគី ពណ៌ខ្មៅ បើកក្នុងទិសដៅស្របគ្នា ដោយរថយន្ដបើកពីមុខម៉ូតូ ខណៈមកដល់ចំណុចកើតហេតុរថយន្ដបត់ស្ដាំចូលក្នុងខុនដូ ។ ប្រភពព័ត៌មានបន្ដទៀតថា នៅពេលរថយន្ដស៊ីញ៉ូបត់ស្ដាំចូលទៅក្នុង ខុនដូហើយម៉ូតូកំពុងបើកលឿនមិនបានចាប់អារម្មណ៍ក៏ជ្រុលទៅបុករថយន្ដដែលកំពុងតែបត់នោះចំកង់មុខបណ្ដាលឱ្យដួលម៉ូតូខ្ទាតចូលទៅក្នុងបារ៉ាស់ខុនដូ ចំណែកអ្នកបើកខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសរយះថ្ងាសនិងម្នាក់ទៀតជិះពីក្រោយរងរបួសស្រាល ។
ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមទេ ដោយនៅទាមទារឱ្យម្ចាស់រថយន្ដសងថ្លៃព្យាបាលរបួស ប៉ុន្ដែម្ចាស់រថយន្ដមិនព្រមសងទេ ដោយនិយាយថាម៉ូតូជិះមកបុកពីក្រោយរថយន្ដរបស់គេ ហើយរថយន្ដរបស់គេក៏ខូចខាតដែរ ។ ខណៈកំពុងចរចាគ្នាបានមួយសន្ទុះហើយមានការអន្តរាគមន៍ពីសមត្ថកិច្ច ទើបភាគីខាងម៉ូតូយល់ព្រមស្មើគ្នាទៅមន្ទីរពេទ្យដោយខ្លួនឯង ៕



ចែករំលែកព័តមាននេះ