ខេត្តកំពត ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ កុម្ភៈ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ក្រុងកំពត បានចុះពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវសាធារណៈក្នុងក្រុង ដើម្បីកុំឱ្យកកស្ទះដល់ការធ្វើដំណើររបស់យានយន្តគ្រប់ប្រភេទ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
មន្ត្រីប៉ូលិសក្រុងបានឱ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់រថយន្តដឹកទំនិញម៉ាកកូរ៉េចំណុះពីតោនបានបីគ្រឿងដែលឈប់ចតដាក់ទំនិញនៅតាមផ្ទះលក់ទំនិញលើផ្លូវសាធារណៈក្នុងក្រុងដែលបង្កឱ្យកកស្ទះចរាចរណ៍ដល់យានយន្តគ្រប់ប្រភេទលើផ្លូវសាធារណៈ ដើម្បីធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្តទាំងបីគ្រឿងនេះឱ្យយល់ច្បាស់ពីច្បាប់ចរាចរណ៍ និងចៀសវាងឱ្យសមត្ថកិច្ចចាប់ឃាត់យានយន្តពេលក្រោយទៀត។ បន្ទាប់ពីសមត្ថកិច្ចធ្វើការណែនាំរួចម្ចាស់យានយន្តទាំងបីគ្រឿងបានធ្វើកិច្ចសន្យាចំពោះមន្ត្រីសមត្ថកិច្ច និងទទួលស្គាល់លើកំហុសឆ្គងរបស់ខ្លួនទៀតផង ។
យោងតាមសម្តីម្ចាស់រថយន្តកូរ៉េម្នាក់បាននិយាយថា រថយន្តរបស់ពួកគាត់ទាំងបីគ្រឿងនេះ កន្លងមកធ្លាប់តែដឹកទំនិញមានចំណីសត្វ កន្ទក់ និងអង្ករ មកដាក់ឱ្យម៉ូយតាមផ្ទះលក់ទំនិញលើដងផ្លូវសាធារណៈខាងជើងផ្សារសាមគ្គីទីរួមខេត្តកំពត ។ តែកន្លងមកច្រើនតែសាងទំនិញទាំងនេះនៅពេលយប់គ្មានការកកស្ទះដល់យានយន្តគ្រប់ប្រភេទទេ ទើបសមត្ថកិច្ចមិនហាមឃាត់ តែពេលនេះពួកគាត់ឈប់នៅពេលព្រឹកដែលមនុស្សនិងយានយន្តគ្រប់ប្រភេទកំពុងធ្វើចរាចរណ៍បង្កការកកស្ទះទើបសមត្ថកិច្ចសណ្តាប់ធ្នាប់ចាប់ឃាត់យកទៅណែនាំនិងធ្វើកិច្ចសន្យា ។
លោកអនុសេនីយ៍ទោ ហែម ហាក់ អធិការររងក្រុងទទួលបន្ទុកចរាចរណ៍សណ្តាប់ធ្នាប់បានប្រាប់កោះសន្តិភាពថា រថយន្តទាំងបីគ្រឿងដែលសមត្ថកិច្ចនាំមកកាន់អធិការដ្ឋានក្រុងកំពតនេះ ពុំមានកំហុសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែហៅមកណែនាំពីការឈប់ចតយានយន្តលលើដងផ្លូវសាធារណៈ ដែលបណ្តាលឱ្យមានការកកស្ទះតែប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ