ខេត្តកំពង់ស្ពឺ ៖ សពបុរសម្នាក់ត្រូវបានកូនបង្កើតរបស់ខ្លួនប្រទះឃើញអណ្តែតទឹកស្ទឹងព្រែកត្នោតខាងជើងភូមិអំពែភ្នំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីភូមិ ខណៈដែលបុរសនោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី៦ កុម្ភៈ ។ បន្ទាប់ពី ប្រទះឃើញកូនរបស់សពបានប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យ និងស្រង់យកមកដាក់លើច្រាំងនាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ កុម្ភៈ ។
លោកនាយប៉ុស្តិ៍សង្កាត់ស្វាយក្រវ៉ាន់ បានរៀបរាប់ពីហេតុការណ៍នេះថា សពដែលបាត់ខ្លួន១ថ្ងៃ១យប់មកហើយនេះបានអណ្តែតអែបច្រាំងស្ទឹងព្រែកត្នោត ខាងជើងភូមិអំពែភ្នំ ចម្ងាយប្រមាណ៤០០ម៉ែត្រនោះឈ្មោះសៅ ឃន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។ សពបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី៦ កុម្ភៈ មកម៉្លេះ ហើយកូនប្រពន្ធបាននាំគ្នារកដែរ តែពុំឃើញ ។ លុះដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ កុម្ភៈ កូនប្រុសបានប្រទះឃើញសពឪពុកអណ្តែតក្បែរមាត់ស្ទឹងប្រមាណ៥ម៉ែត្រពីច្រាំង ។ អ្នកភូមិអំពែភ្នំ បាននិយាយថា សពជាមនុស្សធ្លាប់មានរបួសក្បាល ហើយអាចសរសៃប្រសាទទើបប្រពន្ធកូនមិនឱ្យធ្វើការអ្វីធំដុំទេ ស្រាប់តែបាត់ខ្លួនពេលរកឃើញបែរជាក្លាយជាសពបែបនេះ ។
លោកនាយប៉ុស្តិ៍សង្កាត់ស្វាយក្រវ៉ាន់ បន្តថា សពពិតជាលង់ទឹកស្លាប់ប្រាកដមែន ពុំមែនជាអំពើមនុស្សឃាតអ្វីឡើយ ។ ក្រោយពីសមត្ថកិច្ចបច្ចេកទេសពិនិត្យរួចក៏បានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដែរ ។
មុននេះក៏មានករណីស្លាប់ដោយសារលង់ទឹកផងដែរ គឺបុរសម្នាក់ដោយសារមានជំងឺឆ្កួតជ្រូកបានលង់ទឹកត្រពាំងស្លាប់ក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ។ ជនរងគ្រោះឈ្មោះវ៉ែន សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង បានបាត់ខ្លួនតាំងពីថ្ងៃទី១ កុម្ភៈ រហូតដល់ថ្ងៃទី៤ កុម្ភៈ ទើបឃើញសពអណ្តែតទឹកនៅភូមិក្រាំងពលទេព នាម៉ោង៥និង៤៥នាទីល្ងាច ។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យហើយដែរក្រោយពីត្រួតពិនិត្យរួច ៕
ចែករំលែកព័តមាននេះ