ក្រុងប៉ោយប៉ែត ៖ ក្រុមមន្ត្រីជំនាញគយនិងរដ្ឋាករឈរជើងក្រោមប្រាសាទកំពូលបីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការជាមួយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅតែបន្តបង្ក្រាបបទល្មើសគេចពន្ធយ៉ាងក្តៅគកុកដោយពុំមានបន្ធូរដៃដល់ក្រុមឈ្មួញប្រព្រឹត្តបទល្មើសខុសច្បាប់ឡើយ ។
តាមការបំភ្លឺពីលោកលឹម វណ្ណនីមន្រ្តីគយចុះប្រត្តិការបង្ក្រាបបទល្មើសគេចពន្ធនៅក្បាលស្ពានមិត្តភាពកម្ពុជា-ថៃមាត់ច្រកប៉ោយប៉ែតឱ្យដឹងថា នាពេលថ្មីនេះក្រុមមន្ត្រីជំនាញគយរបស់លោកចាប់រថយន្តម៉ាកកាមរី ឡិចស៊ីសនិងរថយន្តស៊េរីទំនើបរបស់ក្រុមឈ្មួញដឹកហ្គាសគេចពន្ធនាំចូលមកពីប្រទេសថៃតាមច្រកប៉ោយប៉ែត ដោយខុសច្បាប់បានជាបន្តបន្ទាប់យកទៅរក្សាទុកនៅទីស្នាក់ការគយនិងរដ្ឋាករច្រកប៉ោយប៉ែតដើម្បីត្រួតពិនិត្យមើល ។
មន្ត្រីគយឱ្យដឹងទៀតថាកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី៦ កុម្ភៈ ឆ្នាំ២០១២ក្រុមមន្ត្រីជំនាញគយបានចាប់ម៉ូតូម៉ាក P C X ស៊េរីទំនើបពាក់ស្លាកលេខក្លែងក្លាយបន្ទាយមានជ័យ 1E 0101 ជិះចូលមកពីប្រទេសថៃ ។បន្ទាប់មកទៀត ចាប់រថយន្តម៉ាកអេស្កាឡេតសេ៊រីទំនើបពាក់ស្លាកលេខក្រុងព្រះសីហនុ2A 5555 ដែលដឹកហ្គាសគេចពន្ធនាំចូលពីប្រទេសថៃតាមច្រកប៉ោយប៉ែត ។
លោកជួប អេន ប្រធានទីស្នាក់ការគយនិងរដ្ឋាករច្រកប៉ោយប៉ែត ឱ្យដឹងថារថយន្តដឹកហ្គាសគេចពន្ធខុសច្បាប់ ដែលមន្ត្រីជំនាញរបស់លោកចាប់នេះបានកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូស៊េរីទំនើបដែលពាក់ស្លាកលេខក្លែងក្លាយគ្មានពន្ធនោះ សមត្ថកិច្ចជំនាញរបស់លោកឱ្យម្ចាស់ចូលខ្លួនមកបង់ពន្ធ និងបង់ពិន័យជូនរដ្ឋទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ