ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ២នាក់ម្នាក់ឈ្មោះយ៉េង ចាន់គ្រី ហៅនាង ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះយ៉េង សុធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានប៉ូលិសក្រុងសំរោងឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ កុម្ភៈ កន្លងទៅ ។
លោកវរសេនីយ៍ត្រីនួន អេត អធិការនគរបាលក្រុងសំរោង បានឱ្យកោះសន្តិភាពដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ប៉ូលិសនៃអធិការដ្ឋានក្រុងសំរោង បានធ្វើការស៊ើបអង្កេតជាយូរខែមកហើយ ។ លុះនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ កុម្ភៈ ប៉ូលិសដែលជាកូនចៅលោកបានរាយការណ៍មកថា ឈ្មោះយ៉េង ចាន់គ្រី និងឈ្មោះយ៉េង សុធា កំពុងចែកចាយគ្រឿងញៀននៅក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
លោកអធិការក្រុងបានបន្តទៀតថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ លោកបានរាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្ត និងលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តឧត្តរមានជ័យ ។ ពេលនោះលោកព្រះរាជអាជ្ញាបានដឹកនាំកម្លាំងប៉ូលិស១៤នាក់ចុះទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះរួចធ្វើការឆែកឆេររកឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៧កញ្ចប់ ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៨៦គ្រាប់ ដែកកេះចំនួន៥ លុយខ្មែរចំនួន៦៥.០០០រៀល លុយថៃចំនួន៥៥០បាត និងម៉ូតូម៉ាកឌ្រីមគ្មានស្លាកលេខ២គ្រឿង នាំយកទៅអធិការដ្ឋានក្រុងសំរោងដើម្បីធ្វើការសាក សួរ ។ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយគ្រឿងញៀនមែន ។
យោងទៅតាមចម្លើយសារភាព និងរឹបអូសវត្ថុតាងជាក់ស្តែងនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់នោះ ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ