ខេត្តកោះកុង ៖ ករណីធ្វើទារុណកម្មរបស់ថៅកែចិន២នាក់ មកលើកម្មករខ្មែរម្នាក់ដោយការចាប់ចងស្លាបសេក ចងព្យួរផុតពីដី រួចវាយដោយដំបងឈើជ្រុងចំនួន២កំណាត់ ធ្វើឱ្យរងរបួសកម្មករខ្មែរម្នាក់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង១១និង៣០នាទីយប់ សាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនទាំង៣នាក់ គឺជនជាតិចិន២នាក់ និងកម្មករខ្មែរម្នាក់ បន្ទាប់ពីធ្វើការសាកសួររួចមក ។
គួររំឭកថា ករណីជម្លោះរវាងថៅកែចិន និងកម្មករខ្មែរម្នាក់ខាងលើនេះ បានកើតឡើងនៅចំណុចការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ ស្ថិតក្នុងក្រុងកោះកុង ដោយខាងភាគីចិនបានចោទកម្មករខ្មែរថា បានចូលលួចខ្សែភ្លើងដែលរក្សាទុកនៅក្នុងឃ្លាំងក្បែរកន្លែងស្នាក់នៅ ហើយនៅវេលាពាក់កណ្តាលអធ្រាត្រពេលថៅកែចិនប្រទះឃើញកម្មករខ្មែរដើរចេញពីបន្ទប់ទឹកក្បែរឃ្លាំង ក៏ចាប់វាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរតែម្តង។ នៅព្រឹកថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ បន្ទាប់ពីសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌខេត្តទទួលពាក្យបណ្តឹងពីកម្មករខ្មែរ និងតាមចាប់ខ្លួនថៅកែចិន២នាក់មកឃុំខ្លួនចំនួន៤៨ម៉ោងរួចមក ក៏បញ្ជូនសំណុំរឿងខាងលើនេះទៅសាលាដំបូងដើម្បីធ្វើចំណាត់ការបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចហើយ ចៅក្រមស៊ើបសួរឈុន ដាវី និងលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី បានសម្រេចឃុំខ្លួនបណ្តោះអាសន្នតាមដីកាលេខ១២៧ ចុះថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ ទៅលើជនជាតិចិន២នាក់ ១-ឈ្មោះតាំង ស៊ីជន់ ភេទប្រុស អាយុ២៦ឆ្នាំ ជាវិស្វករការដ្ឋានវារីអគ្គិសនីតាតៃលើ ២-ឈ្មោះយ៉ាន់ យូហ៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ ជាវិស្វករ និងជានាយករងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីតាតៃ ។
ជនទាំង២ត្រូវជាប់ចោទពីបទ «ហិង្សាដោយចេតនា ដោយប្រើអាវុធ និងមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី (ស្ថានទម្ងន់ទោស) ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ ចំណុច២ និងចំណុច៣នៃក្រមព្រហ្មទណ្ឌ»។ ចំពោះកម្មករខ្មែរម្នាក់ឈ្មោះស៊ឹម វឹត ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករក្នុងការដ្ឋានវារីអគ្គិសនី ត្រូវឃុំខ្លួនបណ្តោះអាសន្នតាមដីកាលេខ១២៨ ចុះថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ ពីបទលួចត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៥៣ និង៣៥៦នៃក្រមព្រហ្មទណ្ឌ ។
លោកវរសេនីយ៍ឯកស៊ិន សេន ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច កម្មករខ្មែរម្នាក់ឈ្មោះស៊ឹម វឹត បានសារភាពថា នៅយប់កើតហេតុ មានកម្មករខ្មែរ៣នាក់ផ្សេងទៀតបានបបួលរូបគាត់ដើរសំដៅទៅឃ្លាំងផ្ទុកសម្ភារ ហើយគាត់ក៏ដើរទៅជាមួយដែរទៅ។ ខណៈពេលដែលថៅកែចិនភ្ញាក់មកឃើញ ពួកគាត់៣នាក់ដែលបបួលគាត់ទៅនោះ ក៏រត់គេចខ្លួនបាត់អស់នៅសល់តែគាត់ម្នាក់ឯង ទើបថៅកែចិនចាប់រូបគាត់ចងវាយធ្វើបាបតែម្តងថា រូបគាត់ជាអ្នកលួច។ ប៉ុន្តែកម្មករ៣នាក់នោះទំនងជាធ្លាប់លួចច្រើនដងមកហើយ បានជាធ្វើឱ្យថៅកែចិនឃ្លាំតាមចាប់បែបនេះ។ ដូច្នេះទើបតុលាការសម្រេចឃុំខ្លួនទាំងអស់គ្នាតែម្តង។
តាមចម្លើយសារភាពរបស់កម្មករខ្មែរដែលត្រូវចិនវាយធ្វើទារុណកម្មបាននិយាយថា មានជនជាតិចិនចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ផងបានមកវាយធ្វើបាបរូបគាត់ដោយដំបងឈើជ្រុង ប៉ុន្តែពេលនេះសមត្ថកិច្ចទើបចាប់បានតែ២នាក់ប៉ុណ្ណោះ។ ហេតុនេះជាទង្វើអយុត្តិធម៌មួយគួរឱ្យស្អប់ខ្ពើម ហើយនៅរសៀលថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ មានការអន្តរាគមន៍មកស្ថាប័នតុលាការពីគ្រប់ទិសទីដើម្បីសុំការលើកលែងទោសឱ្យជនជាតិចិនទាំង២នាក់។ តាមព័ត៌មានជាផ្លូវការសំណូមពរទាំងអស់នោះត្រូវបានមន្ត្រីសាលាដំបូងបដិសេធទាំងអស់ ហើយកោះសន្តិភាពនៅរង់ចាំមើលពីករណីជម្លោះចិន-ខ្មែរនោះ តើការសម្រេចមានយុត្តិធម៌ដែរឬអត់ ៕


ចែករំលែកព័តមាននេះ