រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែកមានប្តី និងកូនប្រុស២នាក់ទៅហើយ បែរជាទៅលួចមានសហាយស្មន់ជាមួយប្រុសផ្សេងដែលជានិស្សិត ហើយបបួលគ្នាទៅហូបស៊ុប និងនាំគ្នាឡើងផ្ទះសំណាក់ ដើម្បីបំពេញបំណងស្នេហាយ៉ាងផ្អែមត្រជាក់។ ទោះបីជាយ៉ាងណា សកម្មភាពនេះត្រូវប្តីដែលមានការសង្ស័យយូរហើយតាមទាន់ ដល់ផ្ទះសំណាក់ តែបែរជាត្រូវប្រពន្ធផ្ទុះហិង្សាវាយមកលើប្តីយ៉ាងចាស់ដៃទៅវិញ ។
ការតាមទាន់ប្រពន្ធមានប្រុសសហាយនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ កុម្ភៈ នៅផ្ទះសំណាក់ហេង ហេង ស្ថិតនៅតាមផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ អ្វីដែលមានការចាប់អារម្មណ៍នៅយប់នោះ គឺម្ចាស់ផ្ទះសំណាក់បានហៅជើងកាងប្រមាណ៥ ទៅ៦នាក់ចេញមករារាំងអ្នកកាសែតមិនឱ្យថត និងជេរប្រមាថគំរាមកំហែងថែមទៀត ទោះបីការព្យាយាមថតស្ថិតនៅតាមផ្លូវសាធារណៈមុខផ្ទះសំណាក់យ៉ាងណាក៏ដោយ គឺគាត់ប៉ាវផ្តាច់ ។
ការតាមទាន់ប្រពន្ធនាំប្រុសឡើងផ្ទះសំណាក់នេះ គឺបន្ទាប់ពីប្តីឈ្មោះសុគន្ធ ថុល អាយុ៤៥ឆ្នាំ ជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងឈូកព្រែកលៀបស្នាក់នៅផ្ទះជួលក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកលៀប ។ ឯប្រពន្ធដែលលួចផិតក្បត់ឈ្មោះម៉ី ស្រីអម អាយុ៣០ឆ្នាំ ។ ចំណែកប្រុសសហាយឈ្មោះប៊ុនធឿន អាយុប្រមាណជាង២០ឆ្នាំ ជានិស្សិតនៅសាលាជាតិកសិកម្មព្រែកលៀប និងជាកូនប្រុសអភិបាលស្រុកម្នាក់នៅខេត្តតាកែវ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ព្រែកលៀប ។
តាមបុរសជាប្តីរៀបរាប់ឱ្យដឹងថា គាត់បានរៀបការជាប្តីប្រពន្ធជាមួយស្ត្រីឈ្មោះម៉ី ស្រីអម នេះ តាំងពីឆ្នាំ២០០០មកម្ល៉េះនិងមានកូនប្រុសចំនួន២នាក់ ។ ការរស់នៅជាមួយគ្នាពីដំបូងមានសេចក្តីសុខណាស់ តែមួយរយៈចុងក្រោយនេះ ប្រពន្ធដើរស៊ីចាយហ៊ឺហា និងលក់រថយន្តមួយ
គ្រឿងទៀត ។ ដោយមានការសង្ស័យគាត់តាមដានដឹងថា បានស្រឡាញ់គ្នាលួចលាក់ជាមួយឈ្មោះប៊ុនធឿន ដែលបានជួលផ្ទះនៅក្បែរគ្នា និងមានស្រុកជាមួយគ្នាទៀត ។ បន្ទាប់ពីដឹងថា ប្រពន្ធមានសហាយ គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស និងព្យាយាមតាមដានជាយូរមកហើយ ។ នៅថ្ងៃទី៦ កុម្ភៈ វេលាម៉ោង២ រសៀល គាត់ប្រាប់ប្រពន្ធថា ទៅចូលរួមមង្គលការមិត្តភក្តិនៅកន្ទួត ។ ប៉ុន្តែអត់ទៅទេ គឺនៅចាំតាមដានមើលក៏ ឃើញប្រពន្ធជិះម៉ូតូម៉ាកវីវ៉ារបស់ខ្លួនដឹកប្រុសសហាយដើរលេង ចូលហូបស៊ុបនៅភោជនីយដ្ឋាន៦៥ តាមផ្លូវលេខ៦០៨ខាងលិចរង្វង់មូលទួលគោក ។ លុះពេលហូបស៊ុបហើយ ក៏ធ្វើដំណើរចូលផ្ទះសំណាក់ហេង ហេង នៅវេលាម៉ោង៨យប់ ។ បុរសជាប្តីបន្តទៀតថា ខណៈនោះគាត់បានទូរស័ព្ទទៅមិត្តភក្តិ និងប្តឹងប៉ូលិសមូលដ្ឋាន និងប៉ូលិសប៉ុស្តិ៍ព្រែកលៀបឱ្យឃាត់សហាយស្មន់ និងប្រពន្ធផិតក្បត់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលឈុលឡើងនៅមុខផ្ទះសំណាក់ផងដែរ ។
បន្ទាប់ពីភ្ញាក់ផ្អើលប្រមាណ១ម៉ោង គេឃើញស្ត្រីដែលជាប្រពន្ធចុះពីលើផ្ទះសំណាក់រករឿងប្តី និងចាប់បោចសក់វាយប្តីយ៉ាងចាស់ដៃ ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងដោយមានមនុស្សរាប់សិបនាក់បាននាំគ្នាចោមរោមមើល និងគ្មានសមត្ថកិច្ចណាមកជួយអន្តរាគមន៍ឡើយ ។ តាមព័ត៌មានឱ្យដឹងថា ក្នុងការប្រើហិង្សាដាក់ប្តីនេះ ស្ត្រីជាប្រពន្ធបានបោះពាក្យថា ដោយសារប្តីដើរលេងធ្វើបាបចិត្ត បានជាប្រពន្ធមានសហាយ ។ លុះក្រោយមក ស្ត្រីប្រពន្ធបានគេចចេញបាត់ទៅ នៅសល់តែប្រុសសហាយដើរចេញពីផ្ទះសំណាក់ ហើយត្រូវបានប្តីរួមទាំងមិត្តភក្តិឃាត់ខ្លួនឱ្យប៉ូលិសប៉ុស្តិ៍ទួលសង្កែ និងសំណូមពរឱ្យសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ព្រែកលៀប ដើម្បីចាត់ការតាមផ្លូវច្បាប់ តែសមត្ថកិច្ចហាក់ដូចជាមិនអើពើ ដោយអះអាងថា ខុសច្បាប់ ។
នៅយប់នោះមានការចម្រូងចម្រាសគ្នារវាងមិត្តភក្តិរបស់ប្តី និងសមត្ថកិច្ចអស់រយៈពេលយ៉ាងយូរ ហើយនៅវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ ប្រុសសហាយក៏គេចខ្លួនបាត់ទៀត ពេលមានមិត្តភក្តិមកដល់ ។ តាមសម្តីឈ្មោះប៊ុន ធឿន បានប្រាប់ឱ្យដឹងថា ខ្លួនត្រូវបានស្ត្រីរូបនោះបបួលដើរលេង និងឡើងផ្ទះសំណាក់ គឺមិនមែនខ្លួនជាអ្នកបបួលទេ ៕





ចែករំលែកព័តមាននេះ