ខេត្តប៉ៃលិន ៖ បុរសម្នាក់បានផឹកថ្នាំពុលធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងខ្លួនឯងដែលខំស្រឡាញ់ស្រីម្នាក់ តែនាងមិនស្រឡាញ់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥ព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ ស្ថិតលើរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ នៅក្នុងភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ។
បុរសរូបនេះឈ្មោះហ៊ុន តឿ អាយុ៤៣ឆ្នាំ ជាកម្មករស៊ីឈ្នួលបើករថយន្តដឹកអង្ករឱ្យថៅកែម្នាក់ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានស្រុកកំណើត ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកតាំង អេង អាយុ៣៣ឆ្នាំ ជាកូនប្រុសរបស់ថៅកែបានឃើញបុរសរងគ្រោះនៅក្នុងរថយន្ត របស់ឪពុកខ្លួន ហើយមានសភាពស្លេកស្លាំង និងក្អួតចង្អោរលើរថយន្ត ទើបស្ទុះទៅបើកទ្វាររថយន្តលើកជនរងគ្រោះដឹកតាមរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន តែដោយស្ថានភាពធ្ងន់ធ្ងរ និងពុំមានសម្ភារគ្រប់គ្រាន់ដើម្បីសង្គ្រោះក៏ដឹកបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ។ លុះដល់មន្ទីរពេទ្យវេលាម៉ោង៨និង១៥នាទី ព្រឹកជនរងគ្រោះបានសា្លប់បាត់ទៅហើយ ។
តាមសម្តីរបស់ថៅកែលក់អង្ករឈ្មោះគឹម អ៊ី បាននិយាយថា នៅវេលាម៉ោង៥ព្រឹកថ្ងៃទី៦ កុម្ភៈ រូបគាត់ហាក់ចំឡែកក្នុងចិត្តដោយឃើញកូនឈ្នួលឈ្មោះហ៊ុន តឿ ងើបពីដេកតាំងពីព្រលឹមយកសោចូលទៅក្នុងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ។ រូបគាត់ក៏បានសួរនាំហើយជនរងគ្រោះប្រាប់ថា រូបគេមានការជាប្រញាប់សុំទៅផ្សារព្រំមួយភ្លែត ។ និយាយរួចក៏បើករថយន្តសំដៅទៅផ្សារព្រំតែម្តង ។ លុះក្រោយមកស្រាប់តែកូនប្រុសរបស់គាត់ទូរស័ព្ទមកប្រាប់ថា ឈ្មោះតឿ បានផឹកថ្នាំពុលសម្លាប់ស្មៅអស់ជាច្រើនលីត្រ ។
មន្រ្តីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្តរបស់ស្នងការនគរបាលខេត្តបានឲ្យដឹងថា សពជនរងគ្រោះពិតជាបានផឹកថ្នាំពុលសម្លាប់ស្មៅប្រភេទទឹកពណ៌ខៀវ ធ្វើអត្តឃាតប្រាកដមែន។ លោកថៅកែបានបញ្ជូនសពទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ