ខេត្តកណ្តាល ៖ មន្ត្រីសាលាដំបូងខេត្តបានឱ្យដឹងថា សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនអតីតចៅក្រមហួត ហ៊ាង ទៅកាន់សាលាដំបូងខេត្ត កាលពីម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៦ កុម្ភៈ ដើម្បីឆែកឆេររកឯកសារវត្ថុតាងមួយចំនួននៅក្នុងបន្ទប់ធ្វើការរបស់ លោក បន្ទាប់ពីត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ កាលពីថ្ងៃទី២០ មករា ឆ្នាំ២០១២ ។
មន្ត្រីតុលាការឱ្យដឹងថា ការឆែកឆេរនេះមានការសហការចូលរួមពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង លោកថូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត និងអតីតចៅក្រមហួត ហ៊ាង ផងដែរ ដោយមានការយាមកាមពីមន្ត្រីពន្ធនាគារព្រៃស ។ ដោយឡែកអ្នកសារព័ត៌មានត្រូវគេហាមមិនឱ្យចូលថតរូប និងយកព័ត៌មានឡើយ ។
តាមការឱ្យដឹងពីមន្ត្រីសាលាដំបូងខេត្តថា ការឆែកឆេរបន្ទប់ធ្វើការរបស់អតីតចៅក្រមហួត ហ៊ាង នេះតាមការស្នើសុំរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្វែងរកភស្តុតាងមួយចំនួនទៀត ប៉ុន្តែពុំមានប្រភពព័ត៌មានណាមួយឱ្យដឹងថា រកឃើញវត្ថុតាងអ្វីបន្ថែមទៀតទេទាក់ទិននឹងសំណុំរឿងអំពើពុករលួយនេះ ។ សមត្ថកិច្ចអង្គភាពប្រឆាំអំពើពុករលួយធ្វើកំណត់ហេតុ និងរក្សាទុកឯកសារនៅក្នុងបន្ទប់ដដែល ។ ការធ្វើកំណត់ហេតុ និងរកវត្ថុតាងនោះធ្វើឡើងរយៈពេលជាង២ម៉ោង ហើយត្រូវបានចាក់សោបន្ទប់រក្សាទុកវិញ និងបញ្ជូនអតីតចៅក្រមរូបនេះទៅពន្ធនាគារព្រៃសវិញ ។
ការចាប់ខ្លួនចៅក្រមហួត ហ៊ាង របស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២០ មករា ឆ្នាំ២០១១ ធ្វើឱ្យមន្ត្រីតុលាការខេត្តរំជើបរំជួល និងរសើបខ្នងបំផុត ។
តាមប្រភពព័ត៌មានក្រៅផ្លូវការដែលអាចជឿជាក់បានមួយឱ្យដឹងថា បន្ទាប់ពីលោកចៅក្រមហួត ហ៊ាង ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ហើយត្រូវឃុំខ្លួននៅពន្ធនាគារព្រៃសរួចមក ក្រឡាបញ្ជីរបស់អតីតចៅក្រមរូបនេះ លោកលឹម កុម្ភៈ បានរត់គេចខ្លួនបាត់ដែលគេសង្ស័យថា មានការពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយនេះដែរ ។ តាមប្រភពដដែលបន្តទៀតថា លោកលឹម កុម្ភៈ ត្រូវក្រសួងយុត្តិធម៌ចេញដីកាឱ្យនាំខ្លួនទើបបែកធ្លាយរឿងរត់គេចខ្លួន ហើយសំណុំរឿងនេះគេជឿថា អាចមានអ្នកពាក់ព័ន្ធតគ្នារយោងដូចសំឡកំពឹសមិនខាន ។
កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២០ មករា ឆ្នាំ២០១១ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោកចៅក្រមហួត ហ៊ាង នៅក្នុងបន្ទប់ធ្វើការរបស់លោក និងលោកស្រីចៅក្រមខូវ ចាន់ថូ ព្រមទាំងមន្ត្រីសុរិយោដី លោកស្រីលឹម វួច យ៉ាងតក់ក្រហល់បំផុត ហើយនាំយកទៅអង្គភាពរបស់ខ្លួន ដើម្បីសាកសួរ ទាក់ទិនរឿងប្រព្រឹត្តអំពើពុករលួយទទួលសំណូកប្រាក់៥ពាន់ដុល្លារ ។
ក្រោយពីឃាត់ខ្លួនយកទៅសាកសួរនោះចៅក្រមខូវ ចាន់ថូ គឺជាសាក្សីក្នុងរឿងនេះ ចំណែកអ្នកស្រីលឹម វូច ជាជនរងគ្រោះ និងជាដើមបណ្តឹង ហើយត្រូវតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសរួចរាល់ហើយ ។ រឿងនេះសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយនៅតែបន្តរកឯកសារជាវត្ថុតាងជាបន្តបន្ទាប់ ដើម្បីឱ្យតុលាការចោទប្រកាន់ និងផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ