ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​​​​ឆ្មក់​​ចូល​​ទីតាំង​កែច្នៃឈើ​ប្រណីត​​ពីរ​កន្លែង​នៅ​​​ក្រុងសៀម​រាប​

14 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​ទីតាំង​​​កែច្នៃ​​ឈើ​ប្រណីត​​ដុះស្លែ​ពីរកន្លែង​​ក្នុង​ចំណោម​​ទីតាំង​សិប្បកម្ម​​កែច្នៃឈើ​ដ៏ច្រើន​​​នៅក្នុង​​ក្រុង​សៀម​រាប​ ​បាន​ត្រូវ​កម្លាំង​​​​​ចម្រុះ​​​​ដឹកនាំដោយ​​តំណាង​អយ្យការ​​អម​សាលា​ដំបូង​​​​ខេត្ត​​​ឆ្មក់​ចូល​​​បង្ក្រាប​និង​​​រឹប​អូស​បាន​វត្ថុ​​តាង​​​​ប្រព្រឹត្ត​​បទ​ល្មើស​​​ព្រៃឈើ​មួយ​ចំនួន​​​ដូចជា​ ម៉ាស៊ីន​​អារ​ច្រៀក​​​ចំនួន​២គ្រឿង​​​ ឈើ​ប្រណីត​​និង​ឈើ​លេខ១ ​ចំនួន​​ជិត​៥​​ម៉ែត្រ​គូប ​ព្រមទាំង​​ចាប់​ឃាត់​​​​​ខ្លួន​ឈ្មួញ​​ឈើ​​​មួយរូប​​​​ផង ដែរ ។ ​ប្រតិបត្តិការ​​​​​ចុះ​បង្ក្រាប​​​​នេះ ​​​​បាន​​ធ្វើ​ឡើង​​កាលពី​​ព្រឹក​​​​​ថ្ងៃ​ទី​៦​ ​កុម្ភៈ  ​ឆ្នាំ​​២០១២​ ​​ក្រោម​ការ​​​​បញ្ជា​ពី​​​លោកទី​ ​សុវិន​ថាល់ ព្រះរាជអាជ្ញាអម​សា​លា​ដំបូង​​ខេត្ត​ និង​មាន​ការ​​ដឹកនាំ​កម្លាំង​​ផ្ទាល់​​ដោយ​​ព្រះរាជ​អាជ្ញា​​រង​​​ចំនួន​៣រូប ​រួមមាន​​លោក​អ៊ុយ សំភារ លោក​​ ស៊ីវ ​វឌ្ឍនា​ ​និង​លោក​​​សំរឹទ្ធ ​សុខុន   ​​​ហើយ​កម្លាំង​​រដ្ឋបាល​ព្រៃឈើ​​សង្កាត់​​​​បាគង​ និង​នគរ​បាល​​​​​បង្ក្រាប​​​បទ​ល្មើស​​សេដ្ឋកិច្ច ជាកម្លាំង​​​សហប្រតិបត្តិការ​​ ។

យោងតាម​​ប្រភព​​ពីមន្ត្រី​​រដ្ឋបាល​ព្រៃឈើ​​​ដែល​​​ចុះ​ទៅ​​​ធ្វើ​កំណត់​​​​​ហេតុ​​បង្ក្រាប​​​បាន​ឱ្យ​ដឹង​ថា  ទីតាំង​​កែច្នៃ​ឈើទាំង​ពីរ​កន្លែង​ដែលត្រូវ​​​​បាន​​បង្ក្រាប​​​​នោះ​​  មួយ​កន្លែង​​ស្ថិតនៅ​​ភូមិ​​តាវៀន  សង្កាត់​​​សាលា​​​កំរើក  មាន​ម្ចាស់​​ឈ្មោះ​​ង៉ោ ឡុង ភេទ​ប្រុស ​និង​​​មួយ​​​កន្លែងទៀត​​​ស្ថិតនៅ​​​ភូមិ​ខ្នារ​សង្កាត់​​​ជ្រាវ មាន​ម្ចាស់​​ឈ្មោះ​​សូរ ខួង ភេទ​ ប្រុស ។ ​កន្លែង​​ទាំងពីរ​​នេះ​បើកដំណើរ​ការ​​​រាប់​​​ឆ្នាំមក​ហើយ​​​ទើ​​បតែពេល​​​នេះ​ស៊យ​​ត្រូវ​បាន​បង្ក្រាប។  ទោះជា​យ៉ាងណា  លោក​​យឹម ស៊ីវ៉ន់  នាយ​​​សង្កាត់​​​រដ្ឋបាល​ព្រៃឈើ​​​​បាគង​ដែល​​​ចូលរួម​​​ក្នុង​ការ​បង្ក្រាប​​នេះ​​បាន​​ថ្លែង​​ថា សិប្បកម្ម​​របស់​ឈ្មោះ​ង៉ោ ឡុង ​មាន​​ច្បាប់​​​ត្រឹមត្រូវ​​ចេញ​​​ដោយ​​លោក​នាយ​​​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​សៀម​រាប​​ ត្រឹម​​​តែជាសិប្បកម្ម​​​ផលិតគ្រឿង​​សង្ហារិម​ខ្នាត​​តូច ប៉ុន្តែ​​ម្ចាស់​​បាន​អនុវត្ត​​លើសពី​​លិខិត​អនុញ្ញាត​​ ដោយ​​គាត់​បាន​​​ដាក់​​ម៉ាស៊ីន​​​​អារ​ច្រៀក​​ខ្នាត​​ធំ សម្រាប់​​បម្រើ​​សកម្ម​ភាព​​​អារ​ច្រៀ​ក​​​​ឈើ​បន្ថែម​​ទៀត​ ឯមួយ​កន្លែង​ទៀត​ក៏​មាន​ច្បាប់​​​​​​ដែរ  ប៉ុន្តែ​​​​​ច្បាប់​​​នោះ​​បាន​ផុត​​​សុពល​ភាព​​ទៅ​ហើយ​ ​ទើប​ថ្ងៃ​​នេះ​​កម្លាំង​​សមត្ថ​កិច្ច​​​ចុះ​មក​​ពិនិត្យ​​ឃើញ​​មិន​ប្រក្រតី​​​​ក៏​បង្ក្រាប​តែម្តង ។

លោកយឹម ​ស៊ីវ៉ន់ ​​បានបញ្ជាក់​ថា ​នៅ​ក្នុង​​​​ប្រតិបត្តិការ​​​​នេះ​សមត្ថកិច្ច​​បាន​ធ្វើ​ការ​​​​រឹប​អូស​​​ម៉ាស៊ីន​​ច្រៀក​ឈើ​​​ចំនួន​ពីរ​គ្រឿង​ និងឈើ​​​​ប្រណីត​​​ និង​លេខ​១​ចំនួន​​​​​ជិត​៥មែ៉ត្រគូប ​ក្នុង​នោះ​​សិប្បកម្ម​​​របស់​ឈ្មោះ​​ង៉ោ  ឡុង រឹប​អូស​បាន​ឈើ​​​ជាង​​​៣​ម៉ែត្រគូប​ និង​ម៉ាស៊ីន​​​​​ច្រៀក​​ឈើ​​មួយ​​គ្រឿង​ ។ ចំណែក​​​សិប្បកម្ម​របស់​​​ឈ្មោះ​សូរ ​ខួង  រឹប​អូស​បាន​ឈើ​​​ដែល​មាន​មុខកាត់​​ធំៗ​ចំនួន​​ជាង១​​ម៉ែត្រ​គូប និង​ម៉ាស៊ីន​​​ច្រៀក​​ចំនួន​មួយ​គ្រឿង​​ផងដែរ ។  ​បច្ចុប្បន្ន​​​ វត្ថុ​តាង​​ទាំងនេះ​ត្រូវ​បាន​​​ដឹក​យក​​មក​រក្សា​​​ទុក​នៅខណ្ឌ​​​រដ្ឋបាល​ព្រៃឈើ​​​សៀម​រាប​ ដើម្បី​​​បន្ត​​ចាត់​ការ​តាម​​នីតិវិធី​​ច្បាប់​​​​ស្តីពី​​​ព្រៃឈើ ។

ប្រភព​​ព័ត៌​មាន​​​ពីក្រុម​​អ្នក​តាម​ដាន​បទ​​ល្មើស​​ព្រៃឈើ​​បាន​ឱ្យ​ដឹង​ថា សិប្បកម្ម​​របស់​ឈ្មោះ​​​ង៉ោ  ​ឡុង ​បាន​បើក​ដំណើរ​ការ​​​រាប់​​​សិប​ឆ្នាំមក​ហើយ​ ​​ដោយ​មុននេះ​គេយក​លេសថា​​​ធ្វើ​​គ្រែឱ្យ​យោធា​​ តែ​ក្រោយ​មក​​គេ​បាន​​ទទួល​​​ទិញ​​ឈើ​​គ្រប់​ប្រភេទ​ពីឈ្មោះ​​ស្នា ដែល​ដឹក​ចូល​​តាម​រថយន្ត​​ធំ​មួយគ្រឿង​​ពី​​តំបន់​​ស្រែ​ណូយ ​​ស្រុក​វ៉ារិន​ ​ក្រោម​រូប​ភាព​​​​ដឹកអុស ប៉ុន្តែ​អុស​ទាំងនោះ​​មាន​​មុខកាត់​​ធំៗ ​រួចហើយ​​​អារច្រៀក​​ដោយ​​​គ្មាន​​អ្នក​រំខាន​​​ឡើយ​សម្រាប់​​​​ចែក​ចាយ​​នៅតាម​​ទី​​ផ្សារ​​ក្នុង​ខេត្ត ។ ​ចំពោះ​​​​ការ​​​បង្ក្រាប​​សិប្បកម្ម​​ទាំងពីរ​​នេះ ​ធ្វើ​ឱ្យ​​​ក្រុមអ្នក​​តាម​ដាន​​ពី​បទ​ល្មើស​ព្រៃឈើ​​​ក៏ដូចជា​​​​អ្នក​ស្រឡាញ់ធនធាន​​​​ធម្មជាតិ​​ស្វាគមន៍​​​​យ៉ាង​​​​​​​​​ខ្លាំង​​​ ប៉ុន្ដែ​ពួក​គេ​បាន​អះអាង​ថា​ ការ​បង្ក្រាប​​តែសិប្ប​កម្ម​ចំនួន​ពីរ​នេះ​​គឺ​​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​​ពួក​គេ​ឃើញ​មាន​ទីតាំង​សិប្បកម្ម​រាប់​សិប​កន្លែង​ទៀត​កំពុងតែ​ដំណើ​រការ​យ៉ាង​រលូន ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ​លោក​យឹ​ម ស៊ី​វ៉​ន់ បាន​អះអាង​ថា ​នៅ​ទូ​ទាំង​ក្រុង​សៀមរាប​មាន​សិប្បកម្ម​ដែល​ចេញ​ច្បាប់​អនុញ្ញាត​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មាន​ចំនួន​តែ៨​ទីតាំង​ប៉ុណ្ណោះ ក្រៅពី​នោះ​នៅ​មានកន្លែង​លក់​គ្រឿង​សង្ហា​រិម​ចំនួន​ជាង៣០ទីតាំង​ទៀត តែ​នៅ​តាម​បណ្ដា​ស្រុក​លោក​មិន​បានដឹង​ទេ ។ ក្រុម​មន្ដ្រី​រដ្ឋ​បាល​ព្រៃឈើ​បាន​បង្ហើប​ថា ​ដើម្បី​បាន​ច្បាប់​ធ្វើ​សិប្ប​កម្ម​​ពី​រដ្ឋបាល​ព្រៃឈើ​ ម្ចាស់​សិប្បកម្ម​ត្រូវ​តែ​មាន​ឯកសារ​បញ្ជាក់​ពី​ឈើ​ស្របច្បាប់ ដូច​ជា ​ឈើ​ចេញពី​ដី​ព្រៃ​សម្បទាន និង​ឈើ​ដេញថ្លៃ​ពី​រដ្ឋ បាល​ព្រៃឈើ​ជាដើម ហើយ​ករណី​ដេប៉ូ​ទិញ​លក់​ឈើ​ក៏ដូច​គ្នា​អុីចឹង​ដែរ ប៉ុន្ដែ​នៅ​ក្នុ​ងនី​តិ​វិធី​នោះ​គេ​សង្ស័យ​ថា ក្រុម​ឈ្មួញ​និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អាច​មានការ​ឃុបឃិត​គ្នា ព្រោះ​កន្លែង​ខ្លះ​បើក​ដំណើ​រការ​អារច្រៀក​ឈើ​រាប់​ឆ្នាំ​មក​ហើយ​តែ​ឈើ​មានច្បាប់​ទាំងនោះ​មិន​ចេះ​អស់​ទាល់តែ​សោះ ហាក់ដូចជា​ចេះ​ជប់​ ។

ជុំវិញ​ការ​បង្ក្រាប​​សិប្បកម្ម​ទាំង​ពីរ​ខាងលើ​លោក​ទី សុ​វិ​ន​ថា​ល់ ដែល​បាន​ចេញ​បញ្ជា​ឱ្យ​មាន​ប្រតិបត្ដិកា​របង្ក្រាប​​នេះ​មាន​ប្រសាសន៍​ថា     «​នេះ​គឺជា​ការ​អនុវត្ដច្បាប់​ស្ដី​ពី​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​យើង​​ចាប់​ផ្ដើម​ត្រឹម​ការ​ចុះ​ត្រួតពិនិត្យ​រាល់​ទីតាំង​កែច្នៃ​ឈើ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្ដ ដើម្បីពិនិត្យ​ទៅ​លើ​ច្បាប់​​របស់​ពួក​គេ​ដែល​ចេញ​ដោយ​រដ្ឋបាល​ព្រៃ​ឈើ​» ​។

លោក​បាន​បញ្ជាក់ថា​ ក្នុង​ករណី​យើង​​រក​ឃើញ​ថា​កន្លែង​ណាមួយ​មិន​មានច្បាប់ ឬ​អនុវត្ដ​លើ​សពីច្បាប់​អនុញ្ញាត​ដូច​ជា​ដាក់​ម៉ា​ស៊ី​ន​ខ្នាត​ធំ អា​រច្រៀក​ឈើ​ជាដើម ដូចករណី​ទី​តាំង​ដែល​រក​ឃើញ​ថ្ងៃនេះ ​យើង​នឹង​ធ្វើកា​រ​បង្ក្រាប​​ព្រមទាំង​បង្គាប់​ឱ្យ​ខាង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ចងក្រង​សំណុំ​រឿង​បញ្ជូន​មក​កាន់​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​កម្ពុជា​ ។

លោក​ទី​ សុវិនថាល់ ​បន្ត​ថា លោក​ធ្លាប់​បាន​ធ្វើការ​ព្រមាន​ទៅ​ក្រុម​អ្នក​ផ្សងព្រេង​ដឹក​ជញ្ជូន​​​​ឈើ​ទាំងអស់​ជា​ពិសេស​ឈើ​គ្រញូង​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​ចំពោះ​ករណី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ជា​ពិសេស​ឈើ​គ្រញូង​ លោក​លែង​មានការ​លើកលែង​ឬ​អាណិតអាសូ​រទៀត​ហើយ  ឱ្យ​តែ​ចាប់​បាន​ឈប់​ពិនិត្យ​អន្ដរកាល​ទៀត​ហើយ​គឺ​ត្រូវ​តែ​បញ្ជូនខ្លួន​មក​កាន់​តុលាការ​ដើម្បី​​រក​បក្សពួក​ពាក់​ព័ន្ធ និង​អ្នក​ទទួល​សំណូក​ពី​ឈ្មួញ​យក​មក​ផ្ទ​ន្ទា​ទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ​​របស់​ប្រទេស​កម្ពុជា ពីព្រោះ​ថា​ប្រជាពល​រដ្ឋ​ព្រំដែន​ខាង​ឧត្ដរមានជ័យ​ជាច្រើននាក់​ត្រូវ​បាន​យោធា​សៀម​បាញ់​ស្លាប់​​ជា​បន្ដបន្ទាប់​ដោយ​សារ​​ការ​ស៊ី​ស្នួល​ឡើង​ទៅ​កាប់ ឬ​ជញ្ជូន​ឈើ​គ្រញូង ដូច្នេះត្រូវ​តែអនុវត្ដ​ច្បាប់​ឱ្យ​បាន​ស្មើភាព​មិន​ថា​ថ្នាក់​ណា​នោះ​ទេ ៕