ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សំរេច​បង្ខំ​ឱ្យ​ទណ្ឌិត​មូរ សុខហួរ បង់ប្រាក់​សំនង​តាម​រយៈ​ការ​កាត់ប្រាក់ខែ​សមាជិក​សភា

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក សុខរឿ​ន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ទៅ​សមត្ថកិច្ច​ដោយ​តម្រូវ​ឱ្យ​បង្ខំ​លោកស្រី​មូរ សុខ​ហួរ បង់ប្រាក់​សំណង​ពិន័យ និង​ជំងឺ​ចិត្ដ​ទៅ​ស្ថាប័ន​​រដ្ឋ (​រតនាគារ​រាជធានី​ភ្នំពេញ​) និង​ដើម​បណ្ដឹង​គឺ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន តាម​រយៈ​កាត់​ប្រាក់ខែ​សមាជិក​សភា​របស់​លោកស្រី ។ ដីកា​ឱ្យដំណឹង​បាន​បញ្ជាក់​ថា ផ្អាក​ការ​​អនុវត្ដ​បញ្ជា​ឱ្យ​បង្ខំ និង​ឱ្យ​ឃុំខ្លួន​តាម​ច្បាប់​ជា​បណ្ដោះអាសន្ន ទុក​ឱ្យ​តុលាការ​អនុវត្ដ ដោយ​បង្ខំ​ទារប្រាក់​សំណង និង​ជំងឺ​ចិត្ដជា​​មុន ។ បង្គាប់​មក​ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​ម្ចាស់បំណុល​នៃ​ការ​អនុ​វត្ដ​លើ​ប្រាក់​ពិន័យ​ប្ដឹង​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​បង្ខំ​រឹបអូស​ទ្រព្យសម្បត្ដិ​របស់​ទណ្ឌិត​មូរ សុខ​ហួរ តាម​នីតិវិធី​នៃ​ច្បាប់ ក្រោយ​ពី​រឹបអូស​ប្រាក់​សំណង​ជំងឺ​ចិត្ដ​រួច ។

មន្ដ្រី​នគរបាល​យុត្ដិធម៌ មាន​ភារកិច្ច ប្រគល់​ដីកា​នេះ​ឱ្យទៅ​ទណ្ឌិត​ឈ្មោះ​មូរ សុខហួរ ក្នុង​ករណី​សាមីខ្លួន និង​ក្រុម​គ្រួសារ​មិនព្រម​ទទួល ត្រូវ​បិទ​ដីកា​នេះ​នៅ​នឹង​លំនៅឋាន​របស់​សាមីខ្លួន​១​សន្លឹក​, បិទ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​១​សន្លឹក និង​បិទ​នៅ​ស្នាក់​ការ សង្កាត់​១​សន្លឹក ទុកជា​ការ​ជូនដំណឹង ហើយធ្វើ​កំណត់ហេតុ​ស្ដី​ពី​ការ​ជូនដំណឹង​នេះ រួចបញ្ជូន​មក​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជ​​ធានី​ភ្នំពេញ វិញ​ឱ្យ​បាន​ឆាប់រហ័ស ។ ដីកានេះ​មាន​ប្រសិទ្ធភាព​អនុវត្ដ​ចាប់ពី​ពេល​ចុះ ហត្ថលេខា​នេះ​តទៅ គឺ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ ២០១០ ៕