ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់កាបូបបានជាង២,០០០ដុល្លារសមត្ថ​កិច្ច​តាម​ប្រមាញ់​បាន​៤នាក់

13 ឆ្នាំ មុន

ខេត្តកំពង់​ចាម ៖ ជនសង្ស័យ៤​នាក់​​បាន​ត្រូវកំលាំងនគរបាលស្រុកមេមត់ ចាប់​បាន​ជា​បន្ត​បន្ទាប់ ក្រោយ​ពីធ្វើសកម្មភាពឆក់កាបូប​ពី​ភ្ញៀវដែលចូលរួមក្នុងពិធីជប់លៀងខួប​កំណើត​ មួយ កាលពីវេលាម៉ោង៧និង៣០​នាទី​យប់ថ្ងៃទី​១៧ តុលា ២០១០ នៅភូមិត្បូង​វត្ត ឃុំមេមត់ ស្រុកមេមត់។ ក្នុង​​កាបូប​​នោះត្រូវ​បាន​អះ​អាង​​ថា មាន​លុយ​ជាង​២.០០០ដុល្លារ និង​ជាងដប់ម៉ឺនរៀល ​ព្រមទាំងទូរស័ព្ទដៃចំនួន៣​គ្រឿង​។ លោកវរសេនីយ៏ត្រីឯម កុសល អធិការ​នគរ

ខេត្តកំពង់​ចាម ៖ ជនសង្ស័យ៤​នាក់​​បាន​ត្រូវកំលាំងនគរបាលស្រុកមេមត់ ចាប់​បាន​ជា​បន្ត​បន្ទាប់ ក្រោយ​ពីធ្វើសកម្មភាពឆក់កាបូប​ពី​ភ្ញៀវដែលចូលរួមក្នុងពិធីជប់លៀងខួប​កំណើត​មួយ កាលពីវេលាម៉ោង៧និង៣០​នាទី​យប់ថ្ងៃទី​១៧ តុលា ២០១០ នៅភូមិត្បូង​វត្ត ឃុំមេមត់ ស្រុកមេមត់។ ក្នុង​​កាបូប​​នោះត្រូវ​បាន​អះ​អាង​​ថា មាន​លុយ​ជាង​២.០០០ដុល្លារ និង​ជាងដប់ម៉ឺនរៀល ​ព្រមទាំងទូរស័ព្ទដៃចំនួន៣​គ្រឿង​។ លោកវរសេនីយ៏ត្រីឯម កុសល អធិការ​នគរ​បាលស្រុកមេមត់បានឱ្យដឹង​ថា ក្រុមជនសង្ស័យ​ទាំង៤​នាក់​​នោះ​មាន១-ឈ្មោះអ៊ឹម ចាន់ធន់ ភេទ​ប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះសួង វិចិត្រ ភេទ​ប្រុស អាយុ​​២០ឆ្នាំ ៣-ឈ្មោះសុខ ភក្តី​ ភេទ​ប្រុស អាយុ​១៥​​ឆ្នាំ និង​៤-ឈ្មោះចាន់ សុភា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទាំងអស់​គ្នា​មានទីលំនៅ​ភូមិ​មេមត់ ឃុំមេមត់ ស្រុកមេមត់។

លោកអធិការនគរបាលស្រុកមេមត់បាន​បន្តថា នៅក្នុងហេតុការណ៍នោះ​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើលឈុលតែម្តងហើយ​​ កំលាំង​នគរបាល​ប៉ុស្ត៏មេមត់និងជំនាញព្រហ្មទណ្ឌស្រុក​បានចុះមក​ស្រាវជ្រាវសួរនាំរហូតឈានដល់​កំណត់អត្ត​សញ្ញាណក្រុមនេះ។ ពេលនោះលោក​​បានបញ្ជា​ឱ្យកំលាំងតាមចាប់ទាំងយប់ ហើយក្នុងរយៈ​ពេល២ម៉ោងក្រោយមកកំលាំងក្រោមឱវាទ​តាមចាប់ជនសង្ស័យបាន​ម្នាក់ឈ្មោះចាន់ ធន់ ខណៈ​ជន​នេះកំពុង​ជិះ​ម៉ូតួ​គេច​ខ្លួន​ដល់ផ្លូវ​លំ​មួយស្ថិតនៅភូមិសំពៅលូន ឃុំជាំតាមៅ ស្រុក​មេមត់ ដែលមានចំងាយប្រមាណ៧​គីឡូម៉ែត្រ​ពីកន្លែងកើតហេតុ។ ជន​នេះ​ជា​មេខ្លោច​ដែល​បានឆក់កាបូប​ និងជាមុខ​សញ្ញា​ចោរកម្មនាពេល​កន្លងមក ហើយប្រើប្រាស់​គ្រឿងញៀនទៀងផង ដោយបានគេចខ្លួនទៅ​រស់នៅភ្នំពេញ៤ទៅ​៥​ឆ្នាំ​ ​មក​ហើយ​។ លុះពេល​ត្រឡប់មកស្រុកវិញ ​បាន​តែ​៣ថ្ងៃ​ក៏​ប្រព្រឹត្តសកម្មភាពឆក់កាបូបជាមួយ​នឹង​បក្សពួក។ តាមរយៈការឆ្លើយសារភាព សមត្ថ​កិច្ច​ក៏​ឈានទៅចាប់​បានបក្សពួក​៣នាក់​ទៀត។

យោងតាមពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ​​វ៉ាន់ ចាន់ម៉ូនីកា អាយុ២៧ឆ្នាំ រស់នៅភូមិត្បូងវត្ត​ឃុំ​មេមត់ ស្រុកមេមត់បាន​រៀបរាប់​ថា នាល្ងាចថ្ងៃទី​១៧​ តុលា នាងបានទៅចូលរួមក្នុងពិធីជប់​លៀង​​ខួបកំណើតកូនរបស់អ្នកភូមិជាមួយគ្នា ​ហើយ​នាម៉ោង៧និង៣០នាទី​ ខណៈពេលកំពុង​ឈ​រដួស​បង្អែមហូបដោយដាក់កាបូបនៅលើ​ជើងម៉ាក្បែរខ្លួន ស្រាប់តែមានមនុស្ស​៣នាក់​មកលួចឆក់កាបូបយក​ទៅបាត់។ ពេលនោះ​នាងបានស្រែឆោឡោឱ្យគេឯងជួយតាមចាប់​តែមិនអាចចាប់បានទេភ្លាមៗនោះ។​ ចំពោះ​របស់​​ទ្រព្យដែលបាត់រួមមានលុយចំនួន២.២០០​ដុល្លារនិងជាង១០ម៉ឺនរៀល ព្រមទាំង​​ទូរស័ព្ទ​ចំនួន៣គ្រឿង។ លោកវរសេនីយ៍ត្រីឯម កុសល បានបញ្ជាក់​ថា ក្នុងពេល​​​ចាប់បានជនសង្ស័យឈ្មោះអ៊ឹម ចាន់ធន់ ភ្លាមៗ​គឺសមត្ថកិច្ចដកហូតបានលុយ​ចំនួន​៥០០​ដុល្លារ​និង​ទូរស័ព្ទ២គ្រឿងមកវិញ ​តែប៉ុណ្ណោះ​ រួចប្រគល់​ឱ្យ​ស្រ្តីរងគ្រោះជាម្ចាស់​កាបូប។ ​​ជន​សង្ស័យទាំង៤​នាក់ត្រូវបានកសាង​សំណុំ​រឿងបញ្ជូនទៅកាន់​សាលាដំបូងខេត្តដើម្បី​ចាត់តាមនីតិ​វិធីច្បាប់៕