ខេត្តកណ្តាល ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ C100 ពណ៌ក្រហម អស់សាំងក៏ឈប់ម៉ូតូបើកគម្របធុងមើលនៅលើដងផ្លូវ ក៏ត្រូវរថយន្តកាមរីគូទស្វិតបើកបោះពួយទៅបុកពីក្រោយពេញទំហឹង បណ្តាលស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ម្នាក់ទៀតរងរបួសស្រាល ។ េហតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ១១០ ក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង កាលពីម៉ោង៦ល្ងាចថ្ងៃទី៤ មករា ឆ្នាំ២០១២ ។
លោកគឹម ពេញ អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឱ្យដឹងថា ក្រោយពីកើតហេតុអ្នកបង្កបានបើករថយន្តរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលស្ទាក់ចាប់បាន ។ ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ឈ្មោះចាន់ ឃ្នី អាយុ១៨ឆ្នាំ និងម្នាក់ទៀតរងរបួសស្រាលឈ្មោះអឿន លឹម អាយុ១៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ជិះម៉ូតូ C100 កូរ៉េ ពណ៌ក្រហម ។ ចំណែកអ្នកបើកបររថយន្តឈ្មោះអ៊ុន ដារិទ្ធ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បើករថយន្តម៉ាកកាមរី ស៊េរី១៩៩០ ពណ៌កណ្តុរប្រមេះ។ មន្ត្រីនគរបាលបានឱ្យដឹងទៀតថា នៅពេលកើតហេតុយុវជន២នាក់ជិះម៉ូតូសង់កូរ៉េពីជើងទៅត្បូងលើផ្លូវជាតិលេខ១១០ លុះដល់ចំណុចកើតហេតុខាងលើមុខគណបក្សប្រជាជនឃុំខ្ពប ម៉ូតូរបស់ជនរងគ្រោះអស់សាំង ។ អ្នកតាំងពីរក៏ឈប់ ហើយបើកគម្របសាំងមើល ស្រាប់តែរថយន្តម៉ាកកាមរីមកបុកពីក្រោយពេញទំហឹងតែម្តង ។
អ្នកបើក និងរថយន្តបង្កត្រូវបានកម្លាំងនគរបាលនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពបុរសរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
បាសាក់
ចែករំលែកព័តមាននេះ