ក្រសួងការបរទេសចិន ថ្លែងកាលពីថ្ងៃទី១៩ ធ្នូ ថា ប្រទេសចិនចង់ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម និងថៃ ក្នុងឱកាសនៃទស្សនកិច្ចនាពេលខាងមុខនេះ របស់អនុប្រធានាធិបតីចិន លោកស៊ី ជីនពិញ ក្នុងប្រទេសទាំង២នេះ។ លោកលូ វ៉ីមីន អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានមួយរាយការណ៍ថា លោកស៊ី នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមពីថ្ងៃទី២០ ទៅ២២ ធ្នូ និងនៅថៃពីថ្ងៃទី២២ ដល់២៤ ធ្នូ ។ នៅវៀតណាមលោកស៊ី នឹងជួបពិភាក្សាជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោកង្វៀន ភូជុង ប្រធានាធិបតីវៀតណាម លោកទ្រុង តាន់សាង និងនាយករដ្ឋមន្ត្រី លោកង្វៀន តាន់យុង ព្រមទាំងអ្នកទទួលខុសត្រូវជាន់ខ្ពស់វៀតណាមដទៃៗទៀត ។
លោកនឹងផ្លាស់ប្តូរទស្សនៈគ្នាលើការធ្វើឱ្យស៊ីជម្រៅដល់ទំនាក់ទំនងរវាងបក្សទាំង២ និងប្រទេសទាំង២ ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលមានផលប្រយោជន៍រួម។ អនុប្រធានាធិបតីចិន ក៏គ្រោងចុះហត្ថលេខាផងដែរ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងឡាយជាមួយវៀតណាម ក្នុងវិស័យសុខាភិបាល សារព័ត៌មាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចិន និងវៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាសាកលចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាមួយគ្នា កាលពី៦១ឆ្នាំមុនមក។ អ្នកនាំពាក្យរូបនេះបន្តថា ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបានផ្តល់នូវផលប្រយោជន៍ទាំងឡាយសម្រាប់ប្រជាជនទាំង២។
នៅប្រទេសថៃ លោកស៊ី ជីនពិញ នឹងជួបជាមួយម្ចាស់ក្សត្រីមហាចក្រីស៊ីរិនដន នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ព្រមទាំងអ្នកទទួលខុសត្រូវជាន់ខ្ពស់ថៃដទៃៗទៀត ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ លោកលូ វ៉ីមីន អះអាងថា ចិន និងថៃ មានកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការអន្តរជាតិនិងតំបន់ ៕
ចែករំលែកព័តមាននេះ