រាជធានីភ្នំពេញ ៖ ឃាតកម្មដ៏សាហាវយង់ឃ្នងមួយបានធ្វើឱ្យមានការរន្ធត់ចិត្តរកអ្វីមកថ្លែងមិនបានឡើយ ដែលស្ត្រីក្រមុំចាស់មួយរូបបានជួបនឹងគ្រោះអកុសលត្រូវបានជនដៃដល់ជាឃាតកអារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត ហើយមិនតែប៉ុណ្ណោះ ដៃស្តាំក៏ត្រូវបានកាត់យកប្រអប់ដៃត្រឹម.កដៃសល់ឆ្អឹងលៀនចេញមកក្រៅគួរឱ្យតក់ស្លុតក្រៃលែង ។ តើហេតុអ្វីបានជាជនដៃដល់ហ៊ានប្រព្រឹត្តនូវអំពើដ៏សាហាវហួសនិស្ស័យបែបនេះ និងបានធ្វើឱ្យក្នុងលំនៅឋានរបស់ស្ត្រីរងគ្រោះឆ្អាបឆួលទៅដោយឈាម ហើយទ្រព្យសម្បត្តិមានតម្លៃមួយចំនួន ក៏ត្រូវបានប្លន់យកអស់ដែរ ។
ការសម្លាប់គួរឱ្យញាក់សាច់នេះ បានកើតឡើងនៅវេលាព្រលប់ថ្ងៃទី២៤ វិច្ឆិកា នៅផ្ទះស្ត្រីរងគ្រោះលេខ៤៨E4z ផ្លូវលេខ ១៦៨ សង្កាត់អូរប្ញស្សីទី១ ខណ្ឌ៧មករា ។ ស្ត្រីរងគ្រោះដែលគេដឹងថា ជាក្រមុំចាស់រូបនេះ ឈ្មោះមាស ស្រ៊ី អាយុ៤៨ឆ្នាំ និងមានមុខរបរលក់គ្រឿងសំអាងនៅក្នុងផ្សារអូរប្ញស្សី ដែលបានរស់នៅតែម្នាក់ឯង គ្មានបងគ្មានប្អូន ហើយលំនៅឋានទៀតសោត គឺស្ថិតនៅជាន់ទី៤ ដែលជាទែរ៉ាស់ ស្ងាត់ជ្រងំ កម្រគេដឹងណាស់ថា នឹងមានហេតុការណ៍អ្វីកើតឡើង ។
ស្ត្រីក្រមុំចាស់ត្រូវជនមិនស្គាល់មុខអារ.កដោយកាំបិត ព្រមទាំងកាត់.កដៃស្តាំដាច់ចេញពីកំភួនដៃ ឯខ្លួនប្រាណស្ថិតក្នុងស្ថានភាពអាក្រាតឈាមហូរក្រហមច្រាលពេញផ្ទះ ។ ជនល្មើសពិតជាបានប្លន់ដោះយកគ្រឿងអលង្ការមានខ្សែដៃ ខ្សែ.កអស់ពីខ្លួន ដែលនេះជាអំពើប្លន់យ៉ាងសាហាវឃោរឃៅជាទីបំផុត ។ ទាក់ទិនករណីនេះ ត្រូវបានសាក្សីឈ្មោះផល ដាវណ្ណ ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យមួយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនបានជួលផ្ទះស្នាក់នៅក្បែរស្ត្រីក្រមុំចាស់ ដែលរងគ្រោះនេះ ហើយក៏ជាអ្នកស្និទ្ធស្នាលនឹងគ្នាទៀតផង ។ យុវនិស្សិតឈ្មោះផល ដាវណ្ណ បានបន្តថា កាលពីថ្ងៃ ស្ត្រីរងគ្រោះបានប្រាប់ខ្លួនថា ល្ងាចបន្តិចឱ្យឡើងទៅផ្ទះគាត់ ដើម្បីយកផ្លែក្រូចទៅប្រគេនព្រះសង្ឃ គង់នៅវត្តមង្គលវ័ន្ត ស្រុកស្អាង ខេត្តកណ្តាលដែលជាទម្លាប់របស់គាត់ដូចសព្វដង តែងបានផ្ញើតាមរូបគេទៅវត្ត ព្រោះថ្ងៃទី២៥ វិច្ឆិកា ត្រូវជាថ្ងៃសីលផង ។ នៅម៉ោងប្រមាណ៧យប់ថ្ងៃទី២៤ វិច្ឆិកា រូបគេក៏បានឡើងទៅផ្ទះជនរងគ្រោះ តែនៅពេលទៅដល់ផ្ទះជនរងគ្រោះត្រូវជាប់សោទ្វារ ឃើញដូច្នេះខ្លួនក៏ចុះមកក្រោមវិញដោយនឹកស្មានថា ប្រហែលជាគាត់មិនទាន់មក ។
ដាវណ្ណ បន្តថា កន្លះម៉ោងក្រោយមកខ្លួនក៏ឡើងទៅម្តងទៀត តាមកាំជណ្តើរងងឹតសូន្យសុងខ្លួនក៏បានពឹងពាក់អ្នកជិតខាង៣នាក់ឱ្យជូនទៅជាមួយ ពេលទៅដល់ឃើញចាក់សោទ្វារ
ដដែល ។ ពេលនោះក៏នាំគ្នាស្រែកហៅជនរងគ្រោះ តែពុំមានសំឡេងឆ្លើយតបទេ ។ ដោយសារផ្ទះស្ត្រីនោះមានរបង និងទ្វារមួយជាន់ទៀត ទើបធ្វើឱ្យពួកគេមិនអាចចូលទៅមើលដល់ក្នុងផ្ទះបាន គឺបានត្រឹមតែស្រែកហៅពីក្រៅ ។ ពេលស្រែកហៅលើកទី២ នៅតែមិនទទួលបានការឆ្លើយតប ពួកគេក៏ចុះទៅក្រោមរកឈ្មោះតាសុង ជាអ្នកកាន់សោរបងរួមនៅខាងលើ ព្រោះតាសុងមានកូនសោរបងដែលគាត់តែងឡើងទៅដេកនៅទែរ៉ាស់ខាងលើយកខ្យល់អាកាសរាល់ថ្ងៃ ។
បន្ទាប់ពីបានសោរបងពីតាសុងហើយ ខ្លួនក៏ចូលដល់ផ្ទះជនរងគ្រោះឃើញទ្វារផ្ទះជាប់សោ ក៏បានយកពិលបញ្ចាំងមើលទៅក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ពេលនោះទើបដឹងថា ជនរងគ្រោះត្រូវគេសម្លាប់។ ឃើញហេតុការណ៍គួរឱ្យរន្ធត់បែបនេះ ខ្លួន និងញាតិជិតខាងបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីឱ្យបានដឹងពីករណី
នេះ ។ ក្រោយទទួលបានព័ត៌មាននេះ នគរបាលជំនាញបានមកធ្វើការត្រួតពិនិត្យដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង និងបានគាស់ផ្ទះជនរងគ្រោះចូលពិនិត្យ ។
តាមការសន្និដ្ឋានជំហានដំបូងរបស់មន្ត្រីជំនាញថា ស្ត្រីរងគ្រោះឈ្មោះមាស ស្រ៊ី ត្រូវជនមិនស្គាល់មុខសម្លាប់ដោយអារ.ក រួចទើបកាត់កដៃស្តាំ ហើយម្រាមដៃ២ត្រូវដាច់ ឯខ្លួនប្រាណមានសភាពអាក្រាត និងមានការសង្ស័យថា អាចមានការចាប់រំលោភផង ហើយបន្ទាប់មកទើបប្លន់ដោះយកខ្សែដៃ ខ្សែ.ក លុយកាក់ ទ្រព្យសម្បត្តិមួយចំនួន។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ទៀតថា ជនល្មើសអាចមានតែម្នាក់ទេ និងចូលទៅធ្វើសកម្មភាពដោយឆ្លងតាមផ្ទះអ្នកជិតខាងនៅខាងលើនោះដែរ ។ បានជាមានការសន្និដ្ឋានបែបនេះ ព្រោះទ្វាររបង១ជាន់នោះមិនត្រូវបានរបើកទេ ។
ការសន្និដ្ឋានមួយទៀតបាននិយាយថា ជនល្មើសនិងជនរងគ្រោះអាចជាមនុស្សស្គាល់គ្នា និងពេលចូលផ្ទះក៏ចូលទៅជាមួយគ្នា ព្រោះការធ្វើសកម្មភាពសម្លាប់ដោយអារ.ក កាត់ដៃ ឈាមហូរប្រឡាក់ពេញក្នុងផ្ទះមិនត្រូវបានអ្នកជិតខាងណាម្នាក់ដឹង ឬសូរសំឡេង ឬសម្រែកបន្តិចណាសោះ ។
ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ ព្រោះការសម្លាប់បែបនេះ អាចផ្តើមចេញពីមនុស្សស្គាល់គ្នាយ៉ាងពិតប្រាកដហើយប្រហែលមានគម្រោងប្លន់សម្លាប់បំបិទមាត់ផងដែរ ។ សពត្រូវបានដឹកចេញទាំងយប់យកទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីប្រគល់ឱ្យសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី ។
នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា ព័ត៌មានពីការសម្លាប់ដ៏ព្រៃផ្សៃនេះត្រូវបានលេចឮខ្ទរខ្ទារធ្វើឱ្យអ្នកជិតខាង និងអ្នកដំណើររាប់សិបនាក់ទៅចោមរោមឈរមុខជណ្តើរច្រកឌឿងហែមឡើងទៅផ្ទះជនរងគ្រោះយ៉ាងណែនណាប់តាន់តាប់។ ជាមួយនេះផងដែរ សមត្ថកិច្ចក៏បានធ្វើកិច្ចការងារបន្តដោយបានអញ្ជើញអ្នកជិតខាងទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ដើម្បីសួរនាំរកពន្លឺសម្រាប់ការស៊ើបអង្កេតរកមុខឃាតក។
ក្នុងចំណោមមនុស្សជាច្រើននាក់ដែលនគរបាលហៅទៅសាកសួរ គឺមានបុរសម្នាក់ឈ្មោះម៉ា ជីគីន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦E4 ជាប់នឹងផ្ទះជនរងគ្រោះត្រូវសមត្ថកិច្ចសង្ស័យ ព្រោះឃើញមានស្នាមមុតកាំបិតនៅដៃ និងមានស្នាមក្រញៅនៅលើខ្លួនទៀតផងធ្វើឱ្យសមត្ថកិច្ចនាំខ្លួនទៅឆែកឆេរលំនៅឋានដើម្បីរកភស្តុតាងផ្សេងទៀត។ ពេលទៅឆែកឆេរផ្ទះជនសង្ស័យ សមត្ថកិច្ចបានរកឃើញខោជើងវែងរបស់ជននេះមានប្រឡាក់ឈាមតិចតួច ។ ក្រៅពីនោះមិនបានរកឃើញអ្វីជាភស្តុតាងគួរឱ្យកត់សម្គាល់ ទេ ។ ឈ្មោះម៉ា ជីគីន ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរបន្ថែម។
ឈ្មោះម៉ា ជីគីន ជាជនសង្ស័យត្រូវបានគេហៅក្រៅថា «ជាំ» ព្រោះគេជាំមុខមួយចំហៀង ជាអ្នករត់ម៉ូតូឌុប និងធ្លាប់ធ្វើចុងភៅឱ្យហាងចិន ព្រោះចេះចិនច្បាស់លាស់ និងជាកូនចៅចិនផងដែរ។ ជនសង្ស័យមានប្រពន្ធធ្វើការនៅរោងចក្រកាត់ដេរ និងមានកូនម្នាក់។ ម៉ា ជីគីន ប្រាប់សមត្ថកិច្ចថា គេមិនពាក់ព័ន្ធក្នុងអំពើរំលោភសម្លាប់ និងប្លន់ទ្រព្យសម្បត្តិស្ត្រីក្រមុំចាស់នេះទេ ។ គេមានស្លាកស្នាមមុតដៃ និងឈាមប្រឡាក់ខោនោះដោយសារគេប្រើកូនកាំបិតកាប់ទឹកកក រីឯស្នាមក្រញៅលើទ្រូង គេអត់ដឹងទេ។
ក្រុមសាច់ញាតិជនរងគ្រោះប្រាប់នគរបាលមូលដ្ឋានថា ជនរងគ្រោះបាត់បង់កាបូបដៃពណ៌ខ្មៅ មួយដែលមានប្រាក់ជាច្រើន ព្រមទាំងគ្រឿងអលង្ការដែលខំប្រឹងរកស៊ីយូរឆ្នាំមកហើយ។
ត្រឹមល្ងាចថ្ងៃទី២៥ វិច្ឆិកា ឈ្មោះម៉ា ជីគីន សមត្ថកិច្ចមិនទាន់កំណត់បានថា ជាជនសង្ស័យសម្លាប់ស្ត្រីក្រមុំចាស់ប្លន់យកទ្រព្យសម្បត្តិនោះពិតប្រាកដនៅឡើយទេ ។ ឯការសង្ស័យថា រំលោភនោះតាមការធ្វើកោសល្យវិច័យរបស់ពេទ្យ តុលាការថា មិនមានការរំលោភទេ៕








ចែករំលែកព័តមាននេះ