ខេត្តកំពត ៖ កុមារាម្នាក់បានលង់ទឹកត្រពាំងនៅក្រោយផ្ទះស្លាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ កញ្ញា ស្ថិតក្នុងភូមិ អូរតូច (ហៅភូមិកុងស៊ី) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ឪពុកកុមាររងគ្រោះឈ្មោះហូង ប៉ិទ្រី អាយុ២៨ឆ្នាំ ម្តាយឈ្មោះង៉ាន ស្រីអូន អាយុ២៦ឆ្នាំ ជាកសិករ មានកូនបីនាក់ (ស្រី២នាក់ ប្រុសម្នាក់) ឯកុមារារងគ្រោះ ជាកូនទី២។ តាមលោកហូង ប៉ិទ្រី ជាឪពុកបានឱ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃនោះកូនៗទាំងបីនាក់បងប្អូននៅអង្គុយលេងមុខផ្ទះ ហើយគាត់កំពុងមើលទូរទស្សន៍ រីឯម្តាយកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ។ លុះប្រមាណជា១០នាទីក្រោយមក ពេលក្រឡេកមើលទៅកូនដែលកំពុងលេងមុខផ្ទះនោះឃើញតែកូនស្រីបងអាយុជាង១០ឆ្នាំ និងកូនស្រីពៅ បាត់កូនប្រុសអាយុ៧ឆ្នាំ ក៏សួរកូនទាំងពីរនាក់តែមិនមាននរណាដឹងទេ។ ពេលនោះគាត់ក៏ប្រញាប់ប្រញាល់រត់ទៅរកនៅតាមផ្ទះបងប្អូនសាច់ញាតិដែលនៅជិតគ្នា តែមិនឃើញកូនសោះ ទើបរត់ទៅចុះរាវក្នុងទឹកត្រពាំងនៅក្រោយផ្ទះក៏ប្រទះឃើញកូនលិចទឹកនៅបាតត្រពាំងទៅហើយ និងបានស្រង់កូនទាំងរន្ធត់ចិត្តដែលពេលលើកសពកូនចេញពីទឹកឃើញកូនខាំផ្លែត្របែកជាប់នៅក្នុងមាត់ ។
បុរសជាឪពុកបានបន្តទៀតថា ដោយមិនអស់ចិត្តក្រែងកូនមិនទាន់ស្លាប់ ក៏ប្រញាប់ប្រញាល់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា កូនគាត់បានស្លាប់ទៅហើយ ក៏ដឹកសពកូនមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ