ខេត្ដកំពង់ឆ្នាំង ៖ “ហ៊ឹង” គឺជាល្បែងម្យ៉ាងដែលក្មេងៗចូលចិត្ដលេងនៅពេលទំនេរ ។ ល្បែងមួយនេះគេឃើញក្មេងៗលេងនៅតាមវាលស្រែដែលពួកគេមើលគោ ក្របី បណ្ដើរលេងហ៊ឹងបណ្ដើរ ។ ល្បែងនេះមិនមានភ្នាល់ដាក់លុយកាក់អ្វីនោះទេ គ្រាន់តែសំរាប់អ្នកដែលចាញ់ គឺត្រូវបានអ្នកឈ្នះដាក់ ទណ្ឌកម្មឱ្យស្រែកហ៊ឹង ហើយរត់សំដៅទីតែប៉ុណ្ណោះ ប៉ុន្ដែហាមមិនឱ្យដាច់សម្លេងហ៊ឹងនោះទេ ។ បើសិនដាច់សម្លេងហ៊ឹងត្រឹមណា នោះអ្នកឈ្នះត្រូវយកកូនហ៊ឹងវ៉ៃបន្ដពីកន្លែងដែលដាច់ត្រឡប់ទៅក្រោយវិញ និងឱ្យអ្នកចាញ់ស្រែកហ៊ឹងរត់បន្ដទៀតរហូតដល់ទី ទើបការលេងត្រូវបញ្ចប់មួយក្ដារ ហើយការលេងនឹងចាប់ផ្ដើមជាថ្មីម្ដងទៀត ។ ល្បែងមួយនេះ ត្រូវបានចាស់ៗជំនាន់ដើម និយាយថា បើស្រុកណាសម្បូរក្មេងៗលេង ហ៊ឹងច្រើន ស្រុកនោះនឹងជួបគ្រោះរាំងស្ងួត គ្មានភ្លៀង ប្រជាពលរដ្ឋស្រុកនោះនឹងដាច់បាយជាក់ជាពុំខាន ។
លោកតា ឯម ឱក អាយុ៧៣ឆ្នាំ រស់នៅ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង ហើយក៏ជាតាអាចារ្យម្នាក់ក្នុងភូមិផង ដែរ បាននិយាយថា ចាស់ៗជំនាន់ដើមមាន ជំនឿថា នៅភូមិ ស្រុក ណាមានក្មេងៗលេង ហ៊ឹងច្រើន ភូមិ ស្រុក នោះនឹងជួបគ្រោះរាំង ស្ងួត ប្រជាពលរដ្ឋនឹងដាច់បាយ ហើយជំនឿ នេះ គឺពិតជាអ៊ីចឹងមែន ។ ដោយហេតុនេះ ហើយទើបចាស់ៗតែងហាមក្មេងៗកុំឱ្យលេងហ៊ឹង ព្រោះខ្លាចជួបគ្រោះរាំងស្ងួត អ្នកស្រុក ដាច់បាយ កើតកលិយុគ ។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជា អបិយជំនឿចាស់បុរាណតែប៉ុណ្ណោះ ឯការ ពិតបែបណានោះមិនមានប្រភពជាក់លាក់នោះទេ ។ ដោយឡែក សំរាប់ខេត្ដកំពង់ឆ្នាំង គេសង្កេតឃើញមានក្មេងៗលេងហ៊ឹងយ៉ាងច្រើនគួរឱ្យកត់ សំគាល់ ហើយអ្វីដែលហួសចិត្ដ នោះ គឺមានមនុស្សធំៗមានអាយុប្រមាណ ជាង២០ឆ្នាំឡើងបាននាំគ្នាលេងហ៊ឹងក្នុងវត្ដយាយទេពដែលមានមនុស្សច្រើននាក់ឈរ
មើលដូចមានក្នុងរូបថតដែលកោះសន្ដិភាពថតបាននេះស្រាប់ ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេលេងហ៊ឹងដាក់លុយទៀតផង ។ មិន ដឹងថា ក្រុមអ្នកលេងហ៊ឹងទាំងនោះ ជាប្រជា ពលរដ្ឋរស់នៅក្បែរវត្ដ ឬជាកូនសិស្សលោក ទេ តែបើមើលទៅ គឺមិនសមភ្នែកទាល់តែ សោះ ខណៈពួកគេខ្លះអាចធ្វើជាប្ដីគេបានទៅ ហើយ ។
យ៉ាងណាក៏ដោយ គេបានកត់សំគាល់ ឃើញថា នៅខេត្ដកំពង់ឆ្នាំងនារដូវវស្សាធ្វើ ស្រែឆ្នាំនេះ គឺមិនបានត្រឹមត្រូវតាមរដូវកាល ទេ ព្រោះតែចុងខែកក្កដា ឬអាចនិយាយថា មកដល់រនោចខែទុតិយាសាឍនេះទៅហើយ មិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សំរាប់ប្រជាកសិករធ្វើស្រែទាន់រដូវកាលទៀត ។ តំបន់ខ្លះ បានសាបហើយអត់ទឹក សំណាបងាប់ក៏មាន ខ្លះមានសំណាបហើយ តែអត់ទឹកស្ទូងក៏មាន ខ្លះមិនទាន់បានធ្វើអ្វីទាំងអស់ ដីស្ងួតហែង ដែលទាំងនេះកើតមានស្ទើរគ្រប់តំបន់ក្នុង ខេត្ដ ។ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា រៀង រាល់ឆ្នាំតែដល់ខែនេះ គឺសន្ទូងខ្លះបែកគុម្ពទៅ ហើយ។ ឆ្នាំនេះភ្លៀងធ្លាក់មិនគ្រប់គ្រាន់ សំរាប់ប្រជាកសិករធ្វើស្រែទាន់ពេលវេលា ដែលទាំងនេះមិនមែនជំនឿរឿងក្មេងលេងហ៊ឹងអីនោះទេ ។ ប៉ុន្ដែសំរាប់អ្នកវិទ្យាសាស្ដ្រ វិញបាននិយាយថា វាជារឿងបំរែបំរួលធម្ម ជាតិព្រោះតែការបំផ្លាញបរិស្ថានធម្មជាតិជុំវិញខ្លួនរបស់មនុស្សដូចជាការកាប់បំផ្លាញព្រៃឈើ និងការបញ្ចេញឧស្ម័នពីរោងចក្រ ដែលធ្វើឱ្យបំផ្លាញស្រទាប់អូហ្សូនក្នុងលំហអាកាសជាដើម ៕
ចែករំលែកព័តមាននេះ