ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋចំនួន៥ភូមិក្នុងឃុំស្វាយជ្រះ ស្រុកស្នួល បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៧ (អាស៊ាន) បង្កឱ្យស្ទះចរាចរណ៍ទៅ-មករយៈពេលពេញមួយព្រឹក។
បាតុកម្មពេញមួយព្រឹកថ្ងៃទី១៧ កញ្ញា នេះគឺធ្វើឡើងដោយប្រជាពលរដ្ឋចំនួន៩៨៦គ្រួសារមកពី៥ភូមិរំពុក ភូមិដូនមា ភូមិតាពុំ ភូមិស្រែចារ និងភូមិតាសោម។
ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋបិទផ្លូវជាតិ ដើម្បីរកដំណោះស្រាយនេះ ជាលើកទី៣ ហើយសម្រាប់ស្រុកស្នួល ខេត្តក្រចេះ តែអាជ្ញាធរខេត្តហាក់ដូចជា មិនទាន់មានចំណាត់ការណា ដើម្បីដោះស្រាយឱ្យពួកគាត់ក្នុងរឿងវិវាទដីធ្លី ជាមួយបណ្តាក្រុមហ៊ុនឯកជនវិនិយោគ ក្នុងស្រុកនេះនៅឡើយទេ។
ប្រជាពលរដ្ឋក្មេងចាស់ ស្រីប្រុស បានយកកំណាត់ឈើដាក់បាំងកណ្តាលផ្លូវ និងអង្គុយ-ឈរលើផ្លូវចំពីមុខសាលាឃុំស្វាយជ្រះ បណ្តាលឱ្យអ្នកដំណើរគ្រប់មធ្យោបាយត្រូវកកស្ទះកកកុញលើដងផ្លូវជាតិគិតចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបមានការធូរស្រាលវិញ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរស្រុក-ខេត្តរួចមក។
ប្រជាពលរដ្ឋនិយាយថា កន្លងមកពួកគាត់ស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយឱ្យពួកគាត់បានទទួលយកដីចំនួនជិត៦.៥០០ហិកតា ជាដីបង្កបង្កើនផលកសិកម្មសម្រាប់ប្រជាពលរដ្ឋទាំង៥ភូមិ ហើយដីទាំងនេះពួកគាត់បានស្នើសុំឱ្យអាជ្ញាធរជួយកាត់ចេញពីប្លង់ដែលក្រុមហ៊ុនទាំងពីរបានវិនិយោគ។ ការស្នើសុំរបស់ពួកគាត់ធ្វើឡើងជាយូរមកហើយ តែរហូតមកទល់ ពេលនេះនៅមិនទាន់មានលទ្ធផល ទើបពួកគាត់សម្រេចធ្វើបាតុកម្មបិទផ្លូវ ដើម្បីរកដំណោះស្រាយ។
ប្រជាពលរដ្ឋអះអាងថា ប្រសិនបើអាជ្ញាធរមិនមានដំណោះស្រាយជូនពួកគាត់ទេ ពួកគាត់នៅតែធ្វើសកម្មភាពដូចនេះតទៅទៀត។ ក្នុងសកម្មភាពបាតុកម្មនាព្រឹកនោះគេឃើញមានការការពារ និងបញ្ជាចរាចរណ៍ដោយកងកម្លាំងប្រដាប់អាវុធ និងមានការសម្របសម្រួលពីលោកហឿ ស៊ីយែម អភិបាលរងខេត្ត តែមិនមានលទ្ធផលទេ ធ្វើឱ្យសកម្មភាពនៃក្រុមបាតុលរកាន់តែខ្លាំងឡើង។
ការបិទចរាចរណ៍បានឈានទៅដល់វេលាម៉ោង១២ថ្ងៃត្រង់ ទើបធូរស្រាលក្រោយពីមានការសម្របសម្រួលសាជាថ្មីពីលោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និងលោកសំ ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួល ដោយមន្ត្រីអាជ្ញាធរបានអះអាងប្រាប់ប្រជាពលរដ្ឋថា អាជ្ញាធរនឹងអញ្ជើញតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋជួបពិភាក្សាគ្នា ពីរឿងទំនាស់នេះនៅសប្តាហ៍ក្រោយ នៅក្នុងសាលាឃុំស្វាយជ្រះ៕
ចែករំលែកព័តមាននេះ