ខេត្តព្រះសីហនុ ៖ នាវាចម្បាំងរបស់ប្រទេសរុស្ស៊ី អមដោយនាវាសណ្តោង និងនាវាដឹកប្រេង២គ្រឿងទៀត ដែលមានកងនាវិកចំនួន៣០០នាក់ បានចូលចតក្នុងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ កញ្ញា ឆ្នាំ២០១១ ក្នុងគម្រោងទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា៦ថ្ងៃ។ នេះជាការចូលចតទស្សនកិច្ចលើកដំបូង ក្រោយពីការខកខានអស់រយៈពេលជាង១៨ឆ្នាំកន្លងមក គិតចាប់តាំងពីដើមទសវត្សទី៨០មក។
ក្រោយពីនាវាចម្បាំងប្រទេសមហាអំណាចយោធាមួយចំនួនដូចជាសហរដ្ឋអាមេរិកជាដើម បានបញ្ជូននាវាចម្បាំងមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាបន្តបន្ទាប់។ មន្ត្រីស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ជាមួយនឹងការពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ការចូលចតរបស់នាវានេះធ្វើឡើង ដើម្បីអបអរសាទរដល់ខួបលើកទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ផងដែរ។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា៦ថ្ងៃ មេបញ្ជាការនាវាចម្បាំងដ៏ធំរបស់រុស្ស៊ីប្រចាំនៅមហាសមុទ្រប៉ាស៊ីហ្វិក ឈ្មោះអាដ មីរ៉ាល់ ប៉ាន់តេឡេវ នឹងដឹកនាំប្រតិភូជួបសំណេះសំណាលជាលក្ខណៈមិត្តភាពជាមួយមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មន្ត្រីជាន់ខ្ពស់កំពង់ផែ និងមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ពិសេសជួបជាមួយសមភាគីកងទ័ពជើងទឹកកម្ពុជា។
ក្នុងឱកាសចូលចតនៅកំពង់ផែសមុទ្រកម្ពុជា មេបញ្ជាការនាវា នឹងអញ្ជើញកងយោធពលខេមរភូមិន្ទមួយចំនួនឱ្យធ្វើទស្សនកិច្ចនៅលើនាវា ដើម្បីស្វែងយល់ពីសម្ភារយោធាបែបទំនើបរបស់រុស្ស៊ី ហើយក៏នឹងអនុញ្ញាតឱ្យសាធារណជន ចូលទស្សនាក្នុងនាវាដោយផ្ទាល់នៅថ្ងៃទី១១ កញ្ញា ចាប់ពីម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច។ យោងតាមការប្រកាសរបស់ស្ថានទូតរុស្ស៊ី ឱ្យដឹងថា នាវាអាដមីរ៉ាល់ ប៉ាន់តេឡេវ មានបំពាក់ដោយសព្វាវុធទំនើបៗបំផុត រួមមានជើងទម្រ សម្រាប់មីស៊ីលបាញ់យន្តហោះធុនគីនហ្សាល ចំនួន៨គ្រឿង ដែលភ្ជាប់ដោយគ្រាប់មីស៊ីលចំនួន៦៤គ្រាប់។ ជើងទម្រសម្រាប់មីស៊ីលធុនរ៉ាសទ្រូបចំនួន៨គ្រឿង ឧទ្ធម្ភាគចក្រប្រឆាំងនាវាធុនកាម៉ូវចំនួន២គ្រឿង ហើយនាវានេះមានចំណុះទឹក៧.៤៨០តោន ចរន្តខ្យល់៧,៨ម៉ែត្រ ជានាវាត្រូវបានប្រើប្រាស់ក្នុងកងទ័ពជើងទឹករុស្ស៊ីឆ្នាំ១៩៩២៕
ចែករំលែកព័តមាននេះ