រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៨ កញ្ញា ២០១១ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃបានរៀបចំពិធីជួបសម្តែងការគួរសម និងសវនាការរវាងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយលោកត្រឹង ដាយក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាដែលដឹកនាំដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកត្រឹង ដាយក្វាង និងគណៈប្រតិភូបានមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់៩ កញ្ញា ២០១១។ លោកត្រឹង ដាយក្វាង ត្រូវបានរដ្ឋាភិបាលវៀតណាម ទើបតែងតាំងថ្មីជារដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្តែងការគួរសម ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា។ ក្នុងជំនួបរវាងលោកត្រឹង ដាយក្វាង និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានភាពសន្តិសុខនៃប្រទេសទាំង២ និងបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងការងារបង្ក្រាបឧក្រិដ្ឋកម្មក៏ដូចជាការផ្លាស់ប្តូរទស្សនៈផ្សេងៗស្តីអំពីប្រតិបត្តិការនៅថ្ងៃនេះ ក៏ដូចជាថ្ងៃខាងមុខ ក្នុងក្របខណ្ឌជួយគ្នា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបម្រើផលប្រយោជន៍ឱ្យកម្ពុជា និងវៀតណាម។
កិច្ចពិភាក្សាគ្នានេះភាគីវៀតណាមបានសន្យាផ្តល់ជំនួយមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងក្របខណ្ឌនគរបាលសន្តិសុខនិងសណ្តាប់ធ្នាប់កម្ពុជា។ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងនគរបាលវៀតណាមមកកម្ពុជាមានសារ សំខាន់មិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ លោកឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់លោកត្រឹង ដាយក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមដែលបានសន្យាផ្តល់ជំនួយសំភារសំរាប់បំរើការងារនគរបាល
កម្ពុជា ៕
ចែករំលែកព័តមាននេះ