រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១១ លោកសៀង សុខ ព្រះរាជអាជ្ញារង តំណាងអយ្យការនៃសាលាដំបូងរាជធានីបានចេញដីកាកោះហៅលោកសម រង្ស៊ី អាយុ៦០ឆ្នាំ ជាប្រធានគណបក្សសម រង្ស៊ី ដែលជាប់ចោទពីបទ «បរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត» ដែលបានប្រព្រឹត្តនៅឯសារមន្ទីរប្រល័យពូជសាសន៍ជើងឯកក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០០៨ ឲ្យចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០១១ នៅវេលាម៉ោង២និង៣០នាទីរសៀលជាកំហិត ដើម្បីចូលរួមសវនាការលើបណ្តឹងជំទាស់។
យោងតាមដីកាកោះរបស់សាលាដំបូងរាជធានី ចុះថ្ងៃទី១ កញ្ញា ឆ្នាំ២០១១ ដែលចុះហត្ថលេខាដោយលោកសៀង សុខ ព្រះរាជអាជ្ញារងដែលកោះសន្តិភាពទទួលបានឲ្យដឹងថា យើងសៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ៦៩៣ ចុះថ្ងៃទី២២ មេសា ឆ្នាំ២០០៨ ដែលមានឈ្មោះសម រង្ស៊ី ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ ជាប់ចោទពីបទ «បរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត» ប្រព្រឹត្តទៅនៅចំណុចសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០០៨ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៦៣ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា៦៣ ច្បាប់ព្រហ្មទណ្ឌអន្តរកាល និងមាត្រា៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។ សម្រេចបង្គាប់ឲ្យឈ្មោះសម រង្ស៊ី ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅស្នាក់ការផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ វេលាម៉ោង២និង៣០នាទីរសៀលជាកំហិតដើម្បី«សវនាការបណ្តឹងទាស់»។ សមាសភាពនៃអង្គសវនាការរួមមានលោកសេង នាង ប្រធានចៅក្រមជំនុំជម្រះ លោកសៀង សុខ តំណាងអយ្យការ និងលោកតិច ប៉ូ ក្រឡាបញ្ជី៕
ចែករំលែកព័តមាននេះ