រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកវុក ជេរេមិក រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែរប៊ី លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេស ដើម្បីប្រារព្ធទិវារំលឹកខួបលើកទី៥០ឆ្នាំនៃចលនាមិនចូលបក្សសម្ព័ន្ឋ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៦ កញ្ញា ២០១១ នៅទីក្រុងប៊ែលក្រាដ សាធារណរដ្ឋស៊ែរប៊ី ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងការបរទេសដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២ កញ្ញា ២០១១នេះ។ សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងធ្វើសេចក្តីថ្លែងការណ៍មួយសម្រាប់ពិធីរំលឹកខួបនេះ។ ក្រៅពីចូលរួមក្នុងកិច្ចប្រជុំលោកប្រមុខការទូតកម្ពុជា ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែរ ប៊ី លោកវុក ជេរេមិក និងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ