ក្រុងប៉ោយប៉ែត ៖ ដីចំណីផ្លូវនៅមុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានក្លាយជាផ្សាររាត្រី ក្រោមការផ្តួចផ្តើមពីអាជ្ញាធរ ព្រមទាំងព្រះសង្ឃក្នុងវត្ត ។ ផ្សាររាត្រីដែលស្ថិតនៅមុខវត្តបាលិលេយ្យនេះ មិនមែនទើបតែត្រូវបានបង្កើតឡើងនោះទេ គឺកើតមានតាំងពីយូរមកហើយ ដោយអាជីវករលក់បង្អែម ពងទាកូន ទឹកក្រឡុក គុយទាវ បបរ ព្រមទាំងភេសជ្ជៈគ្រប់មុខ ។
ចំណែកតូបលក់ដូរត្រូវបានគេរៀបចំឱ្យមានសោភ័ណភាពល្អដោយសង់អំពីដែកប្រក់កៅស៊ូតង់ ខាងក្រោមចាក់បេតុងយ៉ាងស្អាត ហើយដីចំណីផ្លូវនៅខាងមុខវត្តតាមដងផ្លូវជាតិលេខ៥ ប្រវែងជិត១០០ម៉ែត្រ នេះ មានតូបលក់ដូរប្រហែល២០ ដែលក្នុងមួយតូបៗមានទំហំមិនក្រោមពី៤ទៅ៥ម៉ែត្រឡើយ ។ កន្លងមកគេឃើញព្រះសង្ឃក្នុងវត្តទាំងមូលបានបញ្ចេញកម្លាំងពលកម្ម កែលំអដីចំណីផ្លូវនេះឱ្យមានអនាម័យ និងសោភ័ណភាព ដែលកាលពីអតីតកាលត្រូវបានគេមើលឃើញថា ជាកន្លែងមិនស្អាត ហើយការធ្វើដំណើរទៅទទួលទាននៅទីនោះរបស់ប្រជាពលរដ្ឋបើចំពេលភ្លៀងគឺគ្មានដំបូលជ្រកដូចពេលនេះឡើយ។
លោកទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនារសៀលថ្ងៃទី២ មិថុនា ថា ការអភិវឌ្ឍដីចំណីផ្លូវមុខវត្តបាលិលេយ្យខាងលើនេះ គឺជាការផ្តួចផ្តើមរបស់អាជ្ញាធរសង្កាត់ និងក្រុង ព្រមទាំងព្រះសង្ឃក្នុងវត្តផងដែរ ។ លោកអភិបាលក្រុងបន្តទៀតថា កន្លងមកដោយសារមើលឃើញចំណុចនោះគគ្រិចពេកទើបផ្តួចផ្តើមឱ្យមានការអភិវឌ្ឍ។ ហើយនៅខែកញ្ញាខាងមុខនេះ អង្គការមួយនៅប្រទេសកាណាដា តាមរយៈអង្គការ CHO នឹងមកជួយអភិវឌ្ឍន៍ដាំដើមលឿងរាជអមសងខាងផ្លូវចាប់ពីសាលាក្រុងរហូតដល់ចំណុចរង្វង់មូលទៀតផង ៕
ចែករំលែកព័តមាននេះ