រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាលោកឧបនាយករដ្ឋមន្ត្រី សុខ អាន លោកស្រី Rabea Beauer តំណាងអង្គការខុនរ៉ាដប្រចាំនៅកម្ពុជាមានប្រសាសន៍ថា នៅក្នុងការបំពេញបេសកកម្មនៅប្រទេសកម្ពុជារយៈពេល៨ឆ្នាំ លោកស្រីមានការពេញចិត្តលើការអភិវឌ្ឍនៅតាមជនបទ ការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ និងសារព័ត៌មាន ។
លោកស្រីតំណាងអង្គការខុនរ៉ាដបានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២ មិថុនា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកស្រី ចូលជួបសម្តែងការគួរសម និងជម្រាបលាលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ខណៈ ពេលដែលលោកស្រីត្រូវបញ្ចប់អាណត្តិនៅកម្ពុជា ។
នៅក្នុងកិច្ចពិភាក្សានេះលោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍ថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវតែផ្សារភ្ជាប់ទៅនឹងសភាពការណ៍ជាក់ស្តែង ។ មានន័យថា ត្រូវរក្សាឱ្យបាននូវសណ្តាប់ធ្នាក់សង្គម និងការរីកចម្រើនរបស់ប្រទេសជាតិ មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងប្រទេសឡើយ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ស្ថិរភាពនយោបាយ សន្តិសុខសង្គម គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ។ ដូច្នេះ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅបានត្រូវតែអនុវត្តទៅតាមសភាពការណ៍ពិតនៅប្រទេសកម្ពុជា ។
ទាក់ទិនទៅនឹងអង្គជំនុំជម្រះកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យច្រើន ព្រោះកន្លងមកការចំណាយថវិកាតិច ប៉ុន្តែបានបំពេញការងារទទួលបានគុណភាពច្រើន ដូចជាករណីកាត់ទោសលើសំណុំរឿងលេខ០០១ កន្លងមក មានមហាជនចូលរួមយ៉ាងច្រើនកុះករទាំងភាគីពាក់ព័ន្ធទាំងជនរងគ្រោះ ហើយកំពុងតែដំណើរការករណីសំណុំរឿងលេខ០០២ ជាបន្តទៅទៀត ។
ទាក់ទិននឹងគណៈប្រតិភូថៃភូតកុហកអង្គការយូណេស្កូនៅក្នុងកិច្ចប្រជុំកន្លងមក លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ថៃបានកុហកអង្គប្រជុំថា ថៃមិនបានបាញ់ប្រាសាទព្រះវិហារទេ ។ តាមការពិតប្រទេសកម្ពុជាបានចងក្រងធ្វើជាឯកសារតាមរយៈ DVD ផ្ញើជូនពិភពលោកថា ថៃបានបំផ្លិចបំផ្លាញបេតិកភណ្ឌប្រាសាទព្រះវិហារមែន ធ្វើឱ្យភាគីថៃដែលកុហកនោះទទួលបរាជ័យ ។
ចំណែកកម្ពុជាបានបញ្ជាក់ទៅសហគមន៍អន្តរជាតិ គឺកម្ពុជាសុំឱ្យមានការបញ្ជូនអ្នកជំនាញការ ដើម្បីធ្វើការវាយតម្លៃ និងជួសជុលការខូចខាតប្រាសាទព្រះវិហារឡើងវិញដែល បណ្តាលមកពីការបាញ់ផ្លោងឈ្លានពានពីភាគីថៃកន្លងមក ៕
ចែករំលែកព័តមាននេះ