ខេត្តកំពង់ស្ពឺ ៖ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ មានមនុស្សចំនួន៤នាក់ស្លាប់ ដោយគ្រោះធម្មជាតិរន្ទះបាញ់ ខណៈពេលមានភ្លៀង នៅក្នុងស្រុកឧដុង្គ ដែលព័ត៌មាននេះទទួលបានពីមន្ត្រីសមត្ថកិច្ចប៉ូលិសស្រុកឧដុង្គ។
តាមព័ត៌មានពីលោកពីង ពៅ នាយរងនគរបាលស្រុកឧដុង្គ បានប្រាប់កោះសន្តិភាពឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ឧសភា មានមនុស្ស៣នាក់ស្លាប់ពេលកំពុងភ្លៀងរលឹម។ ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះសែម សល់ អាយុ១២ឆ្នាំ ភេទប្រុស ២-ឈ្មោះនឿន ណាង ភេទប្រុស អាយុ១២ឆ្នាំ អ្នករងគ្រោះទាំងពីររស់នៅភូមិស្តុកអក ឃុំចន្ទសែន។ ជនរងគ្រោះបានស្លាប់ភ្លាមៗ ខណៈដែលពួកគេបានដេញគោត្រឡប់ចូលមកផ្ទះវិញ អំឡុងពេលមេឃកំពុងធ្លាក់ភ្លៀង ហើយក៏ត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែតែម្តង ។ លោកអនុសេនីយ៍ឯកពីងពៅ បន្តថា នៅអំឡុងពេលកំពុងធ្លាក់ភ្លៀងនោះ នៅឯភូមិច្រេស ក្នុងឃុំយុទ្ធ សាមគ្គី ស្រុកឧដុង្គ យុវជនម្នាក់ឈ្មោះហឿន ហន អាយុ២០ឆ្នាំ បានស្លាប់ដោយសាររន្ទះ បាញ់ដែរ ខណៈដែលជនរងគ្រោះលីចបកាប់ទៅទប់ភ្លឺស្រែ ពេលមេឃកំពុងបង្អុរភ្លៀង ។
នៅថ្ងៃទី១ មិថុនា នៅភូមិត្រពាំងវែង ឃុំតំណាក់រាំង ស្រុកឧដុង្គ វេលាម៉ោង២និង៣០នាទីរសៀល បុរសម្នាក់បានស្លាប់ ខណៈពេលភ្លៀងមួយមេធំកំពុងធ្លាក់ ហើយជនរងគ្រោះឈ្មោះក្រំ ធី អាយុ២៩ឆ្នាំ នៅភូមិ-ឃុំខាងលើ បានរត់ទៅជ្រកក្រោមដើមត្នោត១ដើម ស្រាប់តែមានផ្លេកបន្ទោរ បង្កឱ្យមានរន្ទះឮយ៉ាងកក្រើកអាកាស បាញ់សម្លាប់បុរសដែលនៅជ្រកក្រោមដើមត្នោតនោះតែម្តង។ បញ្ហារន្ទះបានក្លាយជាឃាតកយ៉ាងសាហាវ ៕
ចែករំលែកព័តមាននេះ