ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រាជការ​​ និង​ប្រជាពលរដ្ឋ​​​មិន​សប្បាយ​​ចិត្ត​ពី​បញ្ហា​​​អគ្គិសនី​ដាច់​ញឹកញាប់

13 ឆ្នាំ មុន

ខេត្តកំពត ៖ ​ប្រជា​ពលរដ្ឋ​​ និង​មន្ត្រី​រាជការ​​​ដែល​ប្រើប្រាស់​​​ភ្លើងអគ្គិសនី​​​នៅក្នុង​ក្រុងកំពត ក៏​ដូច​ជា​នៅ​ប៉ែក​ខាង​លិច​​ខេត្ត​​ បាន​ត្អូញ​ត្អែរ​ និង​​មិន​សប្បាយ​ចិត្ត​​ចំពោះ​​អ្នកគ្រប់​គ្រង​​អគ្គិសនី ​ខេត្ត​​ ​ក៏​ដូច​ជា​អ្នក​ទិញ​បណ្តាញ​​ពីក្រុមហ៊ុន អគ្គិស​នី​​ខេត្ត​ទៅ​ធ្វើ​អាជីវកម្ម​លក់​ឱ្យ​ប្រជាពល​រដ្ឋ​ប៉ែក​ខាង​លិច​ទីរួម​ខេត្ត​​ដែរ ​គឺ​ចាប់ពី​ឃុំ​បឹង​​ទូក រហូត​ទៅ​ដល់ព្រំ​ប្រទល់​

ខេត្តកំពត ៖ ​ប្រជា​ពលរដ្ឋ​​ និង​មន្ត្រី​រាជការ​​​ដែល​ប្រើប្រាស់​​​ភ្លើងអគ្គិសនី​​​នៅក្នុង​ក្រុងកំពត ក៏​ដូច​ជា​នៅ​ប៉ែក​ខាង​លិច​​ខេត្ត​​ បាន​ត្អូញ​ត្អែរ​ និង​​មិន​សប្បាយ​ចិត្ត​​ចំពោះ​​អ្នកគ្រប់​គ្រង​​អគ្គិសនី ​ខេត្ត​​ ​ក៏​ដូច​ជា​អ្នក​ទិញ​បណ្តាញ​​ពីក្រុមហ៊ុន អគ្គិស​នី​​ខេត្ត​ទៅ​ធ្វើ​អាជីវកម្ម​លក់​ឱ្យ​ប្រជាពល​រដ្ឋ​ប៉ែក​ខាង​លិច​ទីរួម​ខេត្ត​​ដែរ ​គឺ​ចាប់ពី​ឃុំ​បឹង​​ទូក រហូត​ទៅ​ដល់ព្រំ​ប្រទល់​ខេត្ត​​ព្រះសីហនុ ក្នុងឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ​​ស្រុកទឹកឈូ។​​

បង​ប្អូន​​អ្នកប្រើប្រាស់​ភ្លើងអគ្គិសនី​ទាំងនោះ ​បានសំណូមពរ​​តាម​រយៈ​​​ការផ្សាយ​របស់​សារ​ព័ត៌​មាន​កោះ​សន្តិភាព​ថា សូម​ឱ្យ​អ្នក​គ្រប់គ្រង​​អគ្គិសនីខេត្តពិនិត្យ​​តាម​ដាន​​​បុគ្គ​លិក​បច្ចេក​ទេស​​ត​បណ្តាញ​ភ្លើង​ និង​អ្នក​ទិញ​អគ្គិសនី​​ពីក្រុម​ហ៊ុន​​ទៅ​ចែក​​ចាយ​​លក់​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ផង ​ព្រោះ​សព្វ​ថ្ងៃនេះ​​បង​ប្អូន​ពិនិត្យ​​​ឃើញ​ភ្លើង​អគ្គិសនី​​មាន​​តែ​ខេត្តកំពត​​​ទេ ដែល​សំបូរ​​​ជាង​ខេត្ត​ដទៃ​ទៀត ទូទាំង​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា គឺ​​មាន​តាំង​ពី​អគ្គិសនី​​មកពី​ប្រទេស​​វៀតណាម ​អគ្គិសនី​ក្នុង​​ខេត្ត​ផ្ទាល់ ​និង​វារី​អគ្គិសនី​​កំចាយ​​ថែមទៀត​​ផង ។ ប៉ុន្តែបញ្ហា​​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​​ និង​មន្ត្រី​រាជ​ការ​​ជួបការ​លំបាក​នោះ​គឺ​បញ្ហា​​ដាច់ភ្លើង​​​​ញឹក​ញាប់​​​ដែល​ធ្វើ​ឱ្យ​សម្ភារ​ដែល​ប្រើ​​ដោយថាមពល​អគ្គិសនី​​ដូច​ជា​ទូរ​ទស្សន៍​ ក្បាលវីស៊ីឌី ​កុំព្យូទ័រ ​ជាដើមឆាប់​ខូច ។ ​​សម្ភារ​ទាំង​នេះ​​គឺ​ខូច​នៅពេលកំពុង​ប្រើប្រាស់ ​ហើយ​ត្រូវ​ដាច់​​ភ្លើង​មិន​បានបិទ​​បារ៉ែត ​ឬកុងតាក់ ​ពេល​ភ្លើង​បុក​ឡើង​​មក​វិញ​ ក៏ឆេះ​ខូច​តែម្តង ។

​តាម​ការ​​កត់​សម្គាល់​ជាទូទៅរបស់ប្រជា​ពល​រដ្ឋ​​អ្នក​ប្រើប្រាស់​​អគ្គិសនី​​នៅទូទាំង​ខេត្ត​កំពត​បាន​ឱ្យ​ដឹង​ទៀតថា ជារៀង​រាល់​ខែ​គឺ​ចុង​ខែ​នីមួយៗ​ចាប់​ពី​ថ្ងៃទី២៤ រហូត​ដល់​ដាច់ខែ ភ្លើង​អគ្គិសនី​​ចាប់​ផ្តើម​ដាច់ញឹកញាប់​ក្នុងមួយ​យប់​មួយថ្ងៃ​យ៉ាង​តិច​​ពី៥ ទៅ​៧​លើក ​មិន​ដឹង​ថា​មក​ពីមូលហេតុ​​អ្វី​​ឡើយ ។ បង​ប្អូន​ប្រជាពលរដ្ឋ​​លើក​ឡើង​ទៀត​​ថា ការ​ធ្វើ​​អាជី​វកម្ម​​ភ្លើង​អគ្គិសនី​នៅក្នុង​ខេត្តកំពត​​តែ​មួយ​ និង​ខេត្ត​កែបផង​ដែរ ​​តម្លៃ​សេវា​ប្រើប្រាស់​​ខុសគ្នា ​ដូចមេឃ​ និងដី ពីព្រោះ​​បង​ប្អូន​ឃើញ​ជាក់ស្តែង ​ដូច​ជា​នៅស្រុក​កំពង់ត្រាចតម្លៃ​ភ្លើង​មួយគីឡូ​​វ៉ាត់​ម៉ោង​៦០០​រៀល ​នៅខេត្ត​កែប ​មួយគីឡូ​​វ៉ាត់តម្លៃ​៨០០​រៀល ។ ​ដោយឡែក​នៅក្នុង​ក្រុង​កំពត​១គីឡូវ៉ាត់​តម្លៃ១.១០០រៀល រីឯ​អ្នក​ធ្វើ​អាជីវកម្ម​ប៉ែក​ខាង​លិចទីរួម​ខេត្តកំពត​​គឺ១គីឡូវ៉ាត់​​ម៉ោង​​តម្លៃ​១.២០០រៀល ។

​ចំពោះ​បញ្ហា​តម្លៃ​​សេវា​ប្រើប្រាស់​​បង​ប្អូន​មិន​យល់​ទាស់ទេ ​ប៉ុន្តែ​សំណូមពរ​​សុំកុំ​ឱ្យភ្លើង​ដាច់​ញឹកញាប់​ពេក​នៅ​ចុងខែ​នីមួយៗ​ព្រោះ​ធ្វើ​ឱ្យ​ខូច​ខាត​​ សម្ភារ​របស់​បងប្អូន​ដែលប្រើប្រាស់​ដោយ​ថាមពល​​អគ្គិសនី​​ច្រើនណាស់ នាពេល​កន្លងមក​ ។ ​ទាក់​ទិន​នឹងបាតុភាព​មិនប្រក្រតី​​ជុំវិញ ការ​ដាច់ភ្លើង​ញឹកញាប់​​​នៅ​ចុងខែ​​​នីមួយៗ​​​ជា​រៀង​​រាល់ខែនេះ ​កោះសន្តិភាព​​បានភ្ជាប់​ទូរស័ព្ទទៅ​លោកឈឹម ​សឿន ប្រធាន​អគ្គិសនី​កម្ពុជា​ខេត្ត​កំពត ​ដើម្បីសុំ​ការ​បំភ្លឺ​​​ដែរ ប៉ុន្តែ​ទោះបី​ទូរស័ព្ទ​ចូល​ហើយក្តី ក៏​លោកពុំ​លើក​ទូរស័ព្ទ​​​ឆ្លើយ​​តប
ឡើយ ៕