ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចឪពុកដូចខ្លា រត់ទៅលាក់ខ្លួនក្នុងព្រៃយកត្រកួនជាអាហារ

13 ឆ្នាំ មុន

​ខេត្ត​​បន្ទាយមានជ័យ​ ៖ ​ក្មេងស្រី​​អាយុ​​​១១​ឆ្នាំ ​​បានរត់ទៅលាក់ខ្លួន​​ពួនរស់​​នៅ​ក្នុងព្រៃ​ជាង​​​២០ថ្ងៃ ​​ដោយសារតែ​​ភ័យខ្លាច​​នឹង​​ឪពុក​​​​វាយ​ធ្វើបាប​​ ព្រោះ​កន្លងមក​​​ឪពុក​​​របស់​​នាង​ធ្លាប់បាន​​​កា.ប់ម្តាយ​របស់នាង​​ជា​ច្រើន​​លើក​ច្រើន​សា​​រួចមកហើយ ​ដែល​រឿង​រ៉ាវ​នេះ​​បានកើត​ឡើង​​​កាលពីថ្ងៃទី​​​​១២ មេសា ​​២០១១ ​ស្ថិតក្នុង​​​ភូមិជោគជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី​វ័យ​១១​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃខាង​ក្រោយ​​ភូមិ​ដោយ​យក​ថង់​​ប្លាស្ទីក​ចង​ធ្វើ​ជា​ជម្រក​ ​សម្រាប់​ការ​ជ្រក​​កោន​ដេក​ពួន ​​ក្រោយ​​ពី​នាង​បាន​ចាក​ចេញពី​​ផ្ទះ​បាត់​​ស្រមោល​​ជាង​​២០​ថ្ងៃ គ្មាន​ដំណឹង ។ ការ​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​នេះ គឺ​បាន​យក​ត្រកួន​ធ្វើ​ជា​អាហារ​ និង​រស់​នៅ​​យ៉ាង​សែន​វេទនា ​ទំរាំ​អ្នក​ស្រុក​ដឹង​ជួយ​​ផ្តល់​អាហារ​​ឱ្យ​ខ្លះ។ ការ​​ប្រទះ​ឃើញ​នេះ ត្រូវ​បាន​អាជ្ញា​ធរ​ភូមិ​ធ្វើ​អន្តរា​គមន៍​ហៅ​ប៉ូលិស​មក​យក​​នាង​ចេញពី​ព្រៃ​​ ខណៈ​មើ​ល​​ទៅ​គួរ​ឱ្យ​អាណិត​​ពន់​ពេក​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​​៨ ឧសភា នៅ​ភូមិ​ជោគ​​ជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរ​ជ្រៅ ។

​ក្មេង​ស្រី​ដែល​គេ​​ប្រទះ​ឃើញ​​​​​រស់​នៅ​ក្នុង​ព្រៃ​នោះ​ឈ្មោះ​សុខ រាស រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ​ក្នុង​ភូមិ​កើត​ហេតុ ។ ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ខាំ យ៉ាន នាយ​រង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​អូរ​បី​ជាន់ ​បាន​ប្រាប់​កោះ​សន្តិ​ភាពថា​ ក្មេង​ស្រី​វ័យ​​១១​ឆ្នាំ ខាង​លើ​នេះ ​មុន​ពេល​ដែល​លោក​ទទួល​ព័ត៌​មាន​ពី​អាជ្ញា​ធរ​ភូមិ​ថា ​បាន​ប្រទះ​​ឃើញ​ក្មេង​ស្រី​ម្នាក់​​រស់​នៅ​​ក្នុង​ព្រៃ ក៏​នាំគ្នា​​ទៅ​យក​មក​សួរ​នាំ​ និង​ធ្វើ​កំណត់​ហេតុ​ ទើប​ដឹង​ថា ​នាង​បាន​ចេញ​ពី​ផ្ទះ​​ជាង​​២០​ថ្ងៃ​ហើយ គិត​តាំងពី​ថ្ងៃ​ទី​១២ មេសា រក​ឃើញ​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ឧសភា ។ លោក​ខាំ យ៉ាន បន្ត​ថា ទីតាំង​ដែល​ក្មេង​ស្រី​ទៅ​ពួន​​ជ្រក​នោះ​ មើល​ទៅ​គួរ​ឱ្យ​វេទនា​​​​ខ្លាំង​ណាស់​​ ខណៈ​ពួក​គេសហ​ការ​​គ្នា​ជា​មួយ​អាជ្ញា​ធរ​ភូមិ​ទៅ​​យក​នាង​ទាំងភ្លៀង ​​ឃើញ​នាង​ជ្រក​ក្រោម​​ដំបូល​ដែល​មាន​ថង់​​ប្លាស្ទីក​​​អង្គុយ​​ញ័រ​​ចំ​ប្រប់​​ដូច​កូន​សត្វ​លង់​ទឹក​ ។ រូប​រាង​កាយ​របស់​នាង​ស្គម​ស្គាំង ហើយ​កន្លែង​ជ្រក​​លាក់​ខ្លួន​នោះ​ទៀត​សោត ឃើញ​មាន​ត្រកួន​មួយ​បាច់​​ និង​អំបិល​​បុក​ម្ទេស​​នៅ​ទី​នោះ​​គ្មាន​មុង​ភួយ​ទេ ។ នាង​ប្រាប់​ថា ​នាង​យក​ត្រកួន​នោះ​​ឯង​ធ្វើ​ជា​អាហារ​ប្រចាំថ្ងៃ ។

ប៉ូលិស​ប្រាប់ថា​ ក្រោយ​ការ​​យក​នាង​ពី​ទីតាំង​ដ៏​កំសត់​​ក្នុង​ព្រៃ​នោះ​ លោក​សួរ​នាំ​ពី​ការ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ត្រូវ​​នាង​ប្រាប់ថា ខ្លាច​ការ​គំរាម​​វាយ​ធ្វើ​បាប​ពី​ឪពុក​ ទើប​មិន​ហ៊ាន​​ចូល​ផ្ទះ។ ​នាង​បាន​រៀប​រាប់​ថា ​រឿង​ខ្លាច​ឪពុក​នោះ​ដោយ​សា​រតែ​​ប្រើ​នាង​ឱ្យ​ទៅ​បេះ​ម្រេះ​ព្រៅ​ផ្ទះ​គេ យក​មក​បង់​ស​ម្ល​ ពេល​នាង​រក​បេះ​មិន​បាន​ក៏​មិន​ហ៊ាន​ចូល​ផ្ទះ​ ខណៈ​ឪពុក​នោះ​គំរាម​រក​វាយ​ធ្វើ​បាប ។ នាង​​​តូច​​នោះ​បាន​ប្រាប់​ប៉ូលិស​ថា ឪពុក​​នាង​កាច​ណាស់​ តែង​តែ​វាយ​ធ្វើ​បាប​ជា​ប្រចាំ​​ ។ ​លោក​នាយ​រង​ប៉ុស្តិ៍​​ក៏​បាន​​ប្រាប់​ផង​ដែរថា ក្រោយ​ការ​​សួរ​នាំ​ពី​នាង​តូច​នោះ​ រួច​ប៉ូលិស​​ក៏​បាន​អញ្ជើញ​ឪពុក​ម្តាយ​របស់​នាង​ គឺ បុរស​ជា​​ឪពុក​​ឈ្មោះ ​សុខ សារ៉ាត់ ​អាយុ​៥០​ឆ្នាំ និង​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​លឿន ពៅ អាយុ​​៥០ឆ្នាំ ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​អូរ​បីជាន់ ដើម្បី​សួរ​នាំ​ផង​ដែរ ហើយ​ត្រូវ​គ្រួសារ​​ប្តី​ប្រពន្ធ​នោះ​ប្រាប់​ថា កូន​របស់​គាត់​នេះ​ពិបាក​អប់រំ​ ហើយ​បុរស​ជា​ឪពុក​ប្រាប់​ថា ​មុន​ថ្ងៃ​បាត់​ខ្លួន​នោះ គាត់​បាន​ឱ្យ​លុយ​​ទៅ​ទិញ​បារី ប៉ុន្តែ​​មិន​ឃើញ​ទាំង​បារី បាត់​ទាំង​មនុស្ស​តែ​ម្តង ។

ទោះ​បី​ជា​បែប​ណា ជុំ​វិញ​គ្រួសារ​ខាង​លើ​នេះ លោក​សួង មឿន ​មេ​ឃុំ​អូរ​បី​ជាន់​​បាន​ប្រាប់​តាម​ទូរស័ព្ទថា ក្មេង​ស្រី​តូច​នេះ​ឪពុក​​ម្តាយ​របស់​នាង​បាន​ប្រគល់​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ដោយ​មិន​យក​ទៅ​ផ្ទះ​វិញ​ទេ ។ លោក​មេ​ឃុំ​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​​ដ៏​កំសត់​នេះ​លោក​បាន​ប្រគល់​ទៅ​ឱ្យ​អង្គ​ការ​​មួយ គឺ​អង្គ​ការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​​ហៅ​កាត់​ថា CWCC នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ។ លោក​សួង មឿន បាន​ប្រាប់​​បន្ត​ថា ​យោង​តាម​​ការ​សួរ​នាំ​ពី​អ្នក​ស្រុក​គ្រួសារ​​ខាងលើ គឺ​មាន​ជីវ​ភាព​ក្រីក្រ​​​ណាស់ ពេល​ព្រឹក​ម្តាយ​ឪពុក​ចេញពី​ផ្ទះ​ដើរ​ស៊ីឈ្នួល​គេ​ ឯ​កូន​នៅ​ផ្ទះ​រញង់​ខ្វះ​ការ​គ្រប់​គ្រង​​ ។ លោក​​មេ​ឃុំ​បន្ត​ថា ក្មេងស្រី​នោះក្រោយ​ពី​ឪពុក​ម្តាយ​រ​បស់​នាង​ប្រគល់​ឱ្យ​ ដោយ​​ធ្វើ​លិខិត​​ប្រគល់​​​ត្រឹម​ត្រូវ ​​លោក​ក៏​បា​នទាក់​ទង​​ទៅ​អង្គ​ការ​ខាង​លើ​ ដើម្បី​យក​នាង​ទៅ​អប់រំ និង​បណ្តុះ​បណ្តាល ។ ​

រឿង​ក្មេង​ស្រី​ដ៏​កំសត់​​នេះ​លោក​ពិន ភារម្យ មន្ត្រី​​​អង្គ​ការ​កម្ពុជា​ជួយ​​ស្ត្រី​មាន​វិបត្តិ​​ហៅ​កាត់​ថា CWCC បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៥ ឧសភា ថា ​ខាង​អង្គ​ការ​របស់​លោក​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល ដើម្បី​​ប​ណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​នៅ​ឯ​ខេត្ត​​បន្ទាយ​មានជ័យ​ហើយ ។ ​មន្ត្រី​រូប​នេះ​បន្តថា ​ក្មេង​ស្រីខាង​លើ​មាន​អាការ​ស្គម​ស្គាំង​ ហើយ​​នៅលើដង​ខ្លួន​មាន​ស្នាម​ជាំ និង​ដំបៅ​ ព្រម​ទាំង​មាន​កម​រមាស់​ស្ទើរ​សព្វ​សាច់ ។ ពេល​​ធ្វើការ​សួរ​នាំ​ទៅ​នាង​ប្រាប់​ថា ​ជា​ស្នាដៃ ឪពុក​ម្តាយ​​វាយ​ធ្វើ​បាប។ ​មន្ត្រីខាង​លើ​​បន្តទៀតថា ដំបូង​ពេល​យក​មក​​ដល់​មណ្ឌល​នាង​ហាក់​​មាន​ការភ័យ​ខ្លាច សូម្បី​តែ​គ្នា​ឯង​ក្នុង​មណ្ឌល​​ក៏​ខ្លាច​គេ​ដែរ ទំនង​ជា​បាក់​ស្បាត​ ឬ​មាន​បញ្ហា​ខាង​សរសៃ​ប្រសាទ​ទៀត​ផង។

គ្រួសារ​ក្មេងស្រី​ខាង​លើ​ ទាំង​មន្ត្រី​ប៉ូលិស​​ក៏​ដូចជា​លោក​មេ​ឃុំ​បាន​ប្រាប់​ថា បុរស​ជា​ឪពុក​ធ្លាប់​ជាប់​គុក​​២​ឆ្នាំ ព្រោះតែ​រឿង​ប្រើ​អំពើ​ហិង្សា​កាប់​ប្រពន្ធ ហើយ​ទើប​ចេញ​ពី​គុក​ក្មេង​ស្រី​ជា​កូន​ក៏​បាន​រត់​បាត់​ពី​ផ្ទះ​ទៅ​ពួន​សម្ងំ​​ក្នុងព្រៃ​ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ ខាង​ក្រោយ​ភូមិ ។ យោង​តាម​ការ​សាក​សួរ​​ពី​ប៉ូលិស​នាង​ប្រាប់ថា ​ការស់​នៅ​ក្នុង​ព្រៃ​រហូត​ជាង​២០​ថ្ងៃ អាច​រស់​បាន​មិន​អាស្រ័យ​​លើ​តែ​អាហារ​ត្រកួត​នោះទេ ក៏​មាន​អ្នក​ស្រុក​ខ្លះ​លួច​យក​បាយ​ឱ្យ​​ហូប​ផង​ដែរ ព្រោះ​តែ​​អាណិត​នាង ។ ក្នុងគ្រួសារ​​ក្មេង​ស្រី​នេះ​មាន​កូន​ប្រុស​ស្រី​រហូតដល់​ទៅ​៩​នាក់ ហើយ​នាង​ជា​កូន​ទី​៧ នាង​និយាយ​ថា ឪពុក​​នាង​កាច​ណាស់​ នាង​ខ្លាច​ដូច​ខ្លាច​ខ្លា​៕