ខេត្តកំពត ៖ ក្មេងប្រុសជំទង់ម្នាក់បានធ្លាក់ពីលើដើមត្នោតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកកំពង់ត្រាច ។ ក្មេងប្រុសរងគ្រោះឈ្មោះសារី ឌី អាយុ១៤ឆ្នាំ នៅភូមិឫស្សីជួរ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ។ បើតាមការអះអាងពីឪពុកក្មេងប្រុសរងគ្រោះនិយាយថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ មេសា កូនប្រុសគាត់បានទៅឃ្វាលគោនៅខាងលិចផ្ទះចម្ងាយ១គីឡូម៉ែត្រ ។
តាមសាក្សីជាក្រុមក្មេងឃ្វាលគោដូចគ្នានិយាយថាមុនពេលកើតហេតុក្មេងៗឃ្វាលគោច្រើននាក់បានឡើងកាប់ផ្លែត្នោតចែកគ្នាហូបម្តងរួចហើយ តែបន្ទាប់ពីហូបអស់កូនគាត់ក៏ឡើងកាប់ផ្លែត្នោតមួយដើមទៀត ដែលមានកម្ពស់ប្រហែល៧ម៉ែត្រ តែឡើងមិនទាន់ដល់ចុងផង ក៏ស្រាប់តែរបូតដៃធ្លាក់មកដីបណ្តាលឱ្យរងរបួសជាទម្ងន់ ។
ឪពុកក្មេងប្រុសរងគ្រោះបានបន្តថា ពេលធ្លាក់ពីលើដើមត្នោតនោះគឺកូនប្រុសគាត់មិនទាន់ស្លាប់ទេ ហើយគាត់ក៏ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យស្រុកកំពង់ត្រាច ដើម្បីសង្គ្រោះ តែដឹកមិនទាន់ដល់ផងក៏ត្រូវស្លាប់ពាក់កណ្តាលផ្លូវ ៕
ចែករំលែកព័តមាននេះ