រាជធានីភ្នំពេញ ៖ សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៥ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល២ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាធម្មធិសាល ជា ស៊ីម ប្រធានគណបក្ស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ។ វត្ដមានចូលរួមសន្និបាតមានសមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលចំនួន២៣៩រូប លើរចនាសម្ព័ន្ធរួមចំនួន២៦៨រូប និងមានការអញ្ជើញចូលរួមរបស់មន្ដ្រីគណបក្ស ដែលជាសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាល ប្រធានអនុប្រធានក្រុម ការងារចុះជួយរាជធានី ខេត្ដ ថ្នាក់ដឹកនាំនៃគណបក្សក្រសួង ស្ថាប័នរាជ ធានីខេត្ដ និងបណ្ដាអង្គភាពផ្សេងៗចំនួន៦៥៧រូបទៀត ។ សន្និបាតបានដំណើរការស្របតាមលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានពិភាក្សានិងអនុម័តលើ“របាយការណ៍ ស្ដីពី សភាពការណ៍និងការងារគណបក្សឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ២០១០-២០១១” ដែលមានចំណុចសំខាន់ៗចំនួន៨ គឺ ៖
១-អង្គសន្និបាត បានពិនិត្យវាយតម្លៃ គ្រប់ទិដ្ឋភាព ចំពោះសភាពការណ៍ទូទៅរបស់ប្រទេសជាតិ ហើយបានធ្វើការកត់សំគាល់ ប្រកបដោយមោទនភាពចំពោះសមិទ្ធផល លើគ្រប់វិស័យដែលគណបក្សបានសំរេចជូន ជាតិក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ជាអាទិ៍ការធានាបាននូវសន្ដិភាព ស្ថិរភាព នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការពង្រឹងពង្រីកបាននូវខឿនការពារជាតិរបស់ប្រជាជន ការអនុវត្ដកំណែទំរង់រដ្ឋប្រកបដោយផ្លែផ្កា ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ក្នុងស្ថានភាពដែលត្រូវទទួល រងការប៉ះពាល់ពីវិបត្ដិហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។ ព្រមជាមួយនេះ កិត្យានុភាពជាតិកាន់តែត្រូវបានលើក កំពស់លើឆាកអន្ដរជាតិ ។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងតែបោះជំហាន ទៅមុខយ៉ាងរឹងមាំត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយបាន ពង្រឹងមូលដ្ឋានគ្រឹះសំរាប់ការបន្ដអភិវឌ្ឍន៍ ប្រទេសក្នុងឆ្នាំ២០១០ និងបណ្ដាឆ្នាំខាងមុខទៀត ។
២-អង្គសន្និបាត គាំទ្រពេញទំហឹងចំពោះ ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការបន្ដអនុវត្ដកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ ដើម្បីសំរេចនូវគោលដៅជាអាទិភាពទាំង៤ គឺការធានាសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយ ចីរភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការលើកកំពស់សេវាសាធារណៈ ។ ក្នុងទិសដៅនេះ សន្និបាត គាំទ្រការពង្រឹងគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់នានា ក្នុងការអនុវត្ដច្បាប់ស្ដីពីព្រៃឈើ ជលផល ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ច្បាប់ភូមិបាល និងគោលនយោបាយដីធ្លី ព្រមទាំងការគ្រប់គ្រងថែរក្សាបរិស្ថាន និងធនធាន ធម្មជាតិឱ្យមាននិរន្ដរភាព ។
៣-អង្គសន្និបាត សម្ដែងការគោរព ចំពោះវីរភាពរបស់កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិយ៉ាងអង់អាចក្លាហាន និងទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មគាំទ្រវិស័យការពារជាតិ ។ អង្គសន្និបាត គាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការកសាងពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យបានរឹងមាំ និងជំរុញការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានខ្លាំងក្លា ។ អង្គសន្ដិបាត គាំទ្របន្ដជំរុញការងារខណ្ឌសីមានិងបោះ បង្គោលព្រំដែនជាមួយប្រទេសវៀតណាម និងជាមួយប្រទេសឡាវឱ្យបានចប់សព្វគ្រប់ តាមពេលវេលាដែលបានឯកភាពគ្នាជាមួយភាគីមិត្ដ ហើយថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពណាមួយដែលបំពានច្បាប់ មានបំណងរារាំង និងបំផ្លាញដំណើរការនេះ ។ ព្រមជាមួយនេះ អង្គសន្និបាត គាំទ្រចំពោះ ការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្ដិវិធី លើមូលដ្ឋានគតិយុត្ដិ ច្បាប់អន្ដរជាតិ ឯកសារពាក់ព័ន្ធនានា និងស្មារតី ជាអ្នកជិតខាងល្អ សំដៅកសាងខ្សែបន្ទាត់ ព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយ សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការនិងអភិវឌ្ឍន៍ ។
៤-អង្គសន្និបាត បានពិនិត្យ និងវាយតម្លៃ ចំពោះការងារកសាងពង្រឹងគណបក្ស និងជ័យជំនះរបស់គណបក្ស ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌអាណត្ដិទី ១ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០៩ ព្រមទាំងការពង្រឹង គ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ហើយបានលើកនូវទិសដៅបន្ដ កសាងពង្រឹងគណបក្ស និងត្រៀមលក្ខណៈ សម្បត្ដិ ឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខទៀត ។
៥-អង្គសន្និបាត បញ្ជាក់ច្បាស់អំពីជំហរ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយបណ្ដា គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋាន ស្នេហាជាតិក្នុងសង្គម ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ និងឈរលើគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ដើម្បីរួមកំលាំងគ្នា បន្ដថែរក្សារាល់សមិទ្ធផលនៃសង្គមជាតិ និងជំរុញការអភិវឌ្ឍន៍ប្រទេសឱ្យបានខ្លាំងក្លា ។
៦-អង្គសន្និបាត បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះបេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី សំរាប់អាណត្ដិក្រោយៗទៀត ។
៧-អង្គសន្និបាត សម្ដែងនូវការគោរព និងកត្ដញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលបានផ្ដល់ការគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សសំរេចបានរាល់ភារកិច្ច ក្នុងការបំរើជាតិ និងប្រជាជន ។ ព្រមជាមួយគ្នានេះ អង្គសន្និបាត សម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាប្រទេសជាមិត្ដជិតឆ្ងាយ និងសហគមន៍អន្ដរជាតិ ដែលបាននិងកំពុងផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាដល់ដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ។
៨-អង្គសន្និបាត សូមអំពាវនាវដល់គ្រប់ ក្រុមការងាររបស់គណៈកម្មាធិការកណ្ដាល គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ដ្រី និងសមាជិកសមាជិកាគណបក្ស គ្រប់រូប បន្ដពង្រឹងសាមគ្គីភាព ឯកភាពរឹងមាំ ជុំវិញគណៈកម្មាធិការកណ្ដាល គោរពអនុវត្ដខ្ជាប់ខ្ជួនរាល់គោលការណ៍គណបក្ស ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ធ្វើអំពើល្អជា មួយប្រជាជន ខិតខំអនុវត្ដសំរេចរាល់ភារកិច្ច របស់គណបក្ស និងសូមអំពាវនាវដល់ជនរួមជាតិទាំងមូល បន្ដរួមសាមគ្គីគ្នាជាធ្លុងមួយ ហើយចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ដកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសំរេចបានសមិទ្ធផលថ្មីៗទៀត ក្នុងដំណើរ ការកសាង និងការពារមាតុភូមិ ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានក្រោយពីបិទ សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៥ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជាថា នេះគឺជាការបូកសរុបការងារដែលក្នុង១ឆ្នាំមានប្រជុំពីរដង ។ នេះគឺជាការប្រជុំរបស់សមាជិកនៃគណៈកម្មាធិការកណ្ដាលរបស់គណបក្ស បន្ថែមបើកទូលាយដោយមន្ដ្រីថ្នាក់ដឹកនាំស្ថាប័នរាជធានី-ខេត្ដមួយចំនួន ទៀត ។ ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំ លោកខៀវ កាញារីទ្ធ បញ្ជាក់ថា ទី១-ផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ការរៀបចំដើម្បីធានាឱ្យបានស្ថិរភាពសេដ្ឋកិច្ច និងការពង្រីកសេដ្ឋកិច្ចកម្ពុជា ទី២-ការពង្រឹងគុណភាពរបស់គណបក្ស ហើយនិងការបើកទូលាយបន្ថែម គឺផ្ដោតសំខាន់ការបង្កើនចំនួនសមាជិកបក្ស ដោយផ្ដោតទៅលើយុវជន និងយេនឌ័រ ។
ទន្ទឹមនឹងនេះ គឺសេចក្ដីរាយការណ៍របស់ បណ្ដាខេត្ដនីមួយៗអំពីស្ថានភាព ដែលលើកនេះសំខាន់គឺផ្ដោតទៅលើកងទ័ព និងខេត្ដនៅតាមបណ្ដោយព្រំដែនភាគខាងលិច ហើយក៏ផ្ដោតទៅលើខេត្ដមួយចំនួននៅជុំវិញទន្លេសាប ពីបញ្ហាអនាធិបតេយ្យលើព្រៃលិចទឹក បញ្ហាគ្រប់គ្រងតំបន់ទន្លេសាប និងបញ្ហាដីធ្លីមួយចំនួនផងដែរ ។ លោករដ្ឋមន្ដ្រីបន្ដថា ការណែនាំរបស់ សម្ដេចនាយករដ្ឋមន្ដ្រី និងការសំរេចរបស់ គណៈកម្មាធិការបក្ស គឺភូមិ-ឃុំត្រូវតែមាន សុវត្ថិភាព ។ ការងារនេះសំខាន់ណាស់ ដើម្បីបង្កអារម្មណ៍ដល់សន្ដិសុខរបស់ប្រជាជនផង ក៏ដូចជាធានាដល់មូលដ្ឋាននៃការបង្កើនបរិស្ថានបានល្អសំរាប់ធុរកិច្ច និងការវិនិយោគ ជាគោលដៅសំខាន់ ព្រោះជាគណបក្សមួយ ដែលកាន់អំណាច គឺធានាឱ្យប្រជាជនមាន សុវត្ថិភាព មានសន្ដិភាព គឺជាការសំខាន់ណាស់ ៕
ចែករំលែកព័តមាននេះ