រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍បានបន្តលើកពេលកាត់ទោសលោកសម រង្ស៊ី និងអ្នកទោសពីរនាក់គឺលោកព្រំ ជា អាយុ៤១ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៤០ឆ្នាំ បន្ទាប់ពីពួកគាត់ត្រូវបានដឹកចេញពីពន្ធនគារខេត្តកណ្តាលមកកាន់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី៣០ សីហា ២០១០ ប៉ុន្តែសាលាឧទ្ធរណ៍បានបញ្ជាឱ្យនាំពួកគេត្រឡប់ទៅវិញ ដោយសារតែសាលាឧទ្ធរណ៍ទើបតែទទួលបានពាក្យសុំការពារក្តីពីមេធាវីការពារក្តីរបស់ជនជាប់ចោទពីរនាក់ដែលបញ្ជូនមកដល់ថ្មីៗនេះ នាំឱ្យមានការរៀបចំមិនទាន់ ។
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ សីហា ២០១០ អនុរក្សពន្ធនាគារខេត្តកណ្តាល បាននាំយកអ្នកទោសគឺលោកព្រំ ជា អាយុ៤១ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៤០ឆុនាំ ទៅកាន់តុលាការសាលាឧទ្ធរណ៍តាមការគ្រោងទុក ។ បន្ទាប់ពីចូលទៅកាន់បន្ទប់សវនាការរយៈពេលប្រមាណ២០នាទី ក្រឡាបញ្ជីនិយាយថាពួកគាត់មិនអាចជំនុំជម្រះនៅថ្ងៃទី៣០ សីហា នេះបានទេ ព្រោះមិនមានសំណុំរឿងព្រហ្ម
ទណ្ឌ ។ ចៅក្រមសាលាឧទ្ធរណ៍លោកឃុន លាងម៉េង និយាយនៅក្រៅបន្ទប់សវនាការថា សាលាឧទ្ធរណ៍ទើបតែបានទទួលពាក្យសុំការពារក្តីពីមេធាវីយឺតពេលបន្តិច រៀបចំមិនទាន់ ដូចនេះទើបសាលាឧទ្ធរណ៍នឹងកំណត់ពេលសវនាការទៅថ្ងៃក្រោយ ។
ចំណែកប៉ូលិសនាំអ្នកទោសមកពីពន្ធនាគារខេត្តកណ្តាលបាននិយាយថា ខាងប៉ូលិសបានទទួលដីកាពីសាលាឧទ្ធរណ៍ឱ្យនាំយកអ្នកទោសពីរនាក់មកបើកសវនាការនៅព្រឹកថ្ងៃទី៣០ សីហា ។នៅក្នុងដីកាដែលចុះហត្ថលេខាដោយលោកង៉ែត សារ៉ាត់ បានបញ្ជាឱ្យនាំលោកព្រំ ជា អាយុ៤១ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៤០ឆ្នាំ មកចូលរួមសវនាការនៅព្រឹកថ្ងៃទី៣០ សីហា ២០១០ ៕
ចែករំលែកព័តមាននេះ