ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃ​ទឹកទន្លេ​ផ្សារ​ក្រោម​ដែនដី​នាង​ក​ង្រី​កាន់តែ​អាក្រក់ ការ​ចាត់វិធានការ​ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង​ទៅ​រួច​ឬ​អត់?

15 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ ទឹក​ដ៏​ល្អក់​ខាប់​ដោយសារ​កករ​ដី​ពណ៌​ស​ស្ទើរ​ដូច​ទឹកដោះគោ លាយ​នឹងប្រេងឥន្ធនៈ​និង​ប្រេងម៉ាស៊ីន​ខ្មៅ​បាន​អណ្ដែត​ត្រា​លាយឡំ​ដោយ​ស្លែ​ព​ណ៍​បៃតង ព្រម​ជាមួយ​កាក​សំណល់​និង​ខ្លាញ់ត្រី​នៅ​លើផ្ទៃ​ទឹកទន្លេ ។ ក្រោម​អាកាសធាតុ​ក្ដៅហែង ដោយសារ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​ជោកជាំផង ទិដ្ឋភាព​បែប​នេះ​ធ្វើ​ឱ្យ​ជះក្លិន​ឆ្អាប​ស្អុយ និង​ក្លិន​ប្រេងម៉ាស៊ីន ព្រមទាំង​ស្នូរ​សម្លេង ម៉ាស៊ីន​កាណូត​និង​សម្លេង​ម៉ាស៊ីន​ក្រឡឹង​លើ ផ្ទះ​បណ្ដែត​ទឹក​លាន់​ទ្រហឹង​អឺងអាប់​ផង ធ្វើបរិយាកាស​និង​បរិស្ថាន​បែប​នេះ​ពិតជា អាក្រក់​ក្រៃ​លែង ។

ខេត្ដកំពង់ឆ្នាំង មាន​តំបន់​ទេសចរណ៍​ជា ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ព្រោះ​មាន​អំណោយផល​ធម្មជាតិ​ដូច​ជា​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ និង​ភ្នំ​ក​ង្រី​ដែលមាន​ប្រវត្ដិ​រឿងព្រេង​ខ្មែរ​យូរលង់​ណាស់​មក ហើយ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចង់​ទស្សនា ទាំង​នៅរដូវប្រាំង និង​រដូវវស្សា ។ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យកត់សំគាល់​នោះ គឺ​ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង សង់​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ដែល​ភាគច្រើន​គឺជា ផ្ទះ​ប្រជាជន​វៀតណាម ដោយ​ប្រកប​របរផ្សេង​ៗ​គ្នា​ដូច​ជា ខ្លះ​ចិ​ញ្ជឺ​ម​ត្រី ខ្លះ​នេសាទ​ត្រី ខ្លះ​ធ្វើ​ជាងក្រឡឹង ខ្លះ​ធ្វើ​ជាង​ជួសជុល​ម៉ាស៊ីន កាណូត ខ្លះ​លក់​ប្រេងឥន្ធនៈ និង​ខ្លះ​ទៀត បញ្ចូល​ភ្លើង​អា​គុយ​ជាដើម​។ សម្រាប់​មួយ​ឆ្នាំ ម្ដង​នា​រដូវ​ប្រមូល​ផល​ត្រី តំបន់​នោះ​ក៏​ជា កន្លែង​ធ្វើ​ត្រី​ប្រហុក​ដ៏​ធំ​ផង​ដែរ​។

ដោយ​មានផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង និងមាន​ប្រជាជន​រាប់​ម៉ឺន​នាក់​រស់នៅ​បែប​នេះ ហើយទើប​ធ្វើ​ឱ្យ​ទឹកទន្លេ​ប្រែ​ក្លាយជា​ទឹកកខ្វក់ បរិស្ថាន​មិនល្អ ព្រោះតែ​កាក​សំណល់នានា ត្រូវ​បាន​ទ​មា្ល​ក់​ចូល​ទៅ​ក្នុង​ទឹក ។ ពួកគាត់​មិន​មាន​ធុង​សម្រាប់​ដាក់​សំរាម គ្មានបង្គន់​អនាម័យ​លើគោក ប៉ុន្ដែ​ពួក​គាត់​បែរជា មាន​បង្គន់​អនាម័យ​លើ​ទឹក ។ កាក​សំណល់​ខ្លះ បាន​បំពុលបរិស្ថាន​ទ្វេ​ដង ដូច​ជា​ប្រេងម៉ាស៊ីនខ្មៅ​ដែល​បង្ហូរ​ចេញពី​ម៉ាស៊ីន និង​ទឹក​អាស៊ីត ដែល​បង្ហូរ​ចេញពី​អា​គុយ​ជាដើម ។ ក្រៅពីកាក​សំណល់​ដែល​មាន​កម្រិត​បំពុលបរិស្ថាន ខ្ពស់​នៅ​មាន​កាក​សំណល់​ខ្លះ​ទៀត ក៏​បាន​រួមចំណែក​បំពុលបរិស្ថាន​ដែរ ដូច​ជា​ការ​បន្ទោបង់ ការ​ចាក់​ប​ព្ចោ​ញ​ចោល​នូវ​ខ្លាញ់ត្រី​ប្រហុក ការ​ចោល​ថង់​បា្ល​ស្ទិ​ក សំរាម និង​កាក​សំណល់នានា ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។​ល​។ ពួកគាត់​រស់​អាស្រ័យ​លើ​ទឹកទន្លេ ហើយ​បញ្ចេញ កាក​សំណល់​ចូល​ទៅ​ទន្លេ​ជា​ប្រចាំ​ថ្ងៃ ។

ចំណែក​អ្នក​រស់នៅ​ក្នុង​ក្រុង​លើគោក​ឯណោះ​វិញ ក៏​ត្រូវ​បង្ខំចិត្ដ​ប្រើប្រាស់​នូវ​ទឹក​មិនល្អ​ដែល បូម​ពី​ទន្លេ​នោះ​ផង​ដែរ ។ ការ​រស់នៅ​លើ​ផ្ទៃទឹកទន្លេ ក្រៅ​តែ​ពី​បំពុលបរិស្ថាន ផ្ទះ​បណ្ដែត ទឹក​រាប់​ពាន់​ខ្នង​ដែល​សាងសង់​យ៉ាង​រកេត រកូត​ក៏​បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​សោភ័ណ​ភាព ចំណែក​ចរាចរណ៍​ផ្លូវទឹក​ក៏​បាន​បង្ក​ឱ្យ​រាំងស្ទះ​ផង​ដែរ ។ដោយសារ​កត្ដា​ជា​ច្រើន​យ៉ាង​ខាងលើ​នេះ​ហើយ ទើប​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ស្រាវជ្រាវ​មួយ ដើម្បី សិក្សាការ​រស់នៅ​លើ​ផ្ទៃ​ទឹក​របស់​ប្រជា​ពលរដ្ឋ​ទាំង​វៀតណាម ខ្មែរ​អ៊ីស្លា​ម និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា តើ​មាន​ប៉ុន្មាន​គ្រួសារ ប៉ុន្មាន​នាក់ និង​ប៉ុន្មាន​ខ្នង​ផ្ទះ ។ វិធានការ​នេះ ត្រូវ​បានអា​ជា្ញ​ធរ​ខេត្ដកំពង់ឆ្នាំង​បង្កើត​គណៈកម្មការ មួយ​ដែល​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​សព្វថ្ងៃនេះ ។ គណៈកម្មការ​នេះ​ត្រូវ​សិក្សា​ផង ដែរ​ពី​ផ្ទៃដី​ទំនេរ ឬ​អាច​ជា​ផ្ទៃដី​សម្បទាន​រដ្ឋ ដើម្បី​ទិញ ឬ​ជួល​ពី​រដ្ឋ​សម្រាប់​ប្រជាពលរដ្ឋ ទាំងនោះ​ដែល​នឹង​ត្រូវ​ចាក​ចេញពី​ផ្ទៃ​ទឹក​មក រស់នៅ​លើ​ដី​ដែល​បាន​សិក្សា និង​គ្រោងទុកនោះ​។

  • តើ​ការ​ឱ្យ​ចេញ​របស់​អាជ្ញាធរ​ទៅ​រួច​ដែរទេ ព្រោះ​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ទម្លាប់ និង​ចាំបាច់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ

“​ខ្ញុំ​រស់នៅ​ភូមិ​ចុង​កោះ​នេះ​ជា​យូរ​ឆ្នាំណាស់​មក​ហើយ ដោយ​ប្រកប​របរ​ទិញ​និង លក់​ត្រី បើ​ឱ្យ​ខ្ញុំ​ទៅ​រស់នៅ​លើគោក​ខ្ញុំ​មិន​ចេះ រស់​នៅទេ ព្រោះ​មិនដឹង​រកស៊ី​អី​” ស្ដ្រី​ឈ្មោះ ចាន់ ម៉ៅ និង​ប្ដី​ឈ្មោះ​ចាន់ ទុង ស​ព្ជា​​តិ​វៀតណា​ម​ឈ្មោះ​ខ្មែរ​បាន​និយាយ​បែប​នេះ ។ ក្រៅពី​ជា​ឈ្មួញ​ទិញ និង​លក់​ត្រី ពីរ​នាក់​ប្ដី ប្រពន្ធ​នេះ ក៏​ជា​អ្នកចិ​ញ្ជឺ​ម​ត្រី​ប្រា​ក្នុង​បែ​ផងដែរ ។ ប្រជាជន​វៀតណាម​ប្រមាណ​៩០​ភាគរយ​ដែល​រស់​លើ​ផ្ទះ​បណ្ដែត​ទឹក​នៅ​ក្នុង​ឃុំ ផ្សារឆ្នាំង មាន​ភូមិ​ចុង​កោះ និង​ភូមិ​កណ្ដាល ដោយ​ប្រកប​របរ​នេសាទ ចិញ្ចឹម​ត្រី ទិញ​ត្រី ជា​ឈ្មួញ​ទិញ​លក់​ត្រី និង​ខ្លះ​ជា​ជាង​ទូក​ម៉ាស៊ីន ជាដើម ពួក​គាត់​មាន​ទម្លាប់​រស់នៅ​លើ​ទឹក យ៉ាង​ស៊ាំ​ទៅ​ហើយ ។ការ​ឱ្យ​ពួក​គាត់​ឡើងគោក​គឺជា​បញ្ហា​យ៉ាង​លំបាក​សម្រាប់​ពួក​គាត់ និង​ក៏​ជា​បញ្ហា​សំរាប់ អា​ជា្ញ​ធរ​ដែនដី​ផង​ដែរ គឺ​មាន​ភាព​ស្មុគស្មាញ ទាំង​សងខាង ។

ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃទឹក ប្រកប​របរ​លើ​ទឹក មាន​មធ្យោបាយ​ធ្វើ ដំណើរ​ដោយ​ទូក​-​កាណូត ប៉ុន្ដែ​បើ​ឱ្យ​ពួក​គាត់ ទៅ​រស់នៅ​លើគោក​វិញ គឺ​ត្រូវ​ផ្លាស់​ប្ដូរ​របត់ នៃ​ការ​រស់នៅ​ទាំងស្រុង មិន​ខុស​អ្វី​ទៅ​នឹង កុមារ​ដែល​ទើប​ចេះ​ដើរ​ហើយ​ប្រឹងរៀន​ដើរ តេះតះ​នោះ​ទេ ។ ចំណែក​អា​ជា្ញ​ធរ​វិញ ក៏​មិនខុស​គ្នា​ដែរ ត្រូវ​សិក្សា​រក​ទីតាំង​សម​ស្រប​ណា មួយ​រៀបចំ​ចងក្រង​ឱ្យ​មាន​ក្រុម ភូមិ​-​ឃុំ ជាសហគមន៍​ជាដើម ដើម្បី​ឱ្យ​ពួក​គាត់​ចូល​ទៅ រស់នៅ​ប្រកបដោយ​សុវត្ថិភាព​។ទោះបី​យ៉ាងណា នេះ​ជា​គម្រោង​រយៈ ពេល​វែង​ដែល​អា​ជា្ញ​ធរ​ដែនដី និង​រាជរ​ដ្ឋាភិ​បាល​ត្រូវធ្វើ​ទោះបី​១ ឬ​២ ឬ​៥​ឆ្នាំ​ក៏​ដោយចុះ ក៏​ការ​សិក្សា​នេះ​កំពុង​ត្រូវ​បាន​អនុវត្ដ​ជាបន្ដបន្ទាប់ ។ សង្ឃឹមថា ទៅ​អនាគត​ទឹកទន្លេ ផ្សារ​ក្រោម​នឹង​ស្អាត មាន​បរិស្ថាន និងសោភ័ណ​ភាពល្អ​សក្ដិ​សមជា​ទីក្រុង​ដែល​មាន សម្រស់​ស្រស់​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​ពិតប្រាកដ ៕