រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅសាលាដំបូងកាលពីថ្ងៃទី១ ខែកញ្ញា ដោយត្រូវចោទពីបទឆបោកប្រាក់ក្នុងរឿងយកគ្រាប់ឈូកពីក្រុមហ៊ុនមួយទៅបកសំបករួចមិនបង្វិលសាច់ឈូកមកឱ្យម្ចាស់វិញ។ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះឯម ទីន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកមុខកំពូល ខេត្តកណ្តាល។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឱ្យដឹងថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១៣ កក្កដា ២០១០ ចោទប្រកាន់ស្ត្រីឈ្មោះឯម ទីន ស្នាក់នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកមុខកំពូល ខេត្តកណ្តាលថា បានទទួលយកគ្រាប់ឈូកពីក្រុមហ៊ុនយកទៅស៊ីឈ្នួលបកសំបករួចត្រូវបង្វិលសាច់ឱ្យក្រុមហ៊ុនវិញ។
ក្រុមហ៊ុននិយាយថា បានឱ្យប្រាក់ឈ្នួលគ្រប់ចំនួននៅពេលទទួលយកគ្រាប់ឈូកទៅបក ។ ក្រោយមកឈ្មោះឯម ទីន បានប្រកែកថាមិនបានទទួលយកប្រាក់ឈ្មួលទេ ទោះបីក្រុមហ៊ុនបើកគល់បញ្ជីបង្ហាញឱ្យមើលយ៉ាងណាក៏ដោយ ក៏មិនទទួលស្គាល់ដែរ ។ ដោយក្រុមហ៊ុនយល់ឃើញថា បរិមាណគ្រាប់ឈូកស្ថិតនៅលើកណ្តាប់ដៃជនកំហូចនេះលើសលប់ពេកនៃប្រាក់ឈ្នួល ក្រុមហ៊ុនបានសំរេចឱ្យប្រាក់ឈ្នួលគ្រប់ចំនួនលើកទី២ ម្តងទៀត ។ តំណាងក្រុមហ៊ុននិយាយថា ដោយជននេះមានចរិតក្រឡិចក្រឡុច ក៏ហៅសាក្សី៤នាក់ដែលជាសមាជិកបកគ្រាប់ឈូកឱ្យក្រុមហ៊ុនដែរនោះ មកផ្តិតមេដៃដឹងឮធ្វើជាសាក្សីបញ្ជាក់ថា ជនកំហូចរូបនេះនៅជំពាក់សាច់ឈូកក្រុមហ៊ុន រួមទាំងស្ត្រីម្នាក់នេះនិងប្តីផង តែត្រូវស្ត្រីរូបនេះនៅតែបដិសេធមិនទទួលថាខ្លួននៅជំពាក់សាច់ឈូកក្រុមហ៊ុននោះទៀត ។ ដោយយោងលើឯកសារប្រគល់និងទទួលគ្រាប់ឈូក និងសាក្សី៤នាក់ដឹងឮ ទើបក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលឱ្យឈ្មោះឯម ទីន និងប្តីចូលខ្លួនធ្វើការដោះស្រាយតាមបណ្តឹងរបស់ក្រុមហ៊ុន។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះឯម ទីន នៅតែប្រកែកមិនទទួលស្គាល់ការជំពាក់សាច់គ្រាប់ឈូកក្រុមហ៊ុននោះទេ រីឯប្តីដោយពុំមានការពាក់ព័ន្ធទើបត្រូវបានរួចផុតពីការចោទប្រកាន់។
ក្រោយពីចំណាត់ការរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលពុំសំរេចតាមពាក្យបណ្តឹង ទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទើបមានការកោះហៅឈ្មោះឯម ទីន ឱ្យចូលខ្លួនដើម្បីធ្វើការសាកសួរ ។ ពេលចូលខ្លួនមកឈ្មោះឯម ទីន នៅតែប្រកែកថាខ្លួនអត់ជំពាក់សាច់ឈូកក្រុមហ៊ុនដដែល ប៉ុន្តែឈ្មោះឯម ទីន បានលើកឡើងថា បើសាក្សីទាំង៤ ឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ចថាខ្លួនបានជំពាក់សាច់ឈូក ក្រុមហ៊ុនមែន ខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។ ពេលនោះសមត្ថកិច្ចបានហៅសាក្សីទាំង៤ មកឆ្លើយតទល់ចំពោះមុខ ឯម ទីន ដែលសាក្សីបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះឯម ទីន ពិតជាបានជំពាក់សាច់ឈូករបស់ក្រុមហ៊ុននោះមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងព្រមទាំងបញ្ជូនខ្លួនឈ្មោះឯម ទីន ទៅកាន់សាលាដំបូងខេត្តកណ្តាល ទើបសំរេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការស៊ើបអេង្កតបន្តនិងរង់ចាំការផ្តន្ទាទោសតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ