រាជធានីភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ត្រូវបាននគរបាលស្រុកគូលែនចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស៊ីស្រវឹងប្រើអំពើហិង្សាវាយសម្លាប់ស្ត្រីជាប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្រែរលុះខាងជើង ភូមិភ្ជួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ។
មន្ត្រីនគរបាលស្រុកគូលែន បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ធ្នូ នេះថា បុរសដៃដល់ជាប្តីឈ្មោះ ម៉ា ណាច អាយុ៤២ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ដែលប្រើអំពើហិង្សាសម្លាប់ប្រពន្ធរបស់ខ្លួន ឈ្មោះ ស្បិន ធា អាយុ៤១ឆ្នាំ ពុំមានកូន ។ មុនពេលកើតហេតុ ប្តីប្រពន្ធទាំងពីរនាក់នេះ ផឹកស្រាស្រវឹងមានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែបុរសជាប្តីស្ទុះទៅវាយប្រពន្ធមួយដៃចំគល់កដួលទៅលើដី ហើយទាញអង្រែបុកគ្រឿងវាយប្រពន្ធរហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
មន្ត្រីសមត្ថកិច្ច បានបន្តថា ក្រោយពេលដែលប្រពន្ធស្លាប់ភ្លាមៗ ប្តីដៃដល់រូបនេះបានទៅប្តឹងសមត្ថកិច្ច ដោយប្រាប់ថា ប្រពន្ធរបស់ខ្លួនដេកស្លាប់នៅនឹងផ្ទះ សមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ ឃើញសពនៅលើដីចម្ងាយពីខ្ទមស្រែរបស់ខ្លួនប្រមាណជា២ម៉ែត្រ ហើយក៏បានត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ ទៅឃើញថា សពស្រី្តខាងលើនេះមិនមែនដេកស្លាប់នោះទេជាករណីឃាតកម្ម ព្រោះនៅលើរាងកាយសាកសព មានស្លាកស្នាមមុត និងជាំច្រើនកន្លែង ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចមានការសង្ស័យទៅលើបុរសជាប្តីជនរងគ្រោះខាងលើ រួចក៏នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីសាកសួរ និងស្រាវជ្រាវឃើញវត្ថុតាងបទល្មើសដែលជនសង្ស័យជាប្តីធ្វើសកម្មភាពវាយទៅលើប្រពន្ធរហូតដល់ស្លាប់ប្រាកដមែន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ម៉ា ណាច បានសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ប្រពន្ធខ្លួនឯងប្រាកដមែន ព្រោះមុនពេលកើតហេតុ ខ្លួនបានប្រាប់ ប្រពន្ធថា ឲ្យឈប់ផឹកស្រាបន្តទៀត តែប្រពន្ធមិនស្តាប់ ទើបធ្វើឲ្យខ្លួនខឹងខ្លាំងពេករហូតដល់ការប្រើអំពើហិង្សាតែម្តង ។
ជនសង្ស័យដៃដល់ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកគូលែនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ