រាជធានីភ្នំពេញ ៖ កំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីគល់ស្ពានអាកាស៧មករារហូតដល់មុខវត្តទឹកថ្លា ត្រូវបានក្រុមរថយន្តឈួលយកធ្វើជាកន្លែងឈប់ចាប់ម៉ូយយ៉ាងរញ៉េរញ៉ៃតាំងពីព្រលឹមទល់ព្រលប់ ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាអើពើ ឬមានវិធានការអ្វីឡើយ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីបានធ្វើការរិះគន់ត្រង់ៗថា សមត្ថកិច្ចចរាចរណ៍ និងអាជ្ញាធរខណ្ឌសែនសុខ ច្បាស់ជាត្រូវថ្នាំសណ្ដំរបស់ក្រុមរថយន្តឈ្នួលអស់នេះមិនខាន បើមិនដូច្នេះទេគ្មានរថយន្តឈ្នួលណាអាចឈប់នៅចញ្ចើមផ្លូវចាប់ម៉ូយបានយ៉ាងអនាធិបតេយ្យបែបនេះទេ ។
ប្រជាពលរដ្ឋបានធ្វើការរិះគន់ទៀតថា មហាវិថីសហព័ន្ធរុស្ស៊ីនេះជាផ្លូវដែលភ្ញៀវអន្តរជាតិជិះកាត់ច្រើនជាងគេ ព្រោះជាផ្លូវពីព្រលានយន្តហោះជិះចូលមកទីក្រុងភ្នំពេញ ប៉ុន្តែអាជ្ញាធរបែរជាធ្វើមិនដឹង ឬក៏យ៉ាងណាទេ បានជាបណ្តែតបណ្តោយឲ្យក្រុមរថយន្តឈ្នួលឈប់ចាប់ម៉ូយ រត់ចុះរត់ឡើង រញ៉េរញ៉ៃតាំងពីព្រលឹមទល់ព្រលប់បែបនេះ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបាត់បង់សោភ័ណភាពទីក្រុងអស់រលីង ពេលភ្ញៀវអន្តរជាតិទើបតែចុះពីយន្តហោះភ្លាមក៏ឃើញភាពរញ៉េរញ៉ៃបែបនេះភ្លាមបាត់ទៅហើយ ។
ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយលុបបំបាត់ភាពរញ៉េរញ៉ៃដែលតែងតែកើតមានពីការឈប់រថយន្តចាប់ម៉ូយតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីនេះផង ព្រោះផ្លូវនេះជាផ្លូវដែលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ច្រើនណាស់ ។
អ្នករត់តាក់ស៊ីម្នាក់សុំមិនបញ្ចេញឈ្មោះបានព្រលយឲ្យដឹងថា ការដែរពួកគាត់អាចរកស៊ីនៅតាមមហាវិថីនេះបាន គឺពួកគាត់ត្រូវបង់ឲ្យខាងប៉ូលិសចរាចរណ៍ដែលឈរជើងនៅគោលដៅនេះ៥ពាន់រៀល និងសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ៥ពាន់រៀល ទើបអាចឈប់ចាប់ម៉ូយតាមផ្លូវនេះបាន មិនមែនឈប់ចាប់ម៉ូយស្រួលៗនោះទេ ៕
ចែករំលែកព័តមាននេះ