ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីត្រូវបាននគរបាលស្រុកឧដុង្គឃាត់ខ្លួនភ្លាមៗ ខណៈប្រពន្ធហៅឱ្យទៅហូបបាយ និងខឹងប្រពន្ធជេរម្តាយទប់កំហឹងមិនបានស្ទុះទៅទាញយកកូនកាំបិតគប់ចំកំប៉េះគូទរងរបួស កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៤ តុលា ២០១៥ ស្ថិតក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកឧដុង្គ ។
បុរសជាប្តីដែលនគរបាលឃាត់ខ្លួនខាងលើនេះ ឈ្មោះ យ៉ាត យឿង អាយុ៣៧ឆ្នាំ ជាកម្មករលីសែងឈើ មានស្រុកកំណើតភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកឧដុង្គ ស្នាក់នៅជាមួយប្រពន្ធក្នុងភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ឃុន រីន អាយុ៣៦ឆ្នាំ ជាមេផ្ទះ រស់នៅក្នុងភូមិកើតហេតុខាងលើ រងរបួសកំប៉េះគូទខាងឆ្វេងដេរ២ថ្នេរ បានត្រូវសាច់ញាតិបញ្ជូនមកមន្ទីរពេទ្យ ។
មន្ត្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានទៅឈរមើលគេលេងបៀរនៅក្នុងភូមិហើយដល់ពេលហូបបាយប្រពន្ធក៏ទៅតាមហៅមិនចង់មកទេ ដោយដើរមកផ្ទះបណ្តើរពួកគេទាំង២នាក់ប្តីប្រពន្ធឈ្លោះប្រកែកគ្នាបណ្តើរ ហើយប្រពន្ធជេរម្តាយពេលមកដល់ផ្ទះធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំងក៏ទាញកូនកាំបិតចុងស្រួច គប់ទៅលើប្រពន្ធត្រូវចំកំប៉េះគូទខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកកំពង់ស្ពឺ ភ្លាមៗនោះបុរសជាប្តីត្រូវបាននគរបាលចាប់ឃាត់ខ្លួនយកមកសួរនាំ ។
បុរសដៃដល់ជាប្តី ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមផ្លួវច្បាប់ ៕
ចែករំលែកព័តមាននេះ