រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះទីតាំងខារ៉ាអូខេចំនួន៤កន្លែងក្រោយមានជម្លោះជេរបញ្ចោរ និងវាយតប់គ្នាបែបអនាធិបតេយ្យកាលពីយប់មិញនាំឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ដែលបានហៅទៅប្រជុំណែនាំជាបន្តបន្ទាប់នាពេលកន្លងមក ។ ការចុះបិទខារ៉ាអូខេនោះបានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៥ តុលា ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខារ៉ាអូខេទាំង៤ទីតាំងដែលត្រូវបានចុះទៅបិទទ្វារនោះមាន ១-យីហោ ញូវស្កាយ (New Sky KTV), ២-យីហោ អង្គរ ខ្មែរ (Angkor Khmer KTV), ៣-យីហោ សប្បាយ រាត្រី (Sabay Reatry KTV) និង៤-យីហោ ប៊្លូ ថោន (Blue Town KTV) ដែលការចុះបិទនេះគឺព្រោះតែហាងខារ៉ាអូខេទាំង៤ខាងលើបានបង្កជម្លោះ ជេរបញ្ចោរ និងវាយតប់គ្នាបែបអនាធិបតេយ្យ នាំឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម មិនបានគិតគូរពីការរស់នៅរបស់អ្នកជិតខាង ជាពិសេសមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ដែលបានហៅទៅប្រជុំ អប់រំ ណែនាំជាបន្តបន្ទាប់កាលពីពេលកន្លងមក ។
ប្រភពដដែលបានបន្តថា ទំនាស់រហូតឈានដល់ការជេរបញ្ចោរ ប្រមាថ វាយតប់គ្នាបង្កឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ ផ្ដើមចេញពីការដណ្ដើមម៉ូយគ្នាកាលពីយប់ថ្ងៃទី៤ តុលា ២០១៥ ដែលបានបង្កឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាចគ្រប់ៗគ្នា ។ ម្យ៉ាងហាងទាំងនោះបានស្ថិតនៅជាប់គ្នារដឹក ប៉ុន្តែមិនចេះសាមគ្គីគ្នាទេ តែងតែបង្ករឿង ពាក់មុខយក្សដាក់គ្នា រកស៊ីកាច់កុងគ្នាស្ទើរតែរាល់យប់តែម្ដង ហើយដោយសារមានទំនាស់បែបនេះ ទើបគណៈបញ្ជាការឯកភាពខណ្ឌសម្រេចចុះបិទ និងដកហូតសម្ភារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងការបម្រើការឲ្យហាងខាងលើ ដូចជាឧបករណ៍ខារ៉ាអូរខេជាដើមយកទៅរក្សាទុកនៅសាលាខណ្ឌ ហើយមិនទាន់ដឹងថា ប្រគល់ឲ្យវិញនៅពេលណា និងអនុញ្ញាតឲ្យដំណើរការវិញនៅពេលណាឡើយ ៕
ចែករំលែកព័តមាននេះ