ខេត្តបាត់ដំបង ៖ ជនប្រដាប់អាវុធ២នាក់បានចូលប្លន់ផ្ទះវីងវេរលុយមួយកន្លែង កាលពីវេលាម៉ោង០៧ និង១០នាទីយប់ថ្ងៃទី២៨កញ្ញា ២០១៥ ស្ថិតនៅក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ដែលមានម្ចាស់ផ្ទះឈ្មោះសឿន រដ្ឋធី អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះរ៉ែម ម៉ារ៉ា អាយុ៣៤ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងអាកា១ដើម និងកាំភ្លើងខ្លី១ដើម ។ ពួកគេបានចូលទៅភ្ជង់ប្រពន្ធ លុះប្ដីស្ទុះចូលទៅក្នុងផ្ទះ ក៏ត្រូវពួកគេលើកកាំភ្លើងភ្ជង់ទៀត ហើយវាយប្ដីចំក្បាល បណ្ដាលឱ្យរងរបួស ។ ក្រុមចោរបានរើកកាយប្លន់យកទ្រព្យសម្បត្តិអស់លុយ១.៥លានរៀល, ប្រាក់ថៃ១៦០០០បាត, ប្រាក់ដុល្លារ២០០ដុល្លារ និងកងដៃ១ជី។
ក្រោយពីប្លន់បាន ពួកចោរបានគេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់ ។ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងសួរនាំជនរងគ្រោះ និងសាក្សីនានា តែមិនទាន់មានតម្រុយអំពីមុខសញ្ញាជនសង្ស័យនៅឡើយទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ